កីឡាអន្តរជាតិ
អន្តរជាតិ
ទីផ្សារដោះដូរខែមករា៖ Dier ទៅ Bayern, Spurs យកបាន Dragusin ឯ Sancho ត្រឡប់ទៅ Dortmund
12, Jan 2024 , 1:57 pm        
រូបភាព
ខ្សែការពារ Eric Dier បានសម្រេចការផ្ទេរពី Tottenham Hotspur ទៅ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើង និងឈានដល់ទិញដាច់។ របូតខ្សែការពារម្នាក់ តែ Spure យកបានខ្សែការពារថ្មី Radu Dragusin ពី Genoa ជំនួសវិញ។ Jadon Sancho ត្រូវបាន Manchester United អនុញ្ញាតឱ្យ Borussia Dortmund ខ្ចីវិញ។



ទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំរដូវកាល២០២៣-២៤ បានបើកដំណើរការតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ បើកដំណើរការបាន១០ថ្ងៃ មានក្លិបមួយចំនួនបានទិញចូលលក់ចេញ និងខ្លីកីឡាកររៀងៗខ្លួន។
 
ការផ្លាស់ប្តូរកីឡាករដ៏គួរចាប់អារម្មណ៍ មានការផ្ទេរចេញរបស់ខ្សែការពារ Dier ពី Spure ទៅឱ្យ Bayern Munich ខ្ចី និងអាចទិញដាច់តែម្តង ស្របពេលខ្សែការពារអង់គ្លេសវ័យ២៩ឆ្នាំរូបនេះ មិនស្ថិតក្នុងតម្រូវការរបស់អ្នកចាត់ការលោក Ange Postecoglou។ Dier បង្ហាញខ្លួនតែ៤ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ ដោយអ្នកចាត់ការសញ្ជាតិអូស្ត្រាលី ដាក់ឱ្យ Emerson Royal លេងក្នុងតំណែងការពារកណ្តាលជំនួសវិញ។
 
អនុញ្ញាតឱ្យ Dier ចាកចេញ ប៉ុន្តែ ក្រុមរហស្សនាមមាន់ខ្នាយមាស បានទិញយក Dragusin ពី Genoa នៃលីគកំពូលអ៊ីតាលី ជំនួសវិញ ក្នុងតម្លៃ ៣១លានដុល្លារ។ ខ្សែការពារអន្តរជាតិរ៉ូម៉ានីរូបនេះ ក៏ស្ថិតក្នុងការចង់បានរបស់ Bayern Munich ផងដែរ។
 
រុះរើតំបន់ការពារ អ្នកចាត់ការ Postecoglou ក៏បានខ្ចី Timo Werner អតីតខ្សែប្រយុទ្ធ Chelsea ពី RB Leipzig នៃលីគកំពូលអាល្លឺម៉ង់បន្ថែមទៀត។ កីឡាករអាល្លឺម៉ង់រូបនេះ ទំនងមកជំនួស Son Heung-min ដែលជាប់ភារកិច្ចជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅ Asian Cup។
 
ដោយឡែក Jadon Sancho ឯណោះវិញ ក្រោយរកាំរកូសជាមួយអ្នកចាត់ការទូទៅ Man Utd លោក Erik ten Hag ទីបំផុតត្រូវបានបញ្ចេញត្រឡប់ទៅក្រុម Dortmund វិញ ក្នុងលក្ខខណ្ឌខ្ចី។ បិសាចក្រហមបានទិញខ្សែបម្រើអង់គ្លេសវ័យ២៣ឆ្នាំរូបនេះពី Dortmund កាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៩៣លានដុល្លារ។ រយៈពេលជិត៣ឆ្នាំ Sancho បង្ហាញខ្លួន៨២ប្រកួត ស៊ុតបញ្ចូលទី១២គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូសម្រេចទី៦លើក។
 
ក្រៅពី Sancho បិសាចក្រហមក៏អនុញ្ជាតឱ្យ Donny van de Beek ទៅក្រុម Eintracht Frankfurt របស់អាល្លឺម៉ង់ខ្ចី អំឡុងទីផ្សារដោះដូរខែមករានេះផងដែរ៕

Tag:
 Tottenham Hotspur
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com