អន្តរជាតិ
កាណាដាពិចារណាលើការកំណត់ចំនួននិស្សិតអន្តរជាតិ​ ដោយសារប្រឈមបញ្ហាកង្វះខាតលំនៅឋាន
15, Jan 2024 , 8:29 am        
រូបភាព
រូបភាព The Canadian Press
រូបភាព The Canadian Press
 
រដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដា លោក Marc Miller បាននិយាយថា រដ្ឋាភិបាលកំពុងពិចារ ណាលើចំនួននិស្សិតអន្តរជាតិដែលត្រូវបានអនុញ្ញាតឱ្យរស់នៅកាណាដា។ នេះបើយោងតាម របាយការណ៍របស់ទូរទស្សន៍ CTV ខណៈដែលរដ្ឋាភិបាលប្រឈមនឹងការរិះគន់ចំពោះវិបត្តិលទ្ធភាពទិញផ្ទះ។

កាណាដាពឹងផ្អែកលើជនអន្តោប្រវេសន៍ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន និងគាំទ្រដល់ ប្រជាជនវ័យចំណាស់ ហើយនាយករដ្ឋមន្ត្រីលោក Justin Trudeau កំពុងបង្កើនការធ្វើអន្តោប្រវេសន៍ប្រចាំឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះ វិបត្តិលំនៅឋានត្រូវបានបន្ទោសលើការកើនឡើងនៃជនចំណាកស្រុក និងនិស្សិតអន្តរជាតិដែលជំរុញឱ្យមានតម្រូវការផ្ទះ ខណៈដែលអតិផរណាបានធ្វើឱ្យការសាងសង់យឺត។
 
រដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដា លោក Miller មានប្រសាសន៍នៅក្នុងបទសម្ភាសជាមួយ ទូរទស្សន៍ CTV ក្នុងកម្មវិធី Question Period ថា រដ្ឋាភិបាលសេរីនិយមកំពុងពិចារណាលើការដាក់កម្រិតលើនិស្សិតអន្តរជាតិនៅក្នុងត្រីមាសទីមួយ និងទីពីរនៅឆ្នាំនេះ។ 
 
«​បរិមាណ​នោះ​គឺ​បង្កឱ្យមានការព្រួយបារម្ភ​»។ លោក Miller សំដៅ​ទៅ​លើ​ចំនួន​និស្សិត​ អន្តរជាតិ​នៅកាណាដា​រួចបន្តថា វា​ពិត​ជា​ប្រព័ន្ធ​ដែល​មិន​អាច​គ្រប់គ្រង​បាន។ យ៉ាងណាមិញ​ លោក​មិន​បាន​បញ្ជាក់​ថា​ ការ​កាត់​បន្ថយ​និស្សិត​អន្តរជាតិ​មានចំនួនប៉ុន្មាន​នោះ​ទេដែល​ ​រដ្ឋាភិបាល​កំពុង​ពិចារណា។
 
ទិន្នន័យផ្លូវការបង្ហាញថា មាននិស្សិតបរទេសជាង ៨០ ម៉ឺននាក់ដែលមានទិដ្ឋាការសកម្មក្នុងឆ្នាំ ២០២២ កើនឡើងពី ២៧៥,០០០ នាក់ក្នុងឆ្នាំ ២០១២។
 
កាណាដា ជាទិសដៅដ៏ពេញនិយមសម្រាប់និស្សិតអន្តរជាតិដោយសារវាមានភាពងាយ ស្រួលក្នុងការទទួលបានប័ណ្ណការងារ។ រដ្ឋាភិបាលសេរីនិយមបានព្យួរគំនិតនៃការកំណត់ ចំនួនទិដ្ឋាការសិស្សបរទេសនៅក្នុងខែសីហា ឆ្នាំមុន ប៉ុន្តែរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានលោក Sean Fraser បញ្ជាក់ថា​រដ្ឋាភិបាលមិនទាន់ធ្វើការសម្រេចចិត្តបន្តជម្រើសនោះទេ។ លោក Miller សម្គាល់ថា លោក​មាន​គម្រោង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​សមភាគី​ខេត្ត៕
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com