FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាមអតីតគ្រូហូឡង់ Overmars ពីបាល់ទាត់ ជុំវិញករណីបៀតបៀនស្ត្រី
11, Jan 2024 , 5:21 pm        
រូបភាព
អតីតខ្សែបម្រើស្លាបក្រុមជម្រើសជាតិហូឡង់ Marc Overmars ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្តដាក់ការហាមឃាត់ សម្រាប់ការកាន់តំណែងផ្សេងៗក្នុងកីឡាបាល់ទាត់ទាំងក្នុងប្រទេសហូឡង់ រហូតដល់កម្រិតសកលតែម្តង ជុំវិញអាកប្បកិរិយា និងប្រើប្រាស់សម្តីមិនសមរម្យទៅកាន់ក្រុមការងាជាស្រ្តី។



សមាគមបាល់ទាត់ហូឡង់ (KNVB) បានបញ្ជាក់ពីរបាយការណ៍នៅក្នុងកាសែតហូឡង់ NRC ដែលបានស្រង់សម្តីរបស់ FIFA ថាពួកគេបានទទួលយកការព្យួរដែលដាក់លើលោក Overmars នៅប្រទេសហូឡង់កាលពីចុងឆ្នាំមុន។
 
បុរសវ័យ ៥០ឆ្នាំ បានលាលែងពីតំណែងអ្នកចាត់ការ​ Ajax Amsterdam ក្នុងឆ្នាំ ២០២២ ព្រោះតែអាកប្បកិរិយាដែលមិនអាចទទួលយក ព្រមតាំងសម្តី លាយឡំនឹងរូបភាពមិនសមរម្យ លើក្រុមការងារដែលជាស្ត្រីនៅក្នុងក្លិប។
 
បើតាមសាលាក្តីកីឡាឯករាជ្យកាលពីឆ្នាំមុន បានហាមឃាត់លោក Overmars ពីមុនតំណែងដែលលោកកាន់កាប់នៅក្នុងកីឡាបាល់ទាត់ប្រទេសហូឡង់សម្រាប់រយៈពេល ២ឆ្នាំ ហើយមកដល់ពេលនេះបម្រាមហាមឃាត់អនុវត្តបានពេល ១ឆ្នាំហើយ។ កាលពីពេលថ្មីៗនេះ KNVB បានស្នើឱ្យ FIFA បង្វែរការព្យួរពីក្នុងស្រុក រហូតដល់កម្រិតសលកតែម្តង។
 
«FIFA អាចបញ្ជាក់បានថា បន្ទាប់ពីការស្នើសុំរបស់ KNVB គណៈកម្មាធិការវិន័យរបស់ FIFA បានសម្រេចពន្យាពេលការដាក់ទណ្ឌកម្មដែលដាក់ដោយ KNVB លើលោក Marc Overmars ដើម្បីឱ្យមានឥទ្ធិពលទូទាំងពិភពលោក។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
 
លោក Overmars អំឡុងជាកីឡាករលោកបានបង្ហាញខ្លួនចំនួន ១៣០ប្រកួត សម្រាប់ក្រុម Ajax ចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ ដោយលោកក៏បានឈ្នះពានរង្វាន់លីគកំពូលហូឡង់ចំនួន ៣លើក, Dutch Cup ១លើក និង Champions League ១លើក មុនពេលលោកផ្លាស់ទៅក្រុមអង់គ្លេស Arsenal ដោយឈ្នះពានលីគចំនួន ២។
 
ដោយឡែកសម្រាប់សមាគម KNVB ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា ៖«យើងមានកាតព្វកិច្ចរាយការណ៍ដាក់ទណ្ឌកម្មនេះទៅគណៈកម្មាធិការវិន័យរបស់ FIFA […] ដែលបានសម្រេចទទួលយកការព្យួរនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។»៕

Tag:
 FIFA
  Marc Overmarc
© រក្សាសិទ្ធិដោយ thmeythmey.com