កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne ត្រឡប់មកវិញភ្លាម ជួយ Man City ឈ្នះ Newcastle ទាំងប្រផិតប្រផើយ
14, Jan 2024 , 11:59 am        
រូបភាព
 
Kevin de Bruyne បានធ្វើឱ្យអ្នកគាំទ្រ Manchester City និងអ្នកចាត់ការទូទៅលោក Pep Guardiola ភ្ញាក់ផ្អើល បន្ទាប់ពីរកបាន១គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី១លើក ដើម្បីជួយក្រុមវាយបកយកឈ្នះ Newcastle United ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ ក្នុងការប្រកួត Premier League។

ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២១ នៅរាត្រីថ្ងៃទី១៣ ខែមករា Bernardo Silva ជាអ្នករកបានគ្រាប់បើកឆាកឱ្យក្រុមការពារតំណែងជើងឯក Man City នៅ២៦នាទីដំបូងនៃវគ្គទី១ មុនពេល Alexander Isak និង Anthony Gordon សម្រេចទីម្នាក់មួយគ្រាប់ជាបន្តបន្ទាប់នៅនាទី៣៥ និង៣៧ ដើម្បីជួយ Newcastle នាំមុខ ២-១ វិញ។
 
ចូលដល់វគ្គទី២ ក្រុមទាំងពីរបន្តវាយសម្រុកគ្នាទៅវិញទៅមកប៉ុន្តែមិនមានគ្រាប់បាល់កើឡើងឡើយ រហូតដល់នាទី៧៤ ខ្សែបម្រើឆ្នើម Kevin De Bruyne ដែលទើបបង្ហាញខ្លួនសារជាថ្មីក្រោយជាពីរបួស ស៊ុតបញ្ចូលទីបានយ៉ាងល្អឱ្យក្រុមលោក Guardiola តាមស្មើ ២-២ ក្រោយប្តូរជំនួស Bernardo Silva ត្រឹម៥នាទី។
 
មិនត្រឹមតែរកបានគ្រាប់តាមស្មើ ឡើយកីឡាករអន្តរជាតិបែលហ្ស៊ិក ថែមទាំងជាអ្នកបញ្ជូនបាល់យ៉ាងល្អឱ្យមិត្តរួមក្រុម Oscar Bobb សម្រេចទីគ្រាប់ជ័យជម្នះថែមទៀតនៅនាទី៩០+១។ ឈ្នះសារិកាព្រៃ ៣-២ De Bruyne ទទួលបានការអបអរពីអ្នកគាំទ្រ សមាជិកក្រុម និងអ្នកចាត់ការលោក Guardiola។
 
លោក Guardiola បានហៅ De Bruyne បែបលេងសើចថាជាកីឡាករមានមន្តអាគម។ អ្នកចាត់ការអេស្ប៉ាញរៀបរាបថា៖«នៅពេល De Bruyne មានបាល់នៅនឹងជើង ខ្ញុំមានការជឿជាក់ ហើយអ្វីៗពិតជាកើតឡើងមែននៅពេលខ្សែបម្រើដ៏អស្ចារ្យរូបនេះ បញ្ជូនបាល់យ៉ាងល្អ Bobb ដែលមានល្បឿនដូចជាអ្នករត់ប្រណាំងសម្រេចទីគ្រាប់ជ័យជម្នះ។ ខ្ញុំពិតជារីករាយណាស់»។
 
តាមរយៈជ័យជម្នះនេះ បានជួយក្រុមការពារជើងឯកលីគកំពូលអង់គ្លេស ឡើងទៅឈរលេខ២ វិញដោយមាន៤៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Liverpool ២ពិន្ទុ ក្រោយប្រកួត២០លើកដូចគ្នា។
 
Newcastle ធ្លាក់ទៅលេខ១០ ដោយរក្សា២៩ពិន្ទុដដែល ក្រោយប្រកួត២១លើក ស្របពេល Chelsea ឡើងទៅលេខ៨បណ្តោះអាសន្ន មាន៣១ពិន្ទុ ក្រោយឈ្នះ Fulham ១-០ តាមរយៈការស៊ុតបញ្ចូលរបស់ Cole Palmer ដោយបាល់ប៉េណាល់ទី៕
 

Tag:
 Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com