ជាតិ
សម្ដេច ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប
12, Jan 2024 , 9:39 am        
រូបភាព
លោក ខេង យ័ន អភិបាលក្រុងកែប ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចបញ្ចប់តំណែង ក្រោមហេតុផលថា បុគ្គលរូបនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ។ រូបពីហ្វេសប៊ុកលោក ខេន យ័ន។
លោក ខេង យ័ន អភិបាលក្រុងកែប ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចបញ្ចប់តំណែង ក្រោមហេតុផលថា បុគ្គលរូបនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ។ រូបពីហ្វេសប៊ុកលោក ខេន យ័ន។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលនៃគណៈអភិបាលក្រុងកែប ខេត្តកែប។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

 
«ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន»។ នេះជាសាររបស់សម្ដេច ហ៊ុន ម៉ាណែត នៅលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយលិខិតបញ្ចប់មុខតំណែងលោក ខេង យ័ន នាថ្ងៃទី១២ មករានេះ។
 
ប្រមុខរដ្ឋាភិបាល ក៏បានផ្ញើរសាររម្លឹកទៅកាន់មន្ត្រីដទៃ ឱ្យបំពេញភារកិច្ច តាមតួនាទីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពី អភិក្រមទី៥ «វះកាត់» នេះ។ សម្ដេច បានបន្ថែមដូច្នេះ៖«ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥»។ 
 
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន។ នេះបើតាមនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី២ មករា លោក ខេង យ័ន អភិបាលក្រុងកែប និងលោក អ៊ិន ហ៊ុន នាយករដ្ឋបាលក្រុងកែប ត្រូវបានមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន អំឡុងពេលដឹកនាំកិច្ចប្រជុំ នៅសាលាក្រុងកែប។ ក្រោយសាកសួររួចហើយ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចដោះលែងអ្នកទាំងពីរវិញ ។
 
លោក ខេង យ័ន ឋានន្តរស័ក ថ្នាក់លេខ ២ ត្រូវបានតែងតាំងជាអភិបាលនៃគណអភិបាល ក្រុងកែប  ជំនួសលោកស្រី ទឹត្យ សុខា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្ត កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២២ ៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com