អន្តរជាតិ
អ៊ីស្រាអែល​ជំរុញ​ការ​វាយលុក​នៅ​តំបន់​កាហ្សា ខណៈជម្លោះខិត​ជិត​ ១០០​ថ្ងៃ​
14, Jan 2024 , 5:29 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
អ៊ីស្រាអែល​បាន​បន្ត​ការ​ទម្លាក់​គ្រាប់​បែក​នៅ​តំបន់កាហ្សា​ នៅថ្ងៃទី១៣ ខែមករា ដោយ​ប្តេជ្ញា​បន្ត​ការ​វាយលុក ​​ដើម្បី​បំផ្លាញ​ចលនា​ឥស្លាម​ហាម៉ាស។ រហូតមកទល់ពេលនេះសង្គ្រាម បានបន្តឥតឈប់ឈរអស់រយៈពេលជិត​១០០​ថ្ងៃ​​ ខណៈមិនទាន់មានសញ្ញានៃការបញ្ចប់នៅឡើយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា​ អ៊ីស្រាអែល នឹងមិន ត្រូវបានរារាំងដោយសំណុំរឿងណាមួយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅ ទីក្រុងឡាអេឡើយ ខណៈលោកក៏ច្រានការចោទប្រកាន់យុទ្ធនាការអ៊ីស្រាអែលនៅកាហ្សា ស្មើនឹងការប្រល័យពូជសាសន៍។
 
«គ្មាននរណាម្នាក់នឹងបញ្ឈប់យើងទេ មិនមែនទីក្រុងឡាអេ មិនមែនក្រុម Axis គ្មាននរណាម្នាក់ទេ»។ លោកបេនចាមីន បានប្រាប់សន្និសីទសារព័ត៌មានមួយបែបនេះដោយសំដៅទៅលើ ក្រុមហាម៉ាស់ និងកងជីវពល Hezbollah និង Houthi ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់។
 
ជាងបីខែបន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា ប្រជាជនប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ ត្រូវបានសម្លាប់ ហើយតំបន់កាហ្សាត្រូវបានកម្ទេចជាដំណំផងដែរ ខណៈប្រជាជនចំនួន ២,៣ លាននាក់បានភៀសខ្លួនទៅតំបន់ដ៏តូចមួយនៅភាគខាងត្បូង។
 
ក្រសួង​សុខាភិបាលកាហ្សា​បាន​និយាយ​ថា នៅ​ទីក្រុង​រ៉ាហ្វា​ភាគ​ខាង​ត្បូង​ក៏ត្រូវបានរងរ​វាយ ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ផ្ទះ​មួយ​ដែល​មាន​គ្រួសារ​ជន​ភៀស​ខ្លួនចំនួន ២ គ្រួសារ និង​បាន​សម្លាប់​មនុស្ស ១០ នាក់​។ អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនកំណត់គោលដៅតែលើ ពួកសកម្មប្រយុទ្ធ និងធ្វើអស់ពីសមត្ថភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល តែផ្ទុយ ទៅវិញនៅតែបន្តធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់នៅទីក្រុងដែលមានជនស៊ីវិលរស់នៅជាច្រើន។
 
ជាច្រើនលើកច្រើនសា អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះថា ជាការបំភ្លៃទាំង ស្រុងដោយនិយាយថា សកម្មភាពរបស់ខ្លួននៅតំបន់កាហ្សាត្រូវបានធ្វើឡើងដើម្បីការពារខ្លួន បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយប្រហារសហគមន៍នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល និងជនបរទេសជាង ១,២០០នាក់ ហើយព្រមតាំងចាប់ខ្លួនមនុស្សប្រហែល ២៤០​ នាក់ធ្វើជាចំណាប់ខ្មាំង។
 
ទោះជាយ៉ាងណាក៏ដោយ ទំហំនៃការសម្លាប់នៅកាហ្សា និងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរបាន ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងជំរុញឱ្យមានការអំពាវនាវឱ្យមានបទឈប់បាញ់។ អាហ្វ្រិក ខាងត្បូងបានបើកសំណុំរឿងមួយនៅចំពោះមុខតុលាការ ICJ ដោយចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។ 
 
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់កាហ្សា លោក Ashraf Al-Qidra លើកឡើង ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៣៥នាក់ និងរបួសចំនួន ៣១២នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ សរុបមក ជនជាតិប៉ាឡេស្ទីន ២៣,៨៤៣ នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧ ខែតុលា៕
 

Tag:
 អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com