កីឡាជាតិ
ជាតិ
Kun Khmer Kung Fu៖ កម្ពុជា-ចិន ចាប់ដៃគ្នាផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក
18, Jan 2024 , 9:29 pm        
រូបភាព
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) យល់ថាព្រឹត្តិការណ៍ Kun Khmer Kung Fu ដែលត្រូវធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានសារសំខាន់ ក្នុងការផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ប្រទេសចិន។ ជាពិសេស ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើដោយមានកិច្ចសហការផ្សព្វផ្សាយជាមួយ ទូរទស្សន៍ហាយណាន នៅចិន ហើយស្របពេល ដែលកម្ពុជា និងចិន ប្រារព្ធទិវា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤» ផងដែរ។

 
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងចិន បានធ្វើទិវា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤» នៅក្នុងទឹកដីអង្គរ។ ការបង្ហាញសិល្បៈ តន្ដ្រី និងការបង្ហាញពីវប្បធម៌រវាងប្រទេសទាំង២ បានដាក់ក្នុងទិវានោះ។ 
 
លោក ថោង ខុន បាននិយាយក្នុងកិច្ចសំណេះសំណាលជាមួយ ប្រព័ន្ធផ្សព្វផ្សាយចិនហៃណាន ស្ដីអំពី KUN KHMER KUNG FU ក្បាច់គុនកុងហ្វូ «សៅលីង» នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា កីឡា ក៏ជាផ្នែកមួយនៃវប្បធម៌ដែរ។ នៅថ្ងៃទី១៩ ខែមករា ព្រឹត្តិការណ៍ Kun Khmer Kung Fu ដែលរៀបចំឡើងដោយទូរទស្សន៍ថោន នៅសង្វៀនជិតវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ មានកីឡាករ-កីឡាការិនីចិន ៦រូប មកប្រកួតជាមួយអត្ដពលិកគុនខ្មែរកម្ពុជា។ ដោយព្រឹត្តិការណ៍នេះ នឹងត្រូវផ្សាយផ្ទាល់ទៅប្រទេសចិនតាមរយៈស្ថានីយ៍ទូរទស្សន៍ហាយណាន។
 
ប្រធាន NOCC រូបនេះ មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះ គឺមានសារសំខាន់ និងត្រូវតាមពេលវេលា ដែលកម្ពុជា-ចិន ធ្វើទិវា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន»ផង និងជាការផ្សព្វផ្សាយគុនខ្មែរទៅកាន់ប្រទេសចិន ជាពិសេសពិភពលោកទាំងមូល ឲ្យស្គាល់គុនខ្មែរកាន់តែច្បាស់។
 
«Kun Khmer Kung Fu គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការរួមចំណែកទិវា នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ផងដែរ។ កីឡា គឺជាវប្បធម៌។ ប៉ុន្ដែអ្វី ដែលជាការកើតឡើងនៅថ្ងៃស្អែក គឺជាការផ្សព្វផ្សាយដើម្បី ចូលរួមលើកកម្ពស់ នៅគុនខ្មែរ ផ្សព្វផ្សាយទៅកាន់អន្ដរជាតិ។ តាមរយៈកិច្ចសហការនេះ យើង ចំណេញច្រើន ដល់ការផ្សព្វផ្សាយគុនខ្មែររបស់យើង ទៅកាន់អន្ដរជាតិទាំងមូល គឺមិនមែនគ្រាន់តែចង់ឲ្យប្រជាជនចិនស្គាល់គុនខ្មែរទេ ប៉ុន្ដែគឺឲ្យ ពិភពលោកទាំងមូល ព្រោះ Channel គេវាធំ។»។
 
លោក ថោង ខុន ក៏បន្ថែមទៀតផងដែរថា ពិភពលោក កាន់តែស្គាល់គុនខ្មែរច្រើនឡើងៗ ប៉ុន្ដែ NOCC ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ នៅតែបន្ដការប្រឹងប្រែង ធ្វើយ៉ាងណាឲ្យក្បាច់គុនមួយនេះ បានចូលជាកីឡាក្នុងតំបន់ និងទ្វីប យ៉ាងយូបំផុតជោគជ័យក្នុងឆ្នាំ២០៣២។
ព្រឹត្តិការណ៍ Kun Khmer Kung Fu មានការប្រកួតដូចជា៖
 
១- ម៉ឺន មេឃា ប្រកួតជាមួយ Zhang Jingtao លើទម្ងន់ ៦៣.៥គីឡូក្រាម
២- ធឿន ធារ៉ា ប្រកួតជាមួយ Chiao Zhou លើទម្ងន់ ៧២គីឡូក្រាម
៣- ផល សោភ័ណ្ឌ ប្រកួតជាមួយ Liu Longquan លើទម្ងន់ ៦៥គីឡូក្រាម
៤- ពេជ្រ សម្បត្តិ ប្រកួតជាមួយ Yang Huo លើទម្ងន់ ៦០គីឡូក្រាម
៥- អេ យ៉ានុត ប្រកួតជាមួយ Kuang Fei លើទម្ងន់ ៥៧គីឡូក្រាម
៦- ការប្រកួតម៉ារ៉ាតុង កីឡាករ៤ប្រទេសផ្សេងគ្នា ក្នុងនោះ កីឡាករ រឿង សោភ័ណ្ឌ តំណាងឲ្យកម្ពុជា ត្រូវប្រជែងជាមួយកីឡាករមកពី៣ប្រទេសផ្សេងទៀត មកពីហ្វីលីពីន, រុស្ស៊ី និងចិន។ 
 
ព្រឹត្តិការណ៍ នឹងចាប់ផ្ដើមពីម៉ោង ៨:០០យប់ នៅជិតវត្តស្ងួនពេជ្រ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ៕ 
 

Tag:
 ប្រដាល់គុនខ្មែរ
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com