កីឡាអន្តរជាតិ
អន្តរជាតិ
Everton និង Forest ប្រឈមកាត់ពិន្ទុ ពីបទចំណាយលើសចំណូល នៅ EPL
16, Jan 2024 , 3:08 pm        
រូបភាព
ក្លិប Everton និង Nottingham Forest ប្រឈមមុខនឹងការកាត់ពិន្ទុបន្ទាប់ក្លិបទាំងពីររងការចោទប្រកាន់ពីសំណាក់ក្របខណ្ឌ Premier League ជុំវិញការបំពានច្បាប់លើការចំណាយ និងនិរន្តរភាព (PSR)។ នេះបើតាមការប្រកាសរបស់លីគកំពូលអង់គ្លេស នាថ្ងៃទី១៥ ខែមករា។



កាលពីដើមរដូវកាល Everton ត្រូវបានកាត់ចំនួន ១០ពិន្ទុរួចហើយនៅរដូវកាល ២០២៣-២៤ ចំពោះបញ្ហាផ្នែកហិរញ្ញវត្ថុកាលពីរដូវកាល ២០២០-២១ និងរុញច្រានក្រុមធ្លាក់ទៅឈរនៅបាតតារាង។ 
 
ឥឡូវនេះទាំង Forest និង Everton ត្រូវបានបញ្ចូលបទចោទទៅកាន់ប្រធានក្រុមប្រឹក្សាចៅក្រម ដែលនឹងតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីកំណត់ការដាក់ទណ្ឌកម្មសមស្រប។
 
បើតាមច្បាប់ប្រកួតដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ Premier League ក្លិបទាំង ២ បានធ្វើឱ្យខាតបង់ប្រាក់អតិបរមា ១០៥លានផោន (១៣៣,៦៣លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ។ ជុំវិញបញ្ហានេះ ទាំងក្លិប Everton និង Forest ក៏បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ឆ្លើយតបទៅនឹងការប្រកាសរបស់ ​Premier League វិញផងដែរ។
 
ក្លិប Everton អាចធានាដល់អ្នកគាំទ្រថា នឹងបន្តការពារជំហររបស់ខ្លួនលើការចោទប្រកាន់នេះ ដោយក្លិប បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការកាត់ពិន្ទុដែល Premier League ធ្លាប់បានដាក់លើខ្លួនម្តងហើយ និងចោទលីគកំពូលអង់គ្លេសថា បានធ្វើរឿងអយុត្តិធម៌មកលើក្លិប។
 
កាលពីរដូវកាល ២០២២​-២៣ ក្លិប Nottingham Forest ដែលឡើងមកលីគកំពូលក្រោយឈ្នះកៅអីនៅក្របខណ្ឌ Championship បានបំបែកកំណត់ត្រានាំចូលកីឡាករ ២១នាក់។ មូលហេតុនេះដែលនាំឱ្យ Forest ជួបបញ្ហាខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ 
 
«ក្លិបមានបំណងបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយ Premier League លើបញ្ហានេះ ហើយមានទំនុកចិត្តលើដំណោះស្រាយដ៏លឿន និងយុត្តិធម៌។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Nottingham Forest។
 
ក្លិបក្នុងលីគកំពូលប្រទេសអង់គ្លេស កាលពីមុនក៏ធ្លាប់ត្រូវបានកាត់ពិន្ទុដូចគ្នាដែរ រួមមាន Middlesbrough កាត់ ៣ពិន្ទុ កាលពីឆ្នាំ ១៩៩៧​ ព្រោះខកខានបំពេញតាមកាលវិភាគប្រកួត, Portsmouth កាត់ ៩ពិន្ទុ ឆ្នាំ ២០១០ ព្រោះវិបត្តិហិរញ្ញវត្ថុរបស់ក្លិប៕

Tag:
 Everton
  Nottingham Forest
© រក្សាសិទ្ធិដោយ thmeythmey.com