RFI
អន្តរជាតិ
ជំងឺ​រីកប៉ោង​​សរសៃ​ឈាម ជា​ជំងឺ​ស្រាល តែ​អាច​បង្កផលវិបាក​ធ្ងន់
14, Jan 2024 , 4:59 pm        
រូបភាព
សរសៃឈាមវ៉ែនដែលរីកបោង
សរសៃឈាមវ៉ែនដែលរីកបោង
ដោយ៖អៀង សុខម៉ិញ
នៅ​ប្រទេស​បារាំង មាន​ប្រជាពលរដ្ឋ​ប្រមាណ២០​លាន​នាក់ មាន​បញ្ហា​សរសៃឈាម​វ៉ែន​រីកប៉ោង​។ នេះ​គឺមក​ពី ​ចរន្ត​ឈាម​ហូរ​មិនស្រួល ហើយ​បង្ក​ឱ្យ​មាន​ករណី​ដក់​ឈាម នៅតាម​សរសៃ​ឈាម​វ៉ែន ជាពិសេស​សរសៃឈាម​​នៅ​អវៈយវៈ​ក្រោម។ ការ​ដក់​ឈាម​អាចធ្វើ​ឱ្យ ​រីក​ប៉ោង​​ យារ សរសៃ​ឈាម ឬ​សរសៃ​ឈាមឡើង​ក្រាស់​ ឬ ប្តូរ​ទម្រង់ ឡើង​ក្រញ៉ាញ់ រហូត​អាច​មើល​ឃើញនៅ​លើ​ស្បែក​ ដោយ​ភ្នែក​ទទេ ជាពិសេស នៅ​ម្តុំ​ ​ជើង និង​ភ្លៅ។ តើ​អាការៈ​រីក​ប៉ោង​​សរសៃឈាម​នេះ អាច​ព្យាបាល​ជា​ទេ ? ហើយ​អាច​ការពារ​ និង​ធ្វើ​ឱ្យ​បាត់​ទៅ​វិញ​បាន​ទេ ?

មាន​អាការៈ​ធ្ងន់ជើង ឧស្សាហ៍​ស្រពន់ជើង ចុក​ជើង មាន​អារម្មណ៍ក្រហាយ​ដូច​ជា​មាន​រលាក ឬ​មាន​ហើម​នៅកជើង  (កជើង​ហើម) ...  ទាំង​អស់​នេះ​អាច​ជា​អាការៈ​សញ្ញា​នៃ​ជំងឺ​ប៉ោង​រីក​​​សរសៃ​ឈាម​វ៉ែន។ ជា​ជំងឺដែល​កើត​ឡើង​ជា​ញឹកញយ លើ​មនុស្ស​ក្នុង​វ័យ​សកម្ម ប្រមាណ​ពី ២៥ទៅ​៣០% និង​ដល់​ទៅ​ជិត​៦០% សម្រាប់​មនុស្ស​ចូល​វ័យ​ចំណាស់ លែង​ធ្វើ​ការ។
 
​សរសៃ​វ៉ែនរីកប៉ោង អាច​ចាត់​ទុក​ជា​ជំងឺ​ដែល​កើត​ច្រើន​លើ​​ស្ត្រី​ភេទ​ ប៉ុន្តែ​មនុស្ស​ប្រុស​ក៏​មិន​រួច​ខ្លួន​ទាំង​ស្រុង​ឡើយ ហើយ​ភាគ​ច្រើន​ច្រើន​តែដឹង​ខ្លួន​យឺត​ជ្រុល និ​ងមក​ស្វែង​រក​ការព្យាបាល នៅ​ពេល​ចាប់​មាន​ផលវិបាក​ទៅ​ហើយ​។
 
ជំងឺ​​​រីក​ប៉ោងសរសៃ​វ៉ែន ឬ​ហៅ​ជា​ភាសា​បារាំង​ថា Varices មិនមែន​ជា​ជំងឺធ្ងន់ធ្ងរ​ទេ និង​ត្រូវ​បានគេចាត់​ទុក​ជា​ជំងឺ​ដែល​ប៉ះពាល់​ដល់​សម្ផសច្រើន​ជាង​ ប៉ុន្តែ​មិន​ដូច​ការ​គិត​ ជំងឺនេះ​អាច​បង្ក​ផលវិបាកធ្ងន់​ធ្ងរ ព្រោះ​វា​អាច​នឹងធ្វើ​ឱ្យ​មានជំងឺ​Thromboses គឺការ​ស្ទះសរសៃឈាម​បង្ក​ឡើង​ដោយកូនដុំ​កំណកឈាម ​និង​ជំងឺ​រលាក​សរសៃឈាម​វ៉ែន ដែល​តម្រូវ​ឱ្យ​មានការ​ព្យាបា​ល​ជា​ចាំបាច់។ តើ​ជំងឺ​​សរសៃ​ឈាម​រីក​ប៉ោងជា​អ្វី ? សូម​ស្តាប់​ប្រសាសន៍​របស់​លោកសាស្ត្រាចារ្យ Pr Emmanuel Messasអ្នក​ទទួល​ខុស​ត្រូវផ្នែក​ជំងឺសរសៃ​ឈាម​បេះ​ដូង ​ នៅ​មន្ទីរពេទ្យ​ Georges Pompidou ក្រុង​ប៉ារីស ៖
 
“ជា​បឋម​ សូមយល់​ថា បណ្តាញ​សរសៃឈាម​វ៉ែនរបស់​​មនុស្ស​ មាន​ពីរ​ផ្នែក ៖ មួយ​ផ្នែកជា​សរសៃ​ឈាមកប់​​ជ្រៅ​ខាង​ក្នុង​សាច់​ដុំ និង​មួយ​ផ្នែក​ស្ថិត​ផ្ទៃ​ខាង​ក្រៅ សើ​ស្បែក ដែលភាសា​បច្ចេកទេស​គេ​ហៅ​ថា សរសៃ​ឈាម​វ៉ែន​សាហ្វែន les veines Saphènes។ សរសៃឈាមសាហ្វែន មាន​ពីរ​ទៀត គឺ​សាហ្វែន​ខាង​ក្នុង​ ភ្ជាប់​ពី​កែងជើង​ទៅ​ភ្លៅ  និ​ង​សាហ្វែន​ខាងក្រៅ(ស្វាហ្វែនតូច) ភ្ជាប់​ពីកែងជើង​ឡើង​ដល់​ត្រឹម​ជង្គង់។ គឺ​សរសៃ​ឈាម​វ៉ែន​សាហ្វែននេះហើយដែល​​ច្រើន​តែ​​មានករណី​រីក​ប៉ោង (​​ជំងឺ​វ៉ារីស)។ 
ហេតុអ្វី ? សរសៃ​ឈាមវ៉ែន​ មាន​តួនាទី​​ជា​អ្នក​នាំ​ឈាម​ពី​ចុង​ជើង​ឡើង​ទៅ​បេះដូង។ សរសៃ​ឈាម​វ៉ែន​សើស្បែក ហូរចាក់​ទៅសរសៃឈាមផ្នែក​ខាង​ក្នុង ហើយ​​ហូរ​បញ្ច្រាស​ឡើងតាម​សរសៃវ៉ែន​​ទៅ​បេះដូង​វិញបាន ដោយ​សារ​តែ​មាន​សម្ពាធ និង​ការ​កន្ត្រាក់​សាច់​ដុំ​ច្របាច់​​សរសៃ​ផង ដោយសារតែ​សរសៃឈាម​​មាន​(វ៉ាល់​)ប្រឹសចាំ​បិទ​បើក​​ទៅ​តាម​យន្តការ​នៃ​សម្ពាធ​ឈាមផង។ គឺ​​បើក​ឱ្យ​ហូរទៅលើ និង​បិទ​មិន​ឱ្យ​ឈាម​​​​ច្រាលហូរមកក្រោម​វិញ។ តាម​ធម្មតា ប្រឹស​របស់សរសៃ​ឈាម​វ៉ែនជា​​​ប្រព័ន្ធប្រឆាំង​នឹង​ការ​ហូរ​ឈាម​ច្រាល​មក​ក្រោម​វិញ ​ល្អ​ ខ្លាំងណាស់​។ ជា​យន្តការ​ធម្មជាតិ​ដ៏​ឆ្លាត​វៃបំផុត​គ្មាន​អ្វី​ប្រៀប​ប្រដូច​បាន​ឡើយ ប៉ុន្តែ​វា​នៅ​តែ​អាច​មាន​ចន្លោះប្រហោង​។ នៅពេល​ ​ប្រឹស​ដំណើរកា​រមិន​ល្អ​ ឈាម​អាច​ច្រាល ឬ​ ដក់នៅ​ក្នុង​សរសៃ​វ៉ែន ដែលធ្វើ​ឱ្យ​សរសៃ​ឈាមសើស្បែក​​ឡើង​ពណ៌​ខៀវ​ក្រម៉ៅ ​ ​ឡើង​ក្រាស់ រីកប៉ោង ​​យឺតយារ រមួល ដែល​ហៅ​ថា​​វ៉ារីសនេះឯង។”
 
សរសៃវ៉ែន ប្រៀប​ដូច​ជាខ្សែ​ទន្លេ​ហូរចាក់ខ្វាត់ខ្វែង សម្រាប់​​ទៅចិញ្ចឹម​សពាង្គកាយ សឹង​គូរ​ចេញ​ជា​​ផែនទី​បាន​។ នៅពេល​សរសៃឈាម​ រីកប៉ោង រមួល មាន​វ៉ារីសហើយ នោះ​អ្នក​ជំងឺ មិនត្រឹម​​តែមានអារម្មណ៍​ថា​ជើង​មិនស្អាត​ បាត់​សម្រស់​ទេ តែ​ថែម​ទាំង​អាចនឹងមាន​អាការៈ​​ឈឺ​ចុកចាប់ និង​ផល​រំខាន​ជា​ច្រើន​ទៀត​ផង។ វ៉ារីស​គឺ​ជា​ជំងឺ​មួយ ទោះ​បី​ជាប្រភេទ​ជំងឺ​ស្រាលមែន តែ​វា​ជា​ការចាំ​បាច់​ដែល​ត្រូវ​គិត​គូរ​ព្យាបាល​ឱ្យ​បានត្រឹមត្រូវ។ សូម​ស្តាប់​ប្រសាសន៍​លោកសាស្ត្រាចារ្យ​Emmanuel Messasជា​ថ្មី ៖
 
“ជួនកាលវ៉ារីស​​គ្មានឱ្យ​រោគសញ្ញា​អ្វី​ទាំង​អស់។ តែ​ជួន​កាល​ក៏​មាន​ការ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង និងមាន​​​​សញ្ញារោគ​​ច្រើន​ប្លែកគ្នា គ្រប់បែបគ្រប់​​យ៉ាង​​ខ្លាំងណាស់។ អាចជា​ការ​​ឈឺ​ចុក ស្រពន់​ ធ្ងន់ ឬឆាប់​​​រោយជើង​នៅ​ពេល​ឈរ​អង្គុយ​យូរ។ អាច​ជា​អាការៈ​រមាស់​ អាច​ជា​តាអក អាចមាន​​សញ្ញារោគ​ច្បាស់ៗ និង​អាច​ជាអាការៈ​​​រំខានខ្លាំងណាស់​សម្រាប់​​ជីវិត​​ការងារ ជាពិសេស​ចំពោះ​អ្នកដែលមានអាជីព​ត្រូវ​ឈរ​យូរ ឬ​ឈរ​ច្រើន។ វ៉ារីស ជាជំងឺ​រ៉ាំរ៉ៃ។ នៅពេលឈឺ​យូរ​ទៅ ការ​ព្យាបាល​​ក៏​ត្រូវ​ប្រើ​ពេល​យូរ និង​ជា​ការ​ព្យាបាល​សរុប​លើ​ប្រព័ន្ធ​សរសៃ​ឈាម​កូរ៉ូណែទាំង​ស្រុង​តែម្តង។​ មិន​មែន​ត្រឹម​តែជា​ការ​​ព្យាបាល​ចោះៗ​បំបាត់​ស្នាមត្រង់កន្លែងមាន​​សរសៃ​ឈាមវ៉ែន​នោះរីកបោង រមួល ... ទេ។ ការ​រីកប៉ោង​សរសៃ​ឈាម​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​សម្ផស​ទេ វ៉ារីស ជាជំងឺ។ ជា​ជំងឺ​ប្រភេទ​ជំងឺស្រាល​ ដែល​​ត្រូវតែ​​ធ្វើ​ការ​ព្យាបាល។ ព្យាបាល​​ជា​ដំបូង​ដោយ​គោរព​​អនាម័យ​​ក្នុងការរស់​នៅ​ត្រឹមត្រូវ បន្ទាប់​មកទើប​​អាច​ឈាន​ដល់​ការ​ព្យាបាលដោយ​ប្រើថ្នាំ ឬ​ដល់​ការ​វះកាត់ផង​ប្រសិន​បើ​ជំងឺនេះ​វា​ធ្វើ​ឱ្យ​អ្នកជំងឺ​ពិបាកពេក។ ត្រូវ​ព្យាបាល​ឱ្យ​បានត្រឹមត្រូវ​ ព្រោះ​ថ្វី​បើ​វា​ជា​ជំងឺស្រាលមែន តែការរីក​ប៉ោង​សរសៃ​វ៉ែន អាច​នឹង​បង្ក​ឱ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងន់​ខ្លាំង​ពីរ​ប្រភេទ គឺ​ផលរំខាន​ស្រួចស្រាវ និង​ផលរំខាន​រ៉ាំរ៉ៃ។ ផលរំខាន​ស្រួច​ស្រាវ ​ដូច​មាន​​រៀប​រាប់​ពី​ខាង​ដើម គឺ​វាធ្វើ​ឱ្យ​មាន​ជំងឺ​រលាក​សរសៃ​ឈាម និង​ជំងឺដុំកំណក​ឈាម Thrombose ព្រោះ​ការ​រីក​ប៉ោង​សរសៃ​ឈាម បណ្តាលមកពី​ឈាម​ហូរ​មិន​ស្រួល ហើយដក់​ រួច​ក៏​ ​ ក្លាយ​ជា​​ដុំ​កំណក​ឈាម​ ដែល​អាច​កកស្ទះសរសៃឈាម​ណា​មួយ នៅ​សួត។ នេះ​ជា​ផលរំខាន​ស្រួច​ស្រាវ​​ធ្ងន់ធ្ងរ​​ដ៏កម្រ ដែល​ត្រូវ​ព្យាបាល​ ព្រោះ​ឥលូវ​គេ​មានថ្នាំពូកែ​ខ្លាំង​ណាស់​ខាង​បំបែក​ដុំ​កំណក​ឈាម​នេះ”។​
 
មាន​កត្តា​ជា​ច្រើន​ដែល​ជា​ហានិភ័យ​នាំ​មាន​ជំងឺ​រីក​ប៉ោង​សរសៃ​វ៉ែន ដូច​ជា​ ធាត់​ជ្រុល​ ស្រណុក​ពេក ភាព​ក្តៅ ឬ​មាន​ផ្ទៃ​ពោះ និង​ជាពិសេស​គឺ​កត្តា​អាយុ ព្រោះ​បើ​អាយុ​កាន់​តែ​ច្រើន ប្រព័ន្ធ​ធម្មជាតិ​ប្រឆាំង​នឹង​ឈាម​​ហូរ​ច្រាល​ កាន់​តែ​ចុះ​ទន់​ខ្សោយ​ លែង​សូវ​មាន​ប្រសិទ្ធភាព។ ពូជ​ក៏​កត្តា​សំខាន់​មួយ​នៃ​ជំងឺ​វ៉ារីស​ដែរ។ ហើយ​នៅ​ពេលដែល​សរសៃ​ឈាមបាន​​រីក​ប៉ោង​ យារយឺត​ហើយ គេ​​មិន​អាចកែ​ឱ្យ​សរសៃ​ឈាម​មាន​លក្ខណៈ​រលាស់ ត្រលប់​មក​ល្អដូច​ដើម​​ឡើង​វិញបានទេ​។ រាល់ការ​ព្យាបាល​បាន​ត្រឹម​ទប់​​មិន​ឱ្យ​ជំងឺ​វិវឌ្ឍ​ទៅ​មុខទៀត​ប៉ុណ្ណោះ។​ ដូច្នេះមធ្យោបាយ​ដ៏​ល្អ​ប្រពៃ​ជាងគេ គ្មាន​អ្វី​ក្រៅ​ពី​ការ​ការពារ​ទេ។ ដូច​ពាក្យ​បូរាណខ្មែរលោកពោល “ការពារ​ប្រសើរ​ជាង​ព្យាបាល”។ ប៉ុន្តែកត្តា​អាយុ និង​ពូជ ជា​អ្វី​ដែល​គេ​មិន​អាច​បញ្ចៀសបាន​ឡើយ។ អ្នកមានឪពុកម្តាយ​ជីដូនជីតា ធ្លាប់​មានរោគវ៉ារីស​នេះ អាច​ព្យាយាម​កាត់​បន្ថយ​ហានិភ័យ​ និង​ពន្យារ​ពេល​កុំ​ឱ្យ​ឆាប់​​ធ្លាក់​ខ្លួន​ឈឺ ឬ​បើ​ឈឺ​ក៏មិន​សូវ​មានផលវិបាក​បាន តាមរយៈ​ ការ​រក្សា​សុខភាព​សាច់​ដុំ​ឱ្យរឹង​មាំ រក្សា​កាយ​សម្បទាឱ្យ​មាំមួន និង​ត្រូវចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួន​ ឆាប់​នឹក​គិត​រក​វិធី​ការពារនិង​ព្យាបាល។ បើ​តាម​លោក​សាស្ត្រាចារ្យ អេម៉ាណុយអ៊ែល ម៉េសាស មាន​សញ្ញា​ជា​ច្រើន​ដែល​ដាស់​ប្រាប់​យើងឱ្យ​បាន​ដឹង​ខ្លះ មុន​នឹង​សរសៃ​ឈាម​ឡើង​ក្រាស់ ឬ​លេចរូប​រាង​រីកបោង រមួល​​ ចេញ​នៅ​លើ​ផ្ទៃស្បែក។ សូម​អញ្ជើញ​ស្តាប់ ៖




 
“មាន​សញ្ញា​ប្រាប់​មុន​ជា​ច្រើនសឹង​​អាច​រាយ​ជា​បញ្ជីបាន។​ ទីមួយគឺ​ មានអាការៈ​​ធ្ងន់​ជើង​ដែល​យើងដឹង​ស្ទើរ​​គ្រប់​គ្នា​។ ចេះ​តែ​មានអារម្មណ៍​មិន​ស្រណុក​នៅ​ជើង មិនអាច​នៅ​ស្ងៀម ឬ​ឈរ​ទ្រឹង​បាន​យូរ​ទេ ​បានទាល់​តែ​អង្រួន រើរុះ​ ផ្អៀង​ផ្អង​ទើប​ឈរ​ជាប់។ ចេះ​តែមានអារម្មណ៍​ក្តៅ​រោល​ ឬ​ស្រិបៗដូច​ប៉ះ​​ភ្លើង​​ឆក់​ ទាល់​តែ​អង្គើជើង​ទើប​បាត់។ មាន​រមាស់ ឧស្សាហ៍​រមួលក្រពើ​ ជាពិសេស​នៅពេល​យប់។ ហើម​ជើង ហើម-ក-ជើង ជាពិសេស​នៅពេល​ល្ងាច ក្រោយ​ពី​​ធ្វើការ​ឈរហត់​អស់​​ពេញ​មួយ​ថ្ងៃ និង​ការ​លេច​ឡើង​នូវ​បណ្តាញ​កូន​សរសៃឈាម​តូចៗ​ឆ្មារៗ​ប៉ុន​សរសៃសក់​ ពណ៌​ក្រហម ជួន​មាន​ទម្រង់​ជា​ផ្កាយផង នៅលើ​ផ្ទៃស្បែក និង​ មើល​ឃើញ​ដោយ​ភ្នែកទទេ។ នេះ​ជា​ការ​យឺត​យារ​កូន​សរសៃ​ឈាម​ ដែល​ជា​ដំណាក់​កាលដំបូង​មុននឹង​ឈាន​ទៅ​ជា​​ជំងឺរីកប៉ោង​សរសៃឈាម​វ៉ែន ​វ៉ារីស។​ ហើយ​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ជំងឺវ៉ារីស​ទាន់ សូមចៀសវាងការ​ប្រឈមនឹង​ប្រភព​​ក្តៅ ចំហ៊ុយ​ស្ពង់ (សូណា ហាម៉ាំ ...)។ សូម​ព្យាយាម​ដើរ ជិះ​កង់​ ​ឱ្យ​បាន​ច្រើន ព្រោះ​កាន់​ប្រឹងដើរ​ ឈាមរត់កាន់​តែ​ស្រួល មិន​ដក់​ មិនកកក្លាយ​ជា​ដុំ​កំណកឈាម។ សំរាន្ត​ដោយ​ដាក់​ជើងឱ្យ​ខ្ពស់​ជាង​ក្បាល​ ដើម្បី​សម្រួល​ចរន្ត​ហូរ​ឈាមត្រលប់​ទៅ​បេះដូង ឬ​ ពាក់​ស្រោម​ជើង​សុខភាព bas de contention ​ដែល​ជួយច្របាច់​​​សាច់​ដុំ​ជើងឱ្យ​កន្ទ្រាក់​ ធាក់​រុញ​​ឈាមឱ្យ​​ហូរ​ត្រលប់​ទៅ​បេះ​ដូង​បាន​ល្អ”។
 
នៅក្នុង​ប្រទេសជឿន​លឿន​ ដូច​យ៉ាង​ប្រទេសបារាំង គេ​​សង្កេតឃើញ​មាន​ពលរដ្ឋ​ប្រមាណ ពី ១១ទៅ​២៤% មាន​បញ្ហា​វ៉ារីស។ ក្នុង​ចំណោមអ្នក​ជំងឺ​ទោះ​នោះ ​ភាគ​ច្រើន​ជា​ស្ត្រី​ ព្រោះ​ដោយ​សារ​តែ អ័រមូន​ម្យ៉ាង​រស់​ស្ត្រី ព្រោះ​ស្ត្រីជា​អ្នក​​​ពរពោះ (ពេលមាន​ផ្ទៃពោះ​សរីរាង្គ​ជា​ច្រើន​បាន​រីក ដូច្នេះសរសៃ​ឈាម​ក៏​រីក​ដែរ) របៀបរប​ប​រស់​នៅ ​ឈរច្រើន អង្គុយ​ស្ងៀម​ខ្លាំង​ ស្រណុក​ជ្រុល​ ធាត់​ហួសហេតុ សុទ្ធ​សឹង​ ជា​កត្តា​​​​នាំហានិភ័យដល់​សរសៃ​ឈាម។ អាកាសធាតុ​ក្តៅ​ ក៏​ជា​ចំណែក​មួយ​ងាយ​ជំរុញ​ឱ្យ​សរសៃ​ឈាម​វ៉ែន​រីកប៉ោង​ដែរ។ ប៉ុន្តែ​បណ្តាពលរដ្ឋ​រស់នៅក្នុង​ប្រទេសក្តៅ​ដូច​យ៉ាង​កម្ពុជា ឬ​ឥណ្ឌា​កម្រមាន​ជំងឺវ៉ារីស​ណាស់ ហេតុ​ដូច្នេះហើយ​បាន​ជា​ក្រុម​គ្រូពេទ្យ​ យល់​ថា នេះ​ទំនង​ដោយសារ​​​​កត្តា​ពូជ និង​ពូជ​សាសន៍ ព្រោះ​គេ​សង្កេត​ឃើញ​ថា​ជំងឺ​វ៉ារីស​នេះ​មាន​ ប្រមាណតែ​៥%​នៅ​អាហ្វ្រិក និង​តិច​តួច​បំផុត​នៅ​អាស៊ី (១%)៕
 
 
 
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com