ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឆ្លើយតបលោក សម រង្ស៊ី សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកជំនួបលោក ម៉ាក្រុង ជាសារនយោបាយដ៏ធំមួយ
15, Jan 2024 , 10:43 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយលោក អេម៉ានុយអ៊ែល ម៉ាក្រុង រួមទាំងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីបារាំង នាដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស។ សម្ដេច នឹងជួបជាមួយថ្នាក់ដឹកនាំបារាំង នាថ្ងៃទី១៨-១៩ មករា។



ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប នាទីក្រុងប៉ារីស កាលពីថ្ងៃទី១៤ មករា នាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយថា ជំនួបរវាងសម្ដេច ជាមួយលោក ម៉ាក្រុង និងថ្នាក់ដឹកនាំផ្សេងទៀត នឹងក្លាយជាសារនយោបាយដ៏ធំមួយ សម្រាប់ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ ជាពិសេសឆ្លើយតបទៅអ្នកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដែលរិះគន់ថា មេដឹកនាំបារាំង កំពុងចាញ់បោកសម្ដេច​ ហ៊ុន ម៉ាណែត និងត្រកូល«ហ៊ុន»។
 
អ្នកដែលរិះគន់នេះ​ គឺលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលកំពុងរស់នៅប្រទេសបារាំង ។ លោក សម រង្ស៊ី ក៏បានបកស្រាយជាភាសាបារាំង តាមរយៈសារព័ត៌មានក្រៅប្រទេសថា មេដឹកនាំបារាំង កំពុងចាញ់បោកមេដឹកនាំកម្ពុជា។ តាមរយៈសំណេរលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៣ មករា លោក សម រង្ស៊ី បានបន្ថែមទៀតថា ទីប្រឹក្សារបស់ប្រធានាធិបតីបារាំង ខ្វះព័ត៌មាន និងជំនាញលើរឿងរ៉ាវស្រុកខ្មែរ ទើបផ្ដល់យោបល់ឱ្យលោក ម៉ាក្រុង អញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបពិភាក្សាគ្នា។ 
 
ផ្ទុយពីគំនិតរបស់លោក សម រង្ស៊ី នេះ សម្ដេច ហ៊ុន ម៉ាណែត បានបកស្រាយវិញថា បើមេដឹកនាំបារាំង ខ្លាចចាញ់បោកសម្ដេច នោះគេមិនឱ្យអញ្ជើញជាផ្លូវការឱ្យចូលជួបឡើយ។«ហើយបើថា ប្រធានាធិបតីបារាំង ខ្លាចខ្ញុំទៅបោក គេ(លោក​ ម៉ាក្រុង) នឹងប្រាប់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ថាប្រយ័ត្នចាញ់បោក ហ៊ុន ម៉ាណែត»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបានចោទជាសំនួរទៅលោក សម រង្ស៊ី វិញថា តើការចេញសារនយោបាយបែបនេះ មានបានគិតវែងឆ្ងាយដែរទេ?
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានអធិប្បាយតបទៅលោក សម រង្ស៊ី វិញថា ការធ្វើនយោបាយប្រឆាំង និងជំទាស់គំនិតរបស់រដ្ឋាភិបាល គឺជារឿងមួយ ប៉ុន្តែការផ្ញើរសារណាមួយ ដើម្បីវាយប្រហារមកកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលកំពុងឈរនៅលើឆាកអន្តរជាតិ គឺជារឿងមិនគួរគប្បីឡើយ ព្រោះវាប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិជាធំ។
 
នាយករដ្ឋមន្រ្តី វ័យ៤៧ឆ្នាំ ដែលទើបកាន់តំណែងជាង៤ខែ ក្នុងអាណត្តិទី៧នេះ បានថ្លែងបែបនេះថា៖«ក្នុងនាមជាអ្នកនយោបាយ ចង់អ្នកឯងស្រលាញ់រដ្ឋាភិបាល ឬមិនស្រលាញ់រដ្ឋាភិបាល តែអ្នកឯងគួរតែឱ្យតម្លៃទៅលើអ្វី ដែលផ្ដល់ផលប្រយោជន៍ទៅដល់ប្រទេសយើងទៅ ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រលាញ់ជាតិ»។
 
សម្ដេច ហ៊ុន ម៉ាណែត បានឆ្លើយតបជាគំនិតបែបពិចារណាវិញថា មេដឹកនាំបក្សប្រឆាំងនៅប្រទេសដទៃ ដូចជាប្រទេសបារាំង ជាដើម គឺគេមិនដែលវាយប្រហារប្រធានាធិបតី ឬមេដឹកនាំរដ្ឋាភិបាលបារាំង លើឆាកអន្តរជាតិឡើយ ទោះបីជាគេមិនគាំទ្រ ឬមិនពេញចិត្តជំហររដ្ឋាភិបាលក្តី។ ប៉ុន្តែនៅកម្ពុជាវិញ គេតែងតែឃើញមេដឹកនាំបក្សប្រឆាំងធ្វើបែបនេះ។
 
សម្រាប់ប្រមុខរដ្ឋាភិបាល ការធ្វើសកម្មភាពបែបនេះ វាមិនបានផ្ដល់ចំណេញឡើយ ក្រៅពីផលប៉ះពាល់ដល់មុខមាត់ជាតិ។ ដូច្នេះសម្ដេច ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នកបន្តវេននយោបាយជំនាន់ក្រោយ ត្រូវធ្វើអ្វីក៏ដោយ ត្រូវមើលទៅតាមពេលវេលា និងកាលៈទេសៈ។

សម្ដេច ហ៊ុន ម៉ាណែត គ្រោងលើកយកបញ្ហាជាច្រើន ទៅពិភាក្សាជាមួយលោក ម៉ាក្រុង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យសំខាន់ៗ ដោយផ្ដោតពិសេសលើបញ្ហាប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន , បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។
 
នាយករដ្ឋមន្រ្តីកម្ពុជា ក៏ត្រៀមលើកយកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី ដែលជាសសរស្ដម្ភនៃទំនាក់ទំនងទ្វេភាគី ទៅពិភាក្សាជាមួយលោក ម៉ាក្រុង ទៀតផង។
 
មុនជំនួបនេះ សម្តេច ហ៊ុន ម៉ាណែត ក៏នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសផងដែរ។ កិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល។ក្រៅពីនេះក៏មាន  តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព៕ 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com