កីឡាអន្តរជាតិ
អន្តរជាតិ
បើកឆាក Asian Cup ៖ ម្ចាស់ផ្ទះកាតា ស្វាគមន៍លីបង់
12, Jan 2024 , 4:59 pm        
រូបភាព
ជំនួបបើកឆាកព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2023 ម្ចាស់ផ្ទះកាតា ត្រូវបើកទ្វារកីឡដ្ឋានដ៏ធំប្រចាំប្រទេស Lusail ស្វាគមន៍ក្រុមភ្ញៀវលីបង់ នៅក្នុងជំនួបពូល A យប់ថ្ងៃទី១២ ខែមករា វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។


ម្ចាស់ផ្ទះកាតាធ្លាប់ជាក្រុមគ្រងតំណែងជើងឯក អំឡុងឆ្នាំ ២០១៩ កាលនោះបានយកឈ្នះលើក្រុមម្ចាស់ពាន ៤សម័យជប៉ុន លទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងនាមជាម្ចាស់ផ្ទះផ្ទាល់សម្រាប់ព្រឹត្តិការណ៍លើកនេះ កាតា បានដាក់គោលដៅគ្រងតំណែងជើងឯកជាថ្មី។
 
កាលពីឆ្នាំ ២០១៩ ដដែល​ កាតា ធ្លាប់ជួបជាមួយនឹងក្រុមលីបង់ ថែមទាំងយកឈ្នះលទ្ធផល ២-០ នៅក្នុងការប្រកួតវគ្គចែកពូល អំឡុងការប្រកួតនៅប្រទេសអេម៊ីរ៉ាត់អារ៉ាប់រួម។ ប្រវតិ្តជួបគ្នាចំនួន ១៣លើក របស់ក្រុមទាំងពីរនេះ គឺលីបង់មិនមានប្រវត្តិឈ្នះកាតាម្តងណាឡើយ ដោយក្នុងចំណោមនោះ ១០លើក ចាញ់ និងស្មើ ៣លើក។



បើតាមសម្តីលោក Marquez Lopez គ្រូបង្វឹកក្រុមកាតា មុនការប្រកួតបើកឆាកមកដល់ កូនក្រុមមានការហ្វឹកហាត់ខ្លាំង និងត្រៀមលក្ខណៈបានយ៉ាងល្អ ដើម្បីការពារតំណែងរបស់ខ្លួន ដែលធ្លាប់គ្រងកាលពីឆ្នាំ ២០១៩។ 
 
«យើងបានឆ្លងកាត់ការរៀបចំយ៉ាងទូលំទូលាយ ហើយប្រាកដណាស់​វាមិនមែនជាកិច្ចការងាយស្រួលនោះទេ ជាពិសេសជាមួយនឹងពេលវេលាកំណត់។​ ខ្ញុំបានបញ្ជារឱ្យហ្វឹកហាត់រាល់សប្តាហ៍នៅក្នុងខែធ្នូ កន្លងទៅ បើទោះជាមានពេលវេលាខ្លីបែបណាក៏ដោយ […] ការដឹកនាំក្រុមកាលពីឆ្នាំ ២០១៩ គឺជារឿងដែលខ្ញុំមានកិត្តិយសខ្លាំងបំផុត ហើយមកដល់ពេលនេះយើងមានគោលដៅគឺទៅកាន់វគ្គផ្តាច់ព្រ័ត្រជាថ្មី។»។ លោក Lopez បាននិយាយមុនការប្រកួតបែបនេះ។
 
ជាការប្រកួតរយៈពេល ៤ឆ្នាំម្តង ដូចទៅនឹងពានរង្វាន់លំដាប់ពិភពលោក Asian Cup បង្ហាញខ្លួនលើទឹកដីប្រទេសកាតា បន្ទាប់ពីប្រទេសនេះ រៀបចំការប្រកួត World Cup 2022 រួច។
 
កីឡដ្ឋាន Lusail ផ្ទុកមនុស្សបាន ៨៨,០០០នាក់ ត្រៀមរៀបចំការប្រកួតបើកឆាក រវាងម្ចាស់ផ្ទះកាត និងលីបង់ ក៏ធ្លាប់ជាទីកន្លែងដែលបំពេញក្តីស្រម៉ៃរបស់ក្រុមអាហ្សង់ទីន សម្រាប់ការឈ្នះពានរង្វាន់ពិភពលោក World Cup ក្រោយតាមប្រម៉ាញ់រយៈពេល ៣៦ឆ្នាំ៕

Tag:
 Asian Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com