អន្តរជាតិ
ការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ចាប់ផ្ដើមខណៈមានការឃ្លាំមើលពីចិនយ៉ាង ប្រកៀក
13, Jan 2024 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ការបោះឆ្នោតសម្រាប់ជ្រើសរើសប្រធានាធិបតី និងសភាថ្មីសម្រាប់កោះតៃវ៉ាន់ត្រូវបានរៀបចំ ឡើងនៅថ្ងៃទី១៣ ខែមករា ដែលជាការបោះឆ្នោតដែលចិនរិះគន់ថា ការជ្រើសរើសរវាង សង្គ្រាម និងសន្តិភាព។ នៅថ្ងៃបោះឆ្នោតនេះផងដែរ តៃវ៉ាន់ក៏សង្កេតឃើញមានបាឡុងចិន ហោះចូលចក្រសមុទ្រតៃវ៉ាន់សាជាថ្មីម្ដងទៀតដែលបង្ហាញពីការដាក់សម្ពាធ និងការគំរាម កំហែងដល់កោះមួយនេះ។

 
គណបក្សបក្ស​ប្រជាធិបតេយ្យ​ជឿនលឿនកំពុងកាន់អំណាច (DPP) កំពុងស្វែងរកអាណត្តិទីបីជាមួយ បេក្ខជនឈរឈ្មោះរបស់បក្សគឺ លោក William Lai។ ប្រធានាធិបតី តៃវ៉ាន់​លោកស្រី Tsai Ing-wen តាមច្បាប់មនុញ្ញ​មិនអាច​ឈរ​ឈ្មោះ​ជា​ថ្មី​ម្តង​ទៀតឡើយ ​បន្ទាប់​ពី​កាន់​តំណែងបាន​ពីរ​អាណត្តិ។
 
«រាល់ការបោះឆ្នោតគឺមានតម្លៃ ព្រោះនេះគឺជាលទ្ធិប្រជាធិបតេយ្យដែលពិបាករកបានរបស់ តៃវ៉ាន់»។ លោក William សង្កត់ធ្ងន់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយទៅអ្នកសារព័ត៌មាន នៅទីក្រុងភាគខាងត្បូង Tainan មុននឹងការបោះឆ្នោតដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូល រួមបោះសន្លឹកឆ្នោតរបស់ពួកគេ។
 
លោក Lai កំពុងប្រឈមមុខនឹងគូប្រជែងពីរសម្រាប់តំណែងប្រធានាធិបតីគឺ លោក Hou Yu-ih នៃគណបក្សប្រឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់បក្ស Kuomintang (KMT) និងអតីតអភិបាល ក្រុងតៃប៉ិលោក Ko Wen-je នៃគណបក្សប្រជាជនតៃវ៉ាន់តូច (TPP) ដែលទើបតែបង្កើត ឡើងក្នុងឆ្នាំ ២០១៩ ។
 
លោក Hou ចង់ចាប់ផ្តើមការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយក្រុងប៉េកាំង ដោយចាប់ផ្តើមពី ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយធ្លាប់រិះគន់លោក Lai ដែលគាំទ្រឯករាជ្យភាព ផ្លូវការរបស់តៃវ៉ាន់។ យ៉ាងណាមិញ លោក Hou បដិសេដការលើកឡើងរបស់លោក Lai ដែល ថាលោកជាអ្នកគាំទ្រក្រុងប៉េកាំង។
 
ឯលោក Ko បានទទួលការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតវ័យ ក្មេង សម្រាប់បញ្ហានៃការរស់នៅដូចជាតម្លៃផ្ទះខ្ពស់ជាដើម។ លោកក៏ចង់ភ្ជាប់ទំនាក់ទំនង ជាមួយចិនឡើងវិញដែរ ប៉ុន្តែបញ្ជាក់ថា មិនអាចកើតឡើងដោយដោះដូរជាមួយការពារ លទ្ធិប្រជាធិបតេយ្យ និងរបៀបរស់នៅរបស់តៃវ៉ាន់នោះទេ។
 
ការបោះឆ្នោតសភាមានសារសំខាន់ដូចគ្នា ជាពិសេសប្រសិនបើគណបក្សទាំងបីមិនអាច ទទួលបានសំឡេងភាគច្រើននោះទេ អាចរារាំងសមត្ថភាពរបស់ប្រធានាធិបតីថ្មីក្នុងការអនុម័ត ច្បាប់ និងការចំណាយ ជាពិសេសសម្រាប់វិស័យការពារជាតិ។ ការ​បោះឆ្នោត​បើក​រយៈពេល ៨ ម៉ោង និង​បិទ​នៅ​ម៉ោង ៤ រសៀលតៃវ៉ាន់ (ម៉ោង ៣ រសៀលតំបន់ឥណ្ឌូចិន) ជាមួយនឹង ការរាប់សន្លឹកឆ្នោតដោយដៃ និងរំពឹងសម្រេចជាលទ្ធផលនៅល្ងាចនេះផ្ទាល់។
 
ស្របពេលជាមួយគ្នានេះផងដែរ​ ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា ខ្លួនបានឃើញ បាឡុងចិនម្តងទៀតឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបដែលមួយក្នុងចំណោមនោះបានហោះពីលើកោះតៃវ៉ាន់។ ក្រសួងបានថ្កោលទោសចិនថា ជាសង្គ្រាមចិត្តសាស្ត្រ និងការគំរាមកំហែង ដល់សុវត្ថិភាពអាកាសចរណ៍ចំពោះការបញ្ជូនបាឡុងឥតឈប់ឈរនៅច្រកសមុទ្រតាំងពីខែ មុន។
 
គួរបញ្ជាក់ថា មនុស្សប្រហែល ១៩,៥ លាននាក់បានចុះឈ្មោះបោះឆ្នោត ហើយអ្នកឃ្លាំងមើល សម្គាល់ថាមនុស្សជាច្រើនបានចេញទៅមុនកាលកំណត់។ ជួរធំៗត្រូវបានរាយការណ៍នៅ ការិយាល័យបោះឆ្នោត ខណៈក្រុមហ៊ុនរថភ្លើងតៃវ៉ាន់បង្ហាញថា សំបុត្រចំនួន ៧៥៨,០០០ ត្រូវបានលក់កាលពីថ្ងៃទី១២ ខែមករា ដែលបង្ហាញថាមនុស្សជាច្រើនកំពុងធ្វើដំណើរត្រឡប់ ទៅផ្ទះវិញដើម្បីបោះឆ្នោត៕
 
 
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com