កីឡាជាតិ
ជាតិ
ពានរង្វាន់សម្ដេច ហ៊ុន សែន៖ អង្គរថាយហ្គឺរ ស្វាគមន៍ណាហ្គាវើលដ៍ និងជំនួប៣គូផ្សេងទៀត
17, Jan 2024 , 11:29 am        
រូបភាព
ក្រុមអង្គរថាយហ្គឺរ រូបពី Cambodian Premier League
ក្រុមអង្គរថាយហ្គឺរ រូបពី Cambodian Premier League
អង្គរថាយហ្គឺរ ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន (Hun Sen Cup) រដូវកាលទី១៧ វគ្គជម្រុះថ្នាក់ជាតិ ជើងទី១ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានហុនមាន ខេត្តសៀមរាប វេលាម៉ោង ៣:៣០នាទីរសៀល។ ក្នុងថ្ងៃជាមួយគ្នានេះ គិរីវង់សុខសែនជ័យ ទទួល កងយោធពលខេមរភូមិន្ទ ស្របពេលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ប្រកួតជាមួយ ខេត្តព្រៃវែង និង សៀមរាប អេហ្វស៊ី ស្វាគមន៍ បឹងកេត។



អង្គរថាយហ្គឺរ ធ្វើមិនបានល្អសោះក្នុងការប្រកួតលីគ ដោយបានឆ្លងកាត់ ១៧ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់១១។ ជំនួបចុងក្រោយរវាងណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា បានត្រឹម ០-០ ប៉ុណ្ណោះ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ ដោយឡែក អង្គរថាយហ្គឺរ ត្រូវជួបណាហ្គាវើលដ៍ ក្នុងសប្ដាហ៍ជាមួយគ្នានេះ ចំនួន២ប្រកួត គឺពានសម្ដេច ហ៊ុន សែន នៅថ្ងៃទី១៧ ខែមករា ហើយថ្ងៃទី២០ ខែមករា ណាហ្គាវើលដ៍ ត្រូវស្វាគមន៍ អង្គរថាយហ្គឺរវិញ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
 
ក្នុងពេលទន្ទឹមគ្នានោះ គិរីវង់សុខសែនជ័យ ត្រូវប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ។ ចំណែក សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ត្រូវប៉ះជាមួយ ខេត្តព្រៃវែង នៅទីលានបាល់ទាត់បណ្ឌិត្យសភានគរបាលកម្ពុជា ខណៈពេល សៀមរាប អេហ្វស៊ី ប្រកួតជាមួយបឹងកេត នៅកីឡដ្ឋានខេត្តសៀមរាប។

ក្រុមណាហ្គាវើលដ៍ រូបពី Cambodian Premier League
 
ចំពោះលទ្ធផលប្រកួតក្នុងជើងទី១ Hun Sen Cup ឆ្នាំ២០២៤ ដដែលនេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ អាយ អេស អាយ ដង្កោសែនជ័យ បានលត់ អង្គរស៊ីធីអេហ្វស៊ី លទ្ធផល ៧-០ នៅកីឡដ្ឋានហនុមាន។ ចំណែក ភ្នំពេញក្រោន បានឈ្នះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល២-១ នៅទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ ខណៈ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានចាញ់វិសាខា ក្នុងលទ្ធផល ៣-១ នៅទីលានវិទ្យាល័យព្រះសីហនុ។ រីឯ ព្រះខ័នរាជស្វាយរៀង យកជ័យជម្នះ លើក្រុមខេត្តបន្ទាយមានជ័យ ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋានខេត្តស្វាយរៀង៕

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com