កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ថាកាលវិភាគបាល់ទាត់មមាញឹកបង្កហានិភ័យ ដូចប្រកួត NBA
18, Jan 2024 , 5:51 pm        
រូបភាព
Kylian Mbappe និយាយថាការបង្កើនកាលវិភាគដ៏មមាញឹកសម្រាប់បាល់ទាត់អឺរ៉ុប កំពុងតែឆ្លុះបញ្ចាំងពីភាព​ស្រដៀងទៅនឹងការប្រកួតលីគបាល់បោះ NBA។ កីឡាករវ័យ ២៥ឆ្នាំ ព្រមានពីការប្រកួតញឹកញាប់ នឹងផ្តល់ប៉ះពាល់ដល់កីឡាករ ការគ្រប់គ្រង និងបន្ទុកបែបកីឡាបាល់បោះ មកលើវិស័យបាល់ទាត់។



នៅក្នុងកិច្ចសម្ភាសជាមួយ​កម្មវិធី British GQ កីឡាករសញ្ជាតិបារាំង បានបញ្ជាក់ថាកាលវិភាគដ៏មមាញឹក នឹងបង្កឱ្យមានជម្លោះរវាងកីឡាករ ក្រុម និងអ្នកគាំទ្រ។ កាលពីរដូវកាល ២០២២-២៣ Mbappe បង្ហាញខ្លួនលេងចំនួន ៦៣ប្រកួត សម្រាប់ក្លិប Paris Saint Germain មិននៅក្រុមជម្រើសជាតិបារាំង ដែលជាចំនួនការប្រកួតដ៏ច្រើន។
 
Mbappe បកស្រាយទៅលើបញ្ហាកាលវិភាគប្រកួតដូច្នេះ៖ «យើងកំពុងតែខិតជិតទៅនឹងរបៀបស្រដៀងនឹងការប្រកួត NBA ជាមួយការប្រកួត ១រដូវកាល មាន ៧០លើក។ សម្រាប់ខ្ញុំ ខ្ញុំមិនពេញចិត្តចំពោះការលេងច្រើនប្រកួតឡើយ តែយើងក៏មិនអាចធ្វើបានល្អរហូត ដូចដែល​អ្នកគាំទ្របានរំពឹងនោះទេ។ ក្នុង NBA កីឡាករ គឺមិនបានលេងល្អគ្រប់ការប្រកួតឡើយ ព្រមទាំងមានសិទ្ធិទៅគ្រប់គ្រងទៅអនុវត្តការងារដទៃ ដែលពួកគេកំពុងមានបន្ទុក។ ប៉ុន្តែបើខ្ញុំវិញនិយាយថា ហត់នឿយ ខ្ញុំមិនលេងនៅសប្តាហ៍នេះ​! វានឹងក្លាយជារឿងមិនល្អ ព្រោះអ្នកទស្សនាដែលទិញសំបុត្រ គឺដើម្បីឃើញយើងប្រកួត។[…]»។
 
មិនតែប៉ុណ្ណោះ ប្រធានក្រុម PSG បានលើកឡើងពីបញ្ហាវេលាការប្រកួត ដើម្បីស្នើដល់ស្ថាប័នគ្រប់គ្រងបាល់ទាត់ក្នុងតំបន់ និងពិភពលោក ស្វែងរកដំណោះស្រាយដែលល្អសម្រាប់​​កីឡាករ​។
 
​​កាលពីសប្តាហ៍មុន Mbappe ត្រូវបានគេប្រទះឃើញទៅទស្សនាការប្រកួតកីឡាបាល់បោះ NBA ដែលធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយជាការប្រកួតរវាងក្រុម Cleveland Cavaliers បានបំបាក់ក្រុម Brooklyn Nets។ នៅពេលត្រូវសួរនាំ​ពីការផ្លាស់ប្តូរនៅក្នុងវិស័យបាល់ទាត់ តារាឆ្នើម PSG បានរំឮកពីការចាកចេញរបស់អតីតមិត្តរួមក្រុមដូចជា Lionel Messi និង Neymar ទៅតាមលីគបាល់ទាត់រៀងៗខ្លួន ដូចជាអាម៉េរិក និងអារ៉ាប៊ីសាអូឌីត ដោយចាត់ទុកថាជាការផ្លាស់ប្តូរនៃប្រវត្តិសាស្ត្របាល់ទាត់ ពីមួយជំនាន់ទៅមួយជំនាន់។
 
«កីឡាករអស្ចារ្យជាច្រើន ដែលធ្លាប់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃបាល់ទាត់ បានចាកចេញពីអឺរ៉ុប ហើយពេលនេះ យើងកំពុងឈានជើងចូលទៅក្នុងយុគសម័យថ្មី។ រឿងនេះបានក្លាយជាផ្នែកមួយនៃវដ្ដរបស់កីឡា ហើយនៅពេលណាមួយ វានឹងក្លាយជាវេនរបស់ខ្ញុំដែលត្រូវចាកចេញ។ ខ្ញុំមិនព្រួយទេ ពីការផ្លាស់ប្តូរ តែខ្ញុំគ្រាន់តែគិតពីការបន្តអាជីព តាមក្តីស្រមៃរបស់ខ្ញុំ។»។ Mbappe បានលើកឡើងបែបនេះ។
 
Mbappe ត្រូវបានគេដឹងថា បានយល់ព្រមលើសំណើ ផ្ទេរទៅកាន់ Real Madrid នៅរដូវកាល ២០២៤-២៥​។ នេះបើតាមប្រភពស្និទ្ធនឹងកិច្ចព្រមព្រៀង បានប្រាប់ទៅកាន់ទូរទស្សន៍ ESPN កាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណា កីឡាករវ័យ ២៥ឆ្នាំរូបនេះ អះអាងថា គេទើបជាអ្នកមានសិទ្ធិសម្រេចថានៅបន្ត ឬចាកចេញពីក្លិប នៅប្រទេសបារាំង៕
 

Tag:
 Kylian Mbappe
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com