អន្តរជាតិ
លោកលី ឈាំង រម្លឹកពីទំនាក់ទំនងកម្ពុជា-ចិន តាំងពី១ពាន់ឆ្នាំមុនក្នុងរាជវង្សម៉េង
15, Jan 2024 , 3:16 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (ក្នុងរង្វង់) និងប្រាសាទបាយ័ន។ រូបភាព Xinhua និង ISA Rohany
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (ក្នុងរង្វង់) និងប្រាសាទបាយ័ន។ រូបភាព Xinhua និង ISA Rohany
ប្រមុខរដ្ឋាភិបាលចិន លោក លី ឈាំង នៅថ្ងៃទី១៣ ខែមករា បានរម្លឹកពីទំនាក់ទំនងរវាងប្រជាជនចិន និងកម្ពុជា តាំងពី ១ពាន់ឆ្នាំមុន ដែលត្រូវបានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន ក្នុងរាជវង្សម៉េង។ ទន្ទឹមនេះ លោក លី ក៏បានជំរុញឱ្យបង្កើនការអភិវឌ្ឍទំនាក់ទំនងប្រជាជន និងប្រជាជន រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យការការពារបេតិកភណ្ឌវប្បធម៌ សិល្បៈ និងការអប់រំ។

 
ក្នុងលិខិតអបអរការសម្ពោធជាផ្លូវការពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា ២០២៤ លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន លើកឡើងថា កម្ពុជា-ចិន មានអរិយធម៌តាំងពីបុរាណមកជាមួយវប្បធម៌ដ៏ល្អ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានអះអាងថា ប្រទេសទាំងពីរមានប្រវត្តិសាស្រ្តជាមួយគ្នាជាយូរមកហើយ។ 
 
«នាវិក Zheng He មកពីរាជវង្សចិន បានឈប់ចតនៅកម្ពុជា ក្នុងពេលបេសកកម្មផ្លូវសមុទ្រ»។ លោក លី បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ចម្លាក់នៅតែបន្តមានលើប្រាសាទបាយ័ន ដែលបង្ហាញពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ កាល ១ពាន់ឆ្នាំមុន។ 
 
រាជវង្សម៉េង ចាប់ផ្តើមដឹកនាំចិនពីឆ្នាំ ១៣៦៨ ដល់ឆ្នាំ១៦៤៤។ លោក Zheng He ជាឧត្តមនាវីឯកចិន ដែលធ្វើដំណើរពីចិន ទៅមហាសមុទ្រឥណ្ឌា។ 
 
ពីមុនមក លោក ជីវ​ តាក្វាន់ បេសកទូតចិន ក៏បានទៅដល់អង្គរនៅឆ្នាំ១២៩៦ ផងដែរ ហើយលោកបានសរសេរកំណត់ត្រាពី «ប្រពៃណីអ្នកស្រុកចេនឡា»។ 
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលចិន បានកត់សម្គាល់ថា ទំនាក់ទំនងប្រជាជន និងប្រជាជន ជាសសរស្តម្ភមួយនៃ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយលោកសង្ឃឹមថា ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា ២០២៤ ជាឱកាសសម្រាប់លើកតម្កើងទំនាក់ទំនងប្រជាជន និងប្រជាជន និងរួមគ្នាអនុវត្តគំនិតផ្តួតផ្តើមអរិយធម៌សកល។ 
 
បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារបេតិកភណ្ឌវប្បធម៌ សិល្បៈ ការអប់រំ វេជ្ជសាស្រ្ត ការថែរក្សាសុខាភិបាល និងកិច្ចសហការនៅថ្នាក់តំបន់ផងដែរ។ ក្នុងលិខិតអបអរដដែលនោះ លោក លី បានជំរុញរួមគ្នាផ្សព្វផ្សាយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ, បង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងវប្បធម៌ជាដើម។
 
សូមបញ្ជាក់ថា ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា ២០២៤ ត្រូវបានធ្វើឡើងនៅបរិវេណ ព្រះលានជល់ដំរី ខេត្តសៀមរាប ដោយមានវត្តមានសម្តេច ទៀ បាញ់ នៅថ្ងៃទី១៣ ខែមករា៕ 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com