អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្តេចដាណឺម៉ាក Frederik X ឡើងគ្រងរាជ្យ បន្ទាប់ពីការដាក់រាជ្យរបស់មាតា
15, Jan 2024 , 10:14 am        
រូបភាព
ព្រះអង្គម្ចាស់ដាណឺម៉ាក Frederik X លើកព្រះហស្តនៅមុខវិមាន  Christiansborg ថ្ងៃទី១៤ ខែមករា ។ រូបភាព​ ៖ AFP
ព្រះអង្គម្ចាស់ដាណឺម៉ាក Frederik X លើកព្រះហស្តនៅមុខវិមាន Christiansborg ថ្ងៃទី១៤ ខែមករា ។ រូបភាព​ ៖ AFP
ព្រះអង្គម្ចាស់ Frederik X ដែលមានព្រះជន្ម ៥៥ព្រះវស្សាបានឡើងសោយរាជ្យជាផ្លូវការបន្តពីមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Margrethe ទី២ដែលបានសោយរាជ្យជាង៥ទសវត្សរ៍នៅដាណឺម៉ាក។

 
បន្ទាប់ពីក្បួនដង្ហែចុងក្រោយនៅលើរាជរថតាមដងផ្លូវនៃទីក្រុងកូប៉ិនហាកព្រះមហាក្សត្រិយានី Margrethe ទី២ នៅថ្ងៃទី១៤ ខែមករាបានចុះហត្ថលេខាលើសេចក្តីប្រកាសដាក់រាជ្យក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅវិមាន Christiansborg ដោយបញ្ចប់ការសោយរាជ្យរយៈពេល ៥២ឆ្នាំ។
 
បើតាមសេចក្តីប្រកាសពីព្រះបរមរាជវាំងដាណឺម៉ាក ការស្នងរាជ្យរបស់ព្រះអង្គ Frederik ជាផ្លូវការចាប់ផ្តើមពីពេលដែលម្ចាស់ក្សត្រី Margrethe ទី២ បានចុះហត្ថលេខាលើសេចក្តីប្រកាសដាក់រាជ្យតទៅ។
 
ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងរដ្ឋាភិបាល ម្ចាស់ក្សត្រី Margrethe ទី២ ព្រះមហាក្សត្រថ្មី Frederik ព្រះជន្មដែលមានព្រះជន្ម ៥៥ព្រះវស្សា និងមហេសីព្រះអង្គ និងព្រះរាជបុត្រច្បងព្រះអង្គម្ចាស់ New Christian ព្រមទាំងមេធាវីអូស្ត្រាលី Mary Donaldson ព្រះជន្ម ៥១ព្រះវស្សាដែលបច្ចុប្បន្នជាព្រះមហាក្សត្រិយានីថ្មី ។
 
ដាណឺម៉ាក ជាប្រទេសមានរាជាធិបតេយ្យចំណាស់ជាងគេបំផុតមួយរបស់ពិភពលោក ប៉ុន្តែមិនបានប្រារព្ធពិធីឡើងគ្រងរាជ្យដ៏អធិកអធម ដោយគ្មានឥស្សរជនបរទេស ឬរាជវង្សត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។
 
ម្ចាស់ក្សត្រី Margrethe ទី២មានព្រះជន្ម ៨៣ ព្រះវស្សា បានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើលនៅថ្ងៃចូលឆ្នាំសកល ពេលដែលព្រះនាងបានប្រកាសលះបង់រាជបល្ល័ង្ក។ 
 
ប្រហែល១ម៉ោងបន្ទាប់ពីពិធីចុះហត្ថលេខា នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានប្រកាសព្រះមហាក្សត្រថ្មីនៅវិមាន Christiansborg ដែលជាអាគាររដ្ឋសភា និងរដ្ឋាភិបាល ហើយព្រះមហាក្សត្រ Frederik បានអានសេចក្តីថ្លែងការណ៍ខ្លីនៅទីនោះ។
 
« ក្តីសង្ឃឹមរបស់ខ្ញុំគឺដើម្បីក្លាយជាស្តេចបង្រួបបង្រួមសម្រាប់អនាគត... នោះគឺជាទំនួលខុសត្រូវដែលខ្ញុំប្រកាន់យកដោយការគោរព មោទនភាព និងសុភមង្គលច្រើន»។ មហាក្សត្រដាណឺម៉ាក Frederik មានព្រះរាជបន្ទូលនៅចំពោះមុខប្រជារាស្រ្តបែបនេះ។ 
 
បន្ទាប់មកនៅពេលរសៀល ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីបានជិះរទេះត្រឡប់ទៅព្រះបរមរាជវាំងវិញ គឺវិមាន Amalienborg ដែលជាវិមានរាជវង្សដែលបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៧៥០ និងមានទីតាំងនៅកណ្តាលទីក្រុងកូប៉ិនហាក។
 
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃទី១៤ ខែមករា នៅខាងក្រៅវិមាន Christiansborg ទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ។
 
រូបគំនូររបស់ព្រះមហាក្សត្រី និងបដាដែលមានសារថ្លែងអំណរគុណដល់ព្រះនាងត្រូវបានព្យួរពាសពេញរាជធានី។ ផ្លាកសញ្ញាអេឡិចត្រូនិចនៅលើរថភ្លើងក្រោមដីរត់សារថា អរគុណសម្រាប់ការធ្វើដំណើរ ម្ចាស់ក្សត្រី Margrethe ទី២ ។
 
ទន្ទឹមនេះ ព្រះអង្គ Frederik ក៏ទទួលបានការគាំទ្រពីប្រជាជនជាង ៨០ភាគរយផងដែរ ។ ព្រះអង្គត្រូវបានរំពឹងថា នឹងនាំយករចនាប័ទ្មផ្ទាល់ខ្លួនទៅនឹងរាជាធិបតេយ្យដាណឺម៉ាកដែលមានតាំងពីសម័យ Viking សតវត្សទី១០៕ 

Tag:
 ដាណឺម៉ាក
  សោយរាជ្យ
 
© រក្សាសិទ្ធិដោយ thmeythmey.com