សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃកំពុងជំរុញការនាំចេញអង្ករឲ្យបាន ៨,៥លានតោននៅឆ្នាំ២០២៤
18, Jan 2024 , 8:19 pm        
រូបភាព
រូបភាព ៖ Bangkok Post
រូបភាព ៖ Bangkok Post
ថៃដាក់គោលដៅនាំចេញអង្ករឲ្យបាន ៨,៥លានតោននៅឆ្នាំ២០២៤ ។ ថ្មីៗនេះរដ្ឋាភិបាលថៃបានបានចុះកិច្ចព្រមព្រៀងជាមួយឥណ្ឌូណេស៊ីក្នុងការនាំចេញអង្ករ ១លានតោន។ ទន្ទឹមនេះ ថៃក៏កំពុងចរចារពង្រីកទីផ្សារអង្ករជាមួយអាម៉េរិក អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសអាហ្វ្រិកមួយចំនួនផងដែរ។

 
ថៃកំពុងជំរុញយ៉ាងសកម្មនូវការនាំចេញអង្ករទៅកាន់ទីផ្សានានាជុំវិញពិភពលោក។ ជាពិសេសនៅឆ្នាំ២០២៤ រដ្ឋាភិបាលថៃបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការនាំចេញអង្ករឲ្យបាន ១លានតោន ក៏ដូចជា ១លានតោនផ្សេងទៀតជាមួយវិស័យឯកជន។
 
គោលដៅនេះ គឺដើម្បីឈានទៅដល់ការនាំចេញអង្ករសរុបឲ្យបានជាង ៨,៥លានតោននៅដំណាច់ឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មាន The Nation ដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Phumtham Wechayachai នៅថ្ងៃទី១៧ ខែមករា។  បច្ចុប្បន្នថៃជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកបន្ទាប់ពីឥណ្ឌា។
 
ចាប់ពីថ្ងៃទី ១៧-២២ ខែមករា លោក Phumtham Wechayachai កំពុងធ្វើទស្សនកិច្ចនៅអាម៉េរិក ដើម្បីចរចាពង្រីកទីផ្សារអង្ករ និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសស្វែងរកអ្នកនាំចូលអង្ករថ្មីនៅក្នុងទីផ្សាអាម៉េរិក។ 
 
ក្រៅ​ពី​អាម៉េរិក លោក Phumtham Wechayachai បានអះអាង​ថា ថៃកំពុង​ពិភាក្សា​ជាមួយដៃគូនាំចូលអង្ករផ្សេង​ទៀត​ដូច​ជា អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​​។ 
 
គួរបញ្ជាក់ថា រយៈពេល ១១ខែនៃឆ្នាំ២០២៣ ថៃបាននាំចេញអង្ករចំនួន ៧,៩៤លានតោន កើនឡើង ១៤,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ តម្លៃ​នាំ​ចេញ​អង្ករ​ក្នុង​អំឡុង​ពេល​នេះ​សម្រេច​បាន​ ៤,៦១​ពាន់​លាន​ដុល្លារ កើនឡើង​២៨,៩ភាគរយ។ 
 
ទីផ្សារនាំចេញអង្ករកំពូលៗរបស់ថៃ មានឥណ្ឌូណេស៊ីចំនួន ១,២៧លានតោន បន្ទាប់មកមានអាហ្វ្រិកចំនួន ៨៧៦១៨៤តោន អ៊ីរ៉ាក់ចំនួន ៨១៤៨០៥តោន អាម៉េរិកចំនួន ៦៤៨៩៤៦តោន និងចិនចំនួន ៣៦៧២០៤តោន។ នេះបើតាមសារព័ត៌មានថៃ The Nation ដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ៕ 

Tag:
 អង្ករ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com