អន្តរជាតិ
លោក Willaim Lai ឈ្នះការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់
14, Jan 2024 , 10:39 am        
រូបភាព
លោក William Lai ប្រធានបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន (DPP) ឈ្នះការបោះឆ្នោតប្រធានាធិបតី។ រូបភ
លោក William Lai ប្រធានបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន (DPP) ឈ្នះការបោះឆ្នោតប្រធានាធិបតី។ រូបភ
លោក William Lai ប្រធានបក្សកាន់អំណាចប្រជាធិបតេយ្យ​ជឿនលឿន (DPP) បានឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ទោះបីជាមានការអំពាវនាវពីចិនមិនឱ្យបោះឆ្នោតឱ្យលោក Lai ដែលជាអ្នកគាំទ្រការផ្ដាច់ខ្លួន និងឯករាជ្យភាពនៃកោះតៃវ៉ាន់ក៏ដោយ។

 
ក្នុងការបោះឆ្នោតមេដឹកនាំប្រទេស នៅថ្ងៃទី១៣ ខែមករា លោក William Lai បានប្រឈមមុខនឹង គូប្រជែងពីរធំៗសម្រាប់តំណែងប្រធានាធិបតីគឺ លោក Hou Yu-ih នៃគណបក្សប្រឆាំង ដ៏ធំបំផុតរបស់តៃវ៉ាន់គឺបក្ស Kuomintang (KMT) និងអតីតអភិបាលក្រុងតៃប៉ិលោក Ko Wen-je នៃគណបក្សប្រជាជនតៃវ៉ាន់តូច (TPP) ដែលទើបតែបង្កើតឡើងក្នុងឆ្នាំ ២០១៩ ។
 
ជាមួយនឹងការរាប់សន្លឹកឆ្លោតពីគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ដែលបានរាប់ភ្លាមៗនៅ ល្ងាចថ្ងៃទី១៣ ខែមករា គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលប្រកាសថា លោក Lai ទទួលបាន ៤០,១ ភាគរយ នាំមុខលោក Hou ដែលមាន ៣៣,៥ ភាគរយ​ ខណៈលោក​ Ko ទទួលបាន ២៦ ភាករយ។ 
 
លោក Hou បាន​ទទួល​បរាជ័យ​ហើយ​បាន​អបអរសាទរ លោក Lai ចំពោះ​ជ័យជម្នះ​ ហើយលោកក៏បានសុំ ទោសដល់អ្នកគាំទ្របក្ស KMT ដែលមិនយកឈ្នះបក្ស DPP។ លោក Ko ក៏​បាន​ទទួល​ស្គាល់ការ​ចាញ់ឆ្នោតនេះផង​ដែរ។
 
«​ខ្ញុំ​ចង់​អរគុណ​ប្រជាជន​តៃវ៉ាន់​ដែល​បានបង្កើតទំព័រថ្មីក្នុង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង»។ លោក Lai បានថ្លែងក្នុង​សុន្ទរកថាក្រោយទទួលបាន​ជ័យ​ជម្នះក្នុងការបោះឆ្នោតបែបនេះ ហើយលោកក៏បាន​ថ្លែង​អំណរគុណ​ដល់​គូ​ប្រជែង​ពីរ​រូប​របស់​លោក​ដែលបានទទួលស្គាល់ លទ្ធផលនេះផងដែរ។
 
លោក Lai បញ្ជាក់ផងដែរថា ជ័យជម្នះនេះ​បង្ហាញដល់​សហគមន៍​អន្តរជាតិ​ថា រវាង​ លទ្ធិប្រជាធិបតេយ្យ និង​អំណាច​ផ្តាច់ការ តៃវ៉ាន់​នឹងតែ​ឈរ​នៅ​ខាង​ប្រជាធិបតេយ្យ។ បន្ថែមពីនេះ លោកសង្ឃឹមសម្រាប់ការវិលត្រឡប់ទៅកាន់ការផ្លាស់ប្តូរប្រកបដោយស្ថានភាពល្អ និងសណ្តាប់ធ្នាប់ជាមួយចិន ដោយលោកបានរំលឹកឡើងវិញអំពីបំណងប្រាថ្នារបស់លោក សម្រាប់កិច្ចពិភាក្សាដោយផ្អែកលើសេចក្តីថ្លៃថ្នូរ និងសមភាព។
 
ឆ្លើយតបទៅនឹងជ័យជម្នះរបស់ Lai អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ទីក្រុងប៉េកាំង លោក Chen Binhua បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន។
 
«ជំហររបស់យើងក្នុងការដោះស្រាយសំណួរតៃវ៉ាន់ និងការធ្វើឱ្យប្រាកដថាការបង្រួបបង្រួម ជាតិគឺនៅតែជាប់លាប់ ហើយការប្តេជ្ញាចិត្តរបស់យើងគឺរ៉ឹងមាំដូចថ្ម»។ លោក Chen សង្កត់ធ្ងន់ បែបនេះ ដោយបង្ហាញថា ចិននឹងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ និងប្រឆាំងយ៉ាង ម៉ឺងម៉ាត់ចំពោះសកម្មភាពបំបែកខ្លួនដែលមានគោលបំណងសម្រេចបានឯករាជ្យភាពតៃវ៉ាន់ ក៏ដូចជា ការជ្រៀតជ្រែកពីបរទេស។
 
ឯក្នុងការបោះឆ្នោតសភាវិញ គ្មានគណបក្សណាមួយឈ្នះសំឡេងភាគច្រើននៅក្នុងសភា នីតិប្បញ្ញត្តិឡើយ ខណៈ បក្ស DPP ឈ្នះ ៥១ អាសនៈ គណបក្ស KMT ទទួលបាន ៥២ អាសនៈ និងគណបក្ស TPP ទទួលបានចំនួន ៨ អាសនៈ។ ទាក់ទងនឹងបញ្ហានេះ លោក Lai ប្រកាសថា លោកនឹងសហការជាមួយគូប្រជែងគឺលោក Hou និងលោក Ko ក្នុងការដោះ ស្រាយបញ្ហាដែលតៃវ៉ាន់ប្រឈមមុខ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com