អន្តរជាតិ
លិខិតឆ្លងដែនកម្ពុជាមានឥទ្ធិពលនៅលំដាប់៨៦ នាំមុខវៀតណាម ឡាវ និងមីយ៉ាន់ម៉ា
12, Jan 2024 , 8:59 pm        
រូបភាព
លិខិតឆ្លងដែនកម្ពុជា។ រូបភាព Uth Raksmey
លិខិតឆ្លងដែនកម្ពុជា។ រូបភាព Uth Raksmey
នៅក្នុងឆ្នាំ២០២៤លិខិតឆ្លងដែនកម្ពុជាមានឥទ្ធិពលនៅលំដាប់ទី៨៦ ដោយឡើងពីចំណាត់ថ្នាក់ ៨៩ នៅក្នុងឆ្នាំ២០២៣។ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ លិខិតឆ្លងដែនកម្ពុជាមានឥទ្ធិពល នាំមុខវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ខណៈសិង្ហបុរីឈរនៅលំដាប់ទីមួយ។

 
បើតាមសន្ទស្សន៍លិខិតឆ្លងដែន Henley នៅក្នុងឆ្នាំ២០២៤ លិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេគឺ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សិង្ហបុរី និងអេស្ប៉ាញ។ ប្រជាជនបណ្តាប្រទេសទាំងនេះ អាចធ្វើដំណើរទៅប្រទេស និងតំបន់ បាន១៩៤ ដោយគ្មានទិដ្ឋាការ។ 
 
ចំណែកកម្ពុជា ដែលឈរនៅលំដាប់ទី៨៩ ឆ្នាំ២០២៣ បានឡើងមកលំដាប់ទី៨៦ ហើយប្រជាជនកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេស និងតំបន់ចំនួន ៥៦ដោយគ្មានទិដ្ឋាការ។ បើធៀបនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ លិខិតឆ្លងដែនកម្ពុជានាំមុខវៀតណាម ស្ថិតនៅលំដាប់៨៧ ឡាវលេខរៀង៩០ និងមីយ៉ាន់ម៉ាទី ៩២។ 
 
ចំណែកលិខិតឆ្លងដែនម៉ាឡេស៊ី ស្ថិតនៅលំដាប់ទី១២, ព្រុយណេទី២០, ទីម័រខាងកើតលេខ ៥៦, ថៃទី៦៣, ឥណ្ឌូណេស៊ីនៅលំដាប់៦៦ និង ហ្វីលីពីនទី៧៣។ 
 
សូមបញ្ជាក់ថា ទិន្នន័យខាងលើ ត្រូវបានសន្ទស្សន៍លិខិតឆ្លងដែន Henley ដែលផ្តើមការងារនៅក្នុងឆ្នាំ២០០៦ ប្រមូលពីអាជ្ញាធរដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ​ (IATA)។ ក្នុងចំណាត់ថ្នាក់ខាងលើ Henley បានបញ្ចូលលិខិតឆ្លងដែនចំនួន ១៩៩ផ្សេងៗគ្នា និងគោលដៅធ្វើដំណើរចំនួន ២២៧កន្លែង៕

Tag:
 កម្ពុជា
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com