សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនជប៉ុន មានទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិនឆ្នាំ២០២៤
16, Jan 2024 , 11:09 am        
រូបភាព
បុគ្គលិកធ្វើការក្នុងរោងចក្រមួយនៅខេត្ត Shaanxi ប្រទេសចិន ។ រូបភាព ៖ Xinhua
បុគ្គលិកធ្វើការក្នុងរោងចក្រមួយនៅខេត្ត Shaanxi ប្រទេសចិន ។ រូបភាព ៖ Xinhua
ក្រុមហ៊ុនជប៉ុនចំនួន១៧០០ ដែលកំពុងធ្វើអាជីវកម្មនៅចិនយល់ថា សេដ្ឋកិច្ចចិននៅឆ្នាំនេះអាចនឹងមិនមានភាពប្រសើរឡើង ឬកាន់តែអាក្រក់ជាងនេះ ដោយសារតម្រូវការខ្សោយ ការព្រួយបារម្ភលើច្បាប់សន្តិសុខជាតិ និងវិបត្តិអចលនទ្រព្យដែលអូសទម្លាក់កំណើនសេដ្ឋកិច្ចចិន។

 
ការស្ទង់មតិមួយនៅថ្ងៃទី១៥ ខែមករាដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅ ចិនបានបង្ហាញថា ក្រុមហ៊ុនជប៉ុននៅចិនបានព្យាករសម្រាប់ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកឆ្នាំ២០២៤ នៅតែភាពអាប់អួរ ដោយប្រហែល៧៥ភាគរយនៃអាជីវកម្មចំនួន ១៧០០ដែលត្រូវបានស្ទង់មតិយល់ថា សេដ្ឋកិច្ចចិននឹងនៅតែបន្តលូតលាស់តិចតួច ឬកាន់តែអាក្រក់ជាងនេះ។ 
 
បច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុន ហើយក៏ជាគោលដៅវិនិយោគកំពូលសម្រាប់អាជីវកម្មជប៉ុនផងដែរ។ ក្រុមហ៊ុនជប៉ុនមួយចំនួនអះអាងថា ដោយសារទស្សនវិស័យសេដ្ឋកិច្ចមិនស្ថិតស្ថេរ និងតម្រូវការខ្សោយទើបសេដ្ឋកិច្ចអាចនឹងមានភាពអាប់អួរ។ ទន្ទឹមនេះ ក្រុមហ៊ុនមួយចំនួនមានការព្រួយបារម្ភផងដែរអំពីបទប្បញ្ញត្តិរបស់ចិនស្តីពីសន្តិសុខជាតិ និងទិន្នន័យឆ្លងដែនជាដើម។
 
យ៉ាងណា ពាក់កណ្តាលនៃក្រុមហ៊ុនដែលចូលរួមក្នុងការស្ទង់មតិនៅតែជឿជាក់ថា ចិនស្ថិតនៅក្នុងទីផ្សារដ៏សំខាន់បំផុតទាំង៣ នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ។ ក្រុមហ៊ុនជប៉ុនភាគច្រើនរំពឹងថាបរិយាកាសធុរកិច្ចនៅចិននឹងប្រសើរឡើងដូចជាកាត់បន្ថយបទប្បញ្ញត្តិទិដ្ឋាការ និងកាត់បន្ថយថ្លៃពលកម្ម។
 
គួរបញ្ជាក់ថា ចិននៅសប្តាហ៍នេះរំពឹងថានឹងប្រកាសពីតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២៣ ។ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន AFP បង្ហាញថាចិនមានកំណើនត្រឹមតែ ៥,២ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩០ ប្រសិនបើមិនរាប់បញ្ចូលអំឡុងពេលកូវីដ-១៩។ យ៉ាងណា តួលេខនេះនៅតែបំពេញតាមគោលដៅកំណើនដែលចិនបានកំណត់កាលពីដើមឆ្នាំ ២០២៣ ប្រមាណ ៥ភាគរយ។ 
 
សេដ្ឋកិច្ចរបស់ចិននៅតែប្រឈមមុខនឹងបញ្ហាជាច្រើននៅពេលបើកឡើងវិញ ក្រោយពីជំងឺកូវីដ-១៩។ ការនាំចេញរបស់ចិនកាលពីឆ្នាំ២០២៣ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដោយសារតែតម្រូវការខាងក្រៅខ្សោយ។ ទន្ទឹមនេះ តម្រូវការ​ក្នុង​ស្រុក​ដែល​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ក្នុង​បរិត្តផរណា​រយៈពេល ៣ខែ​ជាប់​គ្នា។ វិបត្តិ​អចលនទ្រព្យ​ក៏​មិន​បង្ហាញ​សញ្ញា​នៃ​ការ​ប្រសើរ​ឡើង​ច្រើន​ដែរ។
 
សម្រាប់ឆ្នាំ២០២៤  ធនាគារពិភពលោក (WB) បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះមកត្រឹម ៤,៥ភាគរយ ។ ចំណែកអ្នក​សេដ្ឋកិច្ច​របស់ AFP បាន​ដាក់​តួលេខ​នេះ​នៅ​ត្រឹម ៤,៧ភាគរយ៕

Tag:
 ជប៉ុន
  ចិន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com