អន្តរជាតិ
តៃវ៉ាន់ប្រាប់ចិនឱ្យប្រឈមមុខការពិត និងទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី
15, Jan 2024 , 11:59 am        
រូបភាព
លោក William Lai ប្រធានាធិបតីជាប់ឆ្នោត និងលោកស្រីHsiao Bi-khim អនុប្រធានាធិបតីជាប់ឆ្នោត (ស្តាំ)។ រូបភាព AFP
លោក William Lai ប្រធានាធិបតីជាប់ឆ្នោត និងលោកស្រីHsiao Bi-khim អនុប្រធានាធិបតីជាប់ឆ្នោត (ស្តាំ)។ រូបភាព AFP
តៃវ៉ាន់ នៅថ្ងៃទី១៤ ខែមករា បានអំពាវនាវចិនឱ្យគោរពលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រឈមមុខនឹងការពិត ហើយបោះបង់ចោលការកៀបសង្កត់។ លោក William Lai ដែលចិនចាត់ទុកជាកម្លាំងគាំទ្រឯករាជ្យ ឈ្នះការបោះឆ្នោតប្រធានាធិបតី។



 
លោក William Lai ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៣ ខែមករា ដោយទទួលបានការគាំទ្រលើសពី៤០ភាគរយ។ ក្រោយការបោះឆ្នោតមួយនេះ រដ្ឋាភិបាលក្រុងប៉េកាំងថា មិនអាចផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាន និងនិន្នាការអភិវឌ្ឍនៃទំនាក់ទំនងឆ្លងច្រកសមុទ្របានទេ។ ចិននៅតែបន្តប្តេជ្ញាបង្រួបបង្រួមដែនដីទាំងពីរ ហើយតៃវ៉ាន់នៅតែជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ 
 
ពាក់ព័ន្ធនឹងប្រតិកម្មរបស់ចិន ក្រសួងការបរទេសតៃវ៉ាន់ បានជំរុញរដ្ឋាភិបាលក្រុងប៉េកាំងឱ្យទទួលស្គាល់ការពិត។ 
 
«ក្រសួងការបរទេសអំពាវនាវអាជ្ញាធរក្រុងប៉េកាំងឱ្យគោរពលទ្ធផលការបោះឆ្នោត ប្រឈមមុខការពិត និងបោះបង់ចោលការកៀបសង្កត់តៃវ៉ាន់សម្រាប់ទំនាក់ទំនងឆ្លងដែនសមុទ្រប្រកបដោយភាពវិជ្ជមាន ដើម្បីវិលត្រលប់ទៅរកផ្លូវត្រឹមត្រូវវិញ»។ ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៤ ខែមករា។ 
 
ក្នុងសុន្ទរកថាបន្ទាប់ពីការបោះឆ្នោត លោក Lai បានអបអរអ្នកគាំទ្ររបស់ខ្លួនដែលមិនភ័យខ្លាចចំពោះការគំរាមកំហែងពីសំណាក់កម្លាំងខាងក្រៅ។ 
 
បន្ថែមពីនេះ លោក Lai បានបង្ហាញពីកាយវិការចង់សហការជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់តៃវ៉ាន់ ហើយរក្សាស្ថិរភាព និងសន្តិភាពលើច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
លោក Lai ប្រធានាធិបតីជាប់ឆ្នោត និងលោកស្រី Hsiao Bi-khim ដែលជាអនុប្រធានាធិបតីជាប់ឆ្នោត នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភាខាងមុខ។
 
ក្រោយលោក Lai ឈ្នះការបោះឆ្នោតប្រធានាធិបតី អាម៉េរិក ក៏បានចូលរួមអបអរសាទរផងដែរ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើការជាមួយលោកLai រួមទាំងភាគីទាំងអស់ ដើម្បីពង្រឹងផលប្រយោជន៍ និងតម្លៃទ្វេភាគី។ យ៉ាងណាមិញ ក្រសួងការបរទេសចិន បានជំទាស់ការអបអររបស់អាម៉េរិក ហើយអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានរក្សាការសន្យារបស់ខ្លួន៕

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com