កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជាប់ជា Best FIFA Player ២ឆ្នាំជាប់គ្នា ឯ Guardiola ជាគ្រូល្អបំផុត
16, Jan 2024 , 10:39 am        
រូបភាព
Lionel Messi ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២៣ (Best FIFA Player of the Year) និងពីរឆ្នាំជាប់គ្នា របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​នាំមុខ Erling Haaland ខ្សែប្រយុទ្ធឆ្នើម Manchester City​ និង Kylian Mbappe របស់ Paris St-Germain។ Pep Guardiola ជាប់ជា​គ្រូ​ល្អ​បំផុត (The Best FIFA Men’s Coach)។ Aitana Bonmati ជាប់ជាកីឡាការិនីល្អ​បំផុត​ប្រចាំឆ្នាំ (Best FIFA Women's player)។



ពិធី​ប្រគល់​ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅ​រាត្រី​ថ្ងៃទី​១៥ ខែមករា ក្នុង​ក្រុងឡុងដ៏ ប្រទេស​អង់គ្លេស ក្រោម​ការរៀបចំ​របស់​ FIFA​។ Messi ខ្សែប្រយុទ្ធ​ Inter Miami ដែលគ្មានវត្តមានក្នុងកម្មវិធី បន្តជាប់​ជា Best FIFA Player ឆ្នាំ២០២៣ តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន​ជុំវិញ​ពិភពលោក​។ ពី​កម្ពុជា ប្រធានក្រុមគោព្រៃ គួច សុកុម្ភៈ បោះឱ្យ Messi ម្ចាស់ពាន Ballon D’or ៨សម័យ នៅលេខរៀងទី១ Haaland លេខ២ និង Kevin De Bruyne លេខ៣ ស្របពេលគ្រូបង្វឹកលោក Felix Dalmas បោះឱ្យ Messi, Haaland និង Julian Alvarez។ ដោយឡែកលោក អ៊ឹង ចំរើន នាយកប្រតិបត្តិ​សារព័ត៌មាន​ថ្មីៗ បោះឆ្នោតឱ្យ Haaland លេខ១ Messi លេខ២ និង Khvicha Kvaratskhelia ខ្សែប្រយុទ្ធ Napoli និងជម្រើសជាតិហ្សកស៊ី នៅលេខ៣​។​
 
ប្រធានក្រុមអាហ្សង់ទីន វ័យ៣៦ឆ្នាំ ដែលទទួលបានពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ របស់ FIFA ២លើករួចមកហើយនៅឆ្នាំ ២០១៩ និង ២០២២ ​​ស៊ុត​បញ្ចូល​ទី​បាន​១០​គ្រាប់ ឱ្យ Inter Miami និងជួយក្រុមអាម៉េរិកមួយនេះលើកពាន Leagues Cup ឆ្នាំ២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
  
លោក Infantino ប្រធាន FIFA និង កីឡាការិនី Aitana Bonmati

Pep Guardiola អ្នកចាត់ការទូទៅ Man City ជាប់គ្រូល្អបំផុតក្រោយជួយក្រុមអង់គ្លេសមួយនេះឈ្នះពាន៣ក្នុងមួយរដូវកាល។ លោក Simone Inzaghi គ្រូ Inter Milan និង Luciano Spalletti គ្រូ Napoli នៅលេខ២ និងលេខ៣។
 
អ្នកស្រី Sarina Wiegman ជាប់ជាគ្រូល្អបំផុតប្រចាំឆ្នាំ២០២៣ បើទោះនាំក្រុមនារីអង់គ្លេសបានត្រឹមរងជើងឯក World Cup ក្រោយចាញ់អេស្ប៉ាញ ១-០ វគ្គផ្តាច់ព្រ័ត្រ។
Aitana Bonmati ខ្សែប្រយុទ្ធក្រុមនារី Barcelona និងជម្រើសជាតិអេស្ប៉ាញ ជាប់ជាកីឡាការិនីល្អ​បំផុត​ប្រចាំឆ្នាំ។ Bonmati វ័យ២៥ឆ្នាំ ជួយ Barca ឈ្នះ Champions League និង World Cup ជាមួយអេស្ប៉ាញ។
  


​ជម្រើស​១១​នាក់​ល្អ​បំផុត​របស់ FIFA (FIFA FIFPro World11) ប្រចាំឆ្នាំ២០២៣ មានកីឡាករ Man City ដល់ទៅ៦រូប និង Real Madrid ៣រូប៖
 
 - ​អ្នកចាំទី​: Thibaut Courtois (Real Madrid)
​- ខ្សែការពារ​: John Stones, Kyle Walker, Ruben Dias (Man City) 
- ខ្សែបម្រើ : Jude Bellingham (Real Madrid), Kevin De Bruyne (Man City) និង Bernardo Silva (Man City)
- ខ្សែប្រយុទ្ធ : Lionel Messi (Inter Miami), Haaland (Man City) និង Mbappe (PSG) និង Vinicius Jr (Real Madrid)​៕

Tag:
 Best FIFA Player
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com