អន្តរជាតិ
លោក គិន ភា៖ ទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត នៅបារាំង ជាការអភិវឌ្ឍទំនាក់ទំនង និងជាច្រកការទូតសេដ្ឋកិច្ច
16, Jan 2024 , 5:59 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ខាងឆ្វេង) លោក គិន ភា​ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (កណ្តាល) និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ខាងឆ្វេង) លោក គិន ភា​ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (កណ្តាល) និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង
ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅបារាំង បានបង្ហាញឱ្យឃើញពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយជាក្តីសង្ឃឹម និងជាសញ្ញាវិជ្ជមានមួយ សម្រាប់អភិវឌ្ឍទំនាក់ទំនងឈានឡើងទៅកម្រិតខ្ពស់មួយទៀត។ នេះបើតាមការយល់ឃើញរបស់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១៦ ខែមករា។ លោកបន្តថា បារាំងដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍកម្ពុជា និងជាច្រកការទូតសេដ្ឋកិច្ច។

-
ចាប់តាំងពីថ្ងៃទី១៣ ខែមករា សម្តេច ហ៊ុន ម៉ាណែត បានចាកចេញពីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅបារាំង និងប្រទេសអឺរ៉ុបរហូតដល់ថ្ងៃទី១៩ ខែមករា។ ក្នុងដំណើរទស្សនកិច្ចទៅបារាំងនេះ សម្តេច ហ៊ុន ម៉ាណែត ជាមេដឹកនាំកម្ពុជាទី៣ ហើយ បន្ទាប់ពីវត្តមានរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៅក្នុងខែធ្នូ ឆ្នាំ២០២២ និងព្រះរាជវត្តមានព្រះមហាក្សត្រនៅខែវិច្ឆិកា ឆ្នាំ២០២៣។ 
 

ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជានៅបារាំង លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានកត់សម្គាល់ថា ជាការបង្ហាញពីការអភិវឌ្ឍទំនាក់ទំនងដ៏ល្អមួយ និងជាច្រកការទូតរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្ម។ 
 
«ការផ្លាស់ប្តូរទំនាក់ទំនងផ្លូវរដ្ឋ និងផ្លូវការញឹកញាប់បែបនេះ គឺសបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសយើងទាំងពីរ ហើយក៏ជាក្តីសង្ឃឹមមួយ ជាសញ្ញាវិជ្ជមានដ៏សំខាន់មួយ ស្របពេលទំនាក់ទំនងប្រទេសទាំងពីរកាន់តែឈានឡើងក្នុងកម្រិតខ្ពស់មួយទៀត»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសតាមប្រព័ន្ធទូរសព្ទ នៅថ្ងៃទី១៦ ខែមករា។ 
 
ទន្ទឹមនេះ លោក គិន ភា បានយល់ឃើញផងដែរថា បារាំង បានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍ និងជាច្រកការទូតសេដ្ឋកិច្ចសម្រាប់កម្ពុជា។ ត្រង់ចំណុចនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានពន្យល់ថា ប្រសិនបើកម្ពុជា អាចអូសទាញការវិនិយោគមកកម្ពុជាពីបារាំងបានបន្ថែមទៀត វាអាចជាសារវិជ្ជមានមួយ សម្រាប់បណ្តាប្រទេសផ្សេងៗទៀតនៅសហភាពអឺរ៉ុប និងប្រទេសលោកខាងលិច ដោយសារបារាំងជាឆ្អងខ្នងដ៏សំខាន់មួយរបស់សហភាពអឺរ៉ុប។ 
 
បន្ថែមពីនេះ លោកបណ្ឌិត បានបន្តថា បើកម្ពុជាអាចពង្រឹងទំនាក់ទំនងការទូតក្នុងកម្រិតខ្ពស់មួយទៀតជាមួយបារាំង ការធ្វើពិពិធកម្មការទូតរបស់កម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ ដែលអាចលាងសម្អាតកេរ្តិ៍ឈ្មោះកម្ពុជាពីការលំអៀងទៅរកចិន។ 
 
មិនតែប៉ុណ្ណោះ លោក គិន ភា បានលើកឡើងពីតួនាទីដ៏សំខាន់របស់បារាំង ក្នុងវិស័យសុខាភិបាលនៅកម្ពុជាផងដែរ ដោយលោកជំរុញឱ្យមានការវិនិយោគបន្ថែមពីក្រុមហ៊ុនបារាំង។ បើតាម ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ការបើកមន្ទីរពេទ្យបារាំងដ៏ធំនៅកម្ពុជា មិនត្រឹមជួយប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែអាចទាក់ទាញភ្ញៀវទេសចរ តាមរយៈទេសចរណ៍វេជ្ជសាស្រ្ត។
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានទំហំប្រមាណ ៥៤២លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដោយកម្ពុជានាំចេញទៅបារាំងមានទំហំ ៤២៣លានដុល្លារ ខណៈនាំចូលមានទំហំ ១១៩លានដុល្លារ។ ទំនិញកម្ពុជានាំទៅបារាំងមានដូចជា ស្បែកជើង សំលៀកបំពាក់ និងថ្នាំពេទ្យជាដើម៕ 
 

Tag:
 កម្ពុជា
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com