កីឡាជាតិ
ជាតិ
តេជោលីគ៖ ខ្លាំងប៉ះខ្លាំង រវាងមហាផ្ទៃ និងអង្គរក្ស រីឯកណ្តាល-កងពលធំលេខ៣ ត្រូវការឈ្នះលើកដំបូង
19, Jan 2024 , 2:00 pm        
រូបភាព
ការប្រកួតលីគបាល់ទះ«តេជោលីគ» ឈានដល់សប្តាហ៍ទី២ហើយ នៅថ្ងៃទី១៩ ខែមករា ដោយជំនួបដំបូងចាប់ពីម៉ោង១រសៀលតទៅ ក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវតទល់កងពលធំអន្តរាគមន៍លេខ៣ ដែលក្រុមទាំងពីរត្រូវការឈ្នះលើកដំបូងរៀងខ្លួន បន្ទាប់ ចាញ់២ប្រកួតដំបូងដូចគ្នា។ ជំនួបខ្លាំងប៉ះខ្លាំង រវាងសមាគមក្រសួងមហាផ្ទៃ​ ជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្ស និង ២គូផ្សេងទៀត នឹងធ្វើឡើងបន្តបន្ទាប់នៅសាលវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។



​២ប្រកួតកន្លងមកនៅក្នុងសប្តាហ៍ដំបូងនៃការប្រកួត«តេជោលីគ» ក្រុមចំនួន ៣ រួមមាន ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស និងសមាគមក្លិបបាល់ទះវិសាខា រកបានជ័យជម្នះ ២លើកដូចគ្នា ខណៈដែលក្លិបបាល់ទះខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ​ឈ្នះ ១ និងចាញ់ ១ប្រកួត ហើយស្នងការដ្ឋាននគរបាលខេត្តកណ្តាល, ពោធិ៍សាត់ និងកងពលធំអន្តរាគមន៍លេខ ៣ ចាញ់ ទាំង២លើកជាប់គ្នា។
 
ជាគូបើកឆាកសប្តាហ៍ទីពីរ ថ្ងៃទីមួយ រវាងក្លិបខេត្តកណ្តាល ទល់នឹងកងពលធំលេខ ៣​​ វេលាម៉ោង ១រសៀល នាសាលវិមានអូឡាំពិក នឹងក្លាយជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមសងខាងក្នុងការស្វែងរកជ័យជម្នះ និងពិន្ទុសម្រាប់បន្តប្រជែងតំណែងចំណាត់ថ្នាក់ក្រុមទាំង ៦ ឆ្លងទៅកាន់ជុំទី២។

ជំនួបខ្លាំងប៉ះខ្លាំង នឹងចាប់ផ្តើមនៅវេលាម៉ោង​ ៣រសៀល រវាងក្រសួងមហាផ្ទៃ ជាមួយនឹងបញ្ជាការដ្ឋានអង្គរក្ស។ ចំណោមក្រុមទាំងពីរ តើក្រុមណាអាចរក្សាជ័យជម្នះរបស់ខ្លួន ស្របពេល អង្គរក្សមានសមាជិកជម្រើសជាតិឥណ្ឌូណេស៊ីចូលរួមផង។ 
  

 
ក្លិបខេត្តពោធិ៍សាត់ ចាញ់ ២ប្រកួត លើកដំបូង ក៏ត្រូវស្វែងរកឱកាសឈ្នះលើកដំបូង ដោយត្រូវជួបតទល់ជាមួយនឹងក្លិបបញ្ជាការដ្ឋាននគរបាល់រាជធានីភ្នំពេញ វេលាម៉ោង ៥ល្ងាច ដែលជាក្រុមមានសមាសភាពត្រសងគ្នា តែភ្នំពេញមានប្រៀបជាងព្រោះតែឈ្នះការប្រកួត ១លើក។
 
ចំណែកគូចុងក្រោយ សមាគមបាល់ទះវិសាខាដែលជាក្រុមឈរលេខ ១ នឹងបន្តបេសកកម្មស្វែងរកការប្រជែងពិន្ទុនៅលំដាប់កំពូលតារាងរបស់ខ្លួនសម្រាប់ការប្រកួតនៅថ្ងៃទី១៩ ខែមករា នៅវេលាម៉ោង ៧យប់ ដោយត្រូវជួបតទល់ជាមួយនឹងក្រុមបាល់ទះខេត្តព្រះសីហនុ ដែលឆ្លងកាត់ ២ប្រកួតដំបូងឈ្នះ ១ និងចាញ់ ១។
 
ការប្រកួតនៅថ្ងៃទី២០​ ខែមករា នគរបាលរាជធានីភ្នំពេញ ជួប សមាគមបាល់ទះវិសាខា វេលាម៉ោង ១រសៀល មុនពេល ក្លិបបាល់ទះខេត្តព្រះសីហនុ ត្រូវប៉ះក្រុមកងពលធំអន្តរគមន៍លេខ ៣ វេលាម៉ោង ៣រសៀល ហើយ សមាគមក្រសួងមហាផ្ទៃ ជួបក្រុមនគរបាលខេត្តកណ្តាល វេលាម៉ោង ៥ល្ងាច និងគូចុងក្រោយ ក្លិបនគរបាលខេត្តពោធិ៍សាត់ ជួបក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្ស វេលាម៉ោង ៧យប់៕ 
 
ឈានចូលការប្រកួតសម្រាប់ថ្ងៃទី២១ ខែមករា ក្លិបខេត្តពោធិ៍សាត់ ជួប ក្លិបខេត្តកណ្តាល វេលាម៉ោង ១រសៀល មុនពេលក្លិបភ្នំពេញ ប៉ះជាមួយនឹងបញ្ជាការដ្ឋានអង្គរក្ស វេលាម៉ោង ៣រសៀល ហើយវិសាខា ជួបកងពលធំលេខ​ ៣ ម៉ោង ៥ល្ងាច និងការប្រកួតចុងក្រោយក្លិបខេត្តព្រះសីហនុ ជួបក្រសួងមហាផ្ទៃ វេលាម៉ោង ៧យប់៕

© រក្សាសិទ្ធិដោយ thmeythmey.com