សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារពិភពលោកព្រមានកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៤ នឹងបន្តលូតលាស់យឺតយ៉ាវ
12, Jan 2024 , 7:59 am        
រូបភាព
មនុស្សម្នាដើរកាត់ផ្លូវមួយកន្លែងនៅតូក្យូ ។ រូបភាព ៖ AFP
មនុស្សម្នាដើរកាត់ផ្លូវមួយកន្លែងនៅតូក្យូ ។ រូបភាព ៖ AFP
ធនាគារពិភពលោកព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនៅឆ្នាំនេះអាចកើនឡើងត្រឹមតែ ២,៤ភាគរយ ដែលនេះជាឆ្នាំទីបីជាប់ៗគ្នានៃកំណើនសេដ្ឋកិច្ចពិភពលោកមានការលូតលាស់យឺតយ៉ាវ។

 
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (WB) ទើបចេញផ្សាយនៅថ្ងៃទី៩ ខែមករាបានព្យាករថា GDP សកលនៅឆ្នាំ ២០២៤ អាចកើនឡើងត្រឹម២,៤ភាគរយ ខណៈឆ្នាំ២០២៣ កើនដល់​ ៣ភាគរយ។ នេះជាកំណើនដែលទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩ ប្រសិនបើការធ្លាក់ចុះដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នា២០២០ មិនត្រូវបានរាប់បញ្ចូល។
 
GDP អាម៉េរិកត្រូវព្យាករថានឹងកើនឡើង ១,៦ភាគរយនៅឆ្នាំនេះ បន្ទាប់ពីឡើងដល់ ២,៥ភាគរយនៅឆ្នាំ ២០២៣។ ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកដោយសារតែការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈដែលការសន្សំរបស់ប្រជាជនអាម៉េរិកមានការថយចុះ។
 
ទន្ទឹមនេះ តំបន់ចាយប្រាក់អឺរ៉ូមានភាពអាប់អួរជាងមុន ជាមួយនឹងកំណើននៅឆ្នាំនេះដែលត្រូវបានព្យាករនៅកម្រិត ០,៧ភាគរយ បន្ទាប់ពីតម្លៃថាមពលខ្ពស់នាំឱ្យកំណើនត្រឹមតែ ០,៤ភាគរយក្នុងឆ្នាំ២០២៣។ ទស្សនវិស័យជុំវិញការខ្ចីប្រាក់នៅតំបន់នេះ កាន់តែមានភាពតឹងតែង ដែលវាអាក្រក់ជាងការព្យាករដែលផ្តល់ដោយធនាគារពិភពលោកកាលពីកណ្តាលឆ្នាំមុនទៅទៀត។
 
លើសពីនេះ កំណើនសេដ្ឋកិច្ចរបស់ចិនក៏អាចធ្លាក់ចុះដល់៤,៥ភាគរយក្នុងឆ្នាំ២០២៤ ដែលជាអត្រាយឺតបំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍មកនេះ ដោយមិនរាប់បញ្ចូលឆ្នាំដែលរងផលប៉ះពាល់ដោយកូវីដ-១៩។ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកប្រឈមនឹងការចំណាយរបស់អ្នកប្រើប្រាស់ខ្សោយ និងការបន្តអស្ថិរភាពក្នុងវិស័យអចលនទ្រព្យ ព្រមទាំងបញ្ហារយៈពេលវែងដូចជាការកើនឡើងចំនួនប្រជាជនវ័យចំណាស់ជាដើម។ 
 
ចំណែកក្រុមប្រទេសរីកចម្រើនថ្មី និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍត្រូវបានព្យាករថានឹងកើនឡើង ៣,៩ភាគរយនៅឆ្នាំ២០២៤ ធ្លាក់ចុះពី៤ភាគរយកាលពីឆ្នាំមុន។ ធនាគារពិភពលោកស្នើរមធ្យាបាយដើម្បីជំរុញកំណើន ជាពិសេសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ ប្រទេសរីកចម្រើនថ្មីៗ និងកំពុងអភិវឌ្ឍនកំពុងពន្លឿនការវិនិយោគប្រចាំឆ្នាំប្រមាណ ២៤០០ពាន់លានដុល្លារ ដើម្បីផ្លាស់ប្តូរទៅជាថាមពលស្អាត និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
 
លោក Indermit Gill ប្រមុខសេដ្ឋវិទូនៃធនាគារពិភពលោកបានវាយតម្លៃថា កំណើនពិភពលោកក្នុងរយៈពេលខ្លីនឹងនៅតែខ្សោយ។ ការណ៍នេះធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រទេសក្រីក្របំផុត ជាប់គាំងក្នុងអន្ទាក់បំណុល។ នៅចុងឆ្នាំ២០២៤ គេរំពឹងថាប្រជាជនប្រមាណ ២៥ភាគរយនៅប្រទេសកំពុងអភិវឌ្ឍន៍ និង ៤០ភាគរយនៃប្រទេសដែលមានប្រាក់ចំណូលទាបនឹងមានភាពក្រីក្រជាងឆ្នាំ២០១៩ មុនពេលការរាលដាលជំងឺ-១៩ ទៅទៀត។
 
ចំណែកឯនៅឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថានឹងប្រសើរឡើងដល់ ២,៧ភាគរយ។ យ៉ាងមិញ ចំនួននេះក៏បានថយចុះផងដែរបើធៀបទៅនឹងកម្រិត ៣ភាគរយដែលបានផ្តល់ឱ្យកាលពីខែមិថុនា ឆ្នាំ២០២៣៕ 

Tag:
 ពិភពលោក
  សេដ្ឋកិច្ច
  WB
© រក្សាសិទ្ធិដោយ thmeythmey.com