ជាតិ
សង្គមជាតិ
ជនជាតិបង់ក្លាដែស ឥណ្ឌា ស្រីលង្កា ៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា សង្គ្រោះពីការជួញដូរមនុស្ស
17, Jan 2024 , 2:04 pm        
រូបភាព
ជនរងគ្រោះពាក់ព័ន្ធនឹងការជួញដូរមនុស្សដែលសមត្ថកិច្ចជួយសង្គ្រោះ។ រូបពី GDI
ជនរងគ្រោះពាក់ព័ន្ធនឹងការជួញដូរមនុស្សដែលសមត្ថកិច្ចជួយសង្គ្រោះ។ រូបពី GDI
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនបរទេស៥៨នាក់ ក្នុងនោះមានពីរនាក់ជាជនសង្ស័យ ហើយ៥៦នាក់ជាជនរងគ្រោះ ។ សមត្ថកិច្ចសង្ស័យ ថា ពួកគេជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយ នៅថ្ងៃទី១៧មករា។

 
កម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យទីតាំងចំនួនពីរកន្លែង នៅសណ្ឋាគារមួយ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងផ្ទះសំណាក់មួយកន្លែងទៀត ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលសង្ស័យថា ជាទីតាំងនាំមនុស្សឆ្លងដែនខុសច្បាប់។ ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១១ មករា តាមបណ្ដឹងសុំអន្តរាគមន៍របស់ជនជាតិបង់ក្លាដែស កាលពីថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៣។ 
 
បន្ទាប់ពីសមត្ថកិច្ចទទួលបណ្ដឹងសុំអន្តរាគមន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះស្រាវជ្រាវស៊ើបអង្កេតជាបន្តបន្ទាប់  ទើបចុះឃាត់ខ្លួនជនបរទេសបាន៥៨នាក់ នៅទីតាំងទាំង២ខាងលើ។ 
 
ក្នុងចំណោមបរទេសទាំងនោះ មានជនសង្ស័យ៥៦នាក់ ក្នុងនោះ មានជនជាតិបង់ក្លាដែស ៥១រូប, ឥណ្ឌា៤រូប និងស្រីលង្កា១រូប។ សមត្ថកិច្ចអះអាងថា​ ពួកគេត្រូវបានមេខ្យល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ហើយសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។ 
 
ចំណែក ជនបរទេស២នាក់ទៀត ជាជនជាតិបង់កា្លដែស ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។
 
បច្ចុប្បន្នជនរងគ្រោះទាំង៥៦នាក់ បានប្រគល់ឲ្យអង្គការ ការីតាសកម្ពុជា-ខេត្តកណ្តាល តាមការសម្របសម្រួលរបស់ក្រសួងសង្គមកិច្ច។ រីឯ ជនសង្ស័យជាមេខ្លោងទាំង២នាក់ ត្រូវបានសមត្ថកិច្ចករៀបចំបញ្ជូនសំណុំរឿងរបស់ពួកគេ ទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យ ជាជនបរទេស៤នាក់ទៀត ដែលបានរត់គេចខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com