អន្តរជាតិ
ទំហំពាណិជ្ជកម្មចិន និងរុស្ស៊ី កើនដល់ ២៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣
12, Jan 2024 , 5:59 pm        
រូបភាព
រូបភាព xinhua
រូបភាព xinhua
ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី នៅក្នុងឆ្នាំ២០២៣ បានកើនដល់ ២៤០ពាន់លានដុល្លារ ស្របពេលសង្រ្គាមនៅអ៊ុយក្រែន នៅតែបន្ត។ នេះបើតាមទិន្នន័យរបស់គយចិន ចេញនៅថ្ងៃទី១២ ខែមករា។

 
ខណៈរងទណ្ឌកម្មដ៏ច្រើនពីសំណាក់ប្រទេសលោកខាងលិច ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ទំហំពាណិជ្ជកម្មរបស់រុស្ស៊ី ជាមួយចិន បានកើនឡើងយ៉ាងខ្លាំង។ កន្លងមក ក្រុងមូស្គូ បានបង្កើនការទិញទំនិញពីចិន ដូចជាទូរសព្ទដៃ រថយន្ត និងសម្ភារផ្សេងទៀត។ ចំណែកចិន បានទិញប្រេងឆៅពីរុស្ស៊ី ជាច្រើន ក្នុងតម្លៃថោកៗ។ 
 
តាមទិន្នន័យរបស់រដ្ឋបាលគយចិនត្រូវបានបញ្ចេញនៅក្នុងថ្ងៃទី១២ ខែមករា ទំហំពាណិជ្ជកម្មរុស្ស៊ី-ចិន បានកើនដល់ ២៤០,១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដោយកើនឡើងប្រមាណ ២៦,៣ភាគរយ បើធៀបនឹងឆ្នាំ២០២២។ 
 
ក្នុងឆ្នាំ២០២៣ ការនាំចេញរបស់ចិនទៅរុស្ស៊ី បានកើនឡើង ៤៦,៩ភាគរយ​ បើធៀបនឹងឆ្នាំ២០២២ ហើយកើនឡើងរហូតដល់ ៦៤,២ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ចំណែកការនាំចូលរបស់ចិនពីរុស្ស៊ីកើនដល់ ១៣ភាគរយ នៅក្នុងឆ្នាំ២០២៣។ 
 
តាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Alexander Novak នៅចុងខែធ្នូ​កន្លងទៅ ការនាំចេញប្រេងរបស់រុស្ស៊ីពាក់កណ្តាល គឺទៅចិន។ ជាការពិត ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ចិន និងឥណ្ឌា បានបង្កើនការទិញប្រេងពីរុស្ស៊ីយ៉ាងខ្លាំង ដោយសារតែវាមានតម្លៃទាប។ យ៉ាងណាមិញ រដ្ឋបាលគយចិន មិនបានបញ្ចេញទិន្នន័យការនាំចូលប្រេងពីរុស្ស៊ី នៅក្នុងខែធ្នូឡើយ។ 
 
លោក Zhang Hanhui អគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន RIA នៅថ្ងៃទី១៩ ខែធ្នូ រដ្ឋាភិបាលក្រុងប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលជាមួយក្រុងមូស្គូ៕ 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com