កីឡាជាតិ
ជាតិ
គូជក់ចិត្ត បញ្ជាការដ្ឋានអង្គរក្សឈ្នះក្រសួងមហាផ្ទៃប្រផិតប្រផើយ កងពលលេខ ៣ ឈ្នះលើកដំបូង ឯវិសាខា បន្តឈរកំពូលតារាង
19, Jan 2024 , 9:14 pm        
រូបភាព
ក្លិបបញ្ជាការដ្ឋានអង្គរក្ស យកឈ្នះលើ សមាគមក្រសួងមហាផ្ទៃ ដោយលទ្ធផលសិត ៣-២ ទាំងប្រផិតប្រផើយ ក្លាយជាគូដ៏ជក់ចិត្តបំផុតប្រចាំការប្រកួតពានរង្វាន់«តេជោលីគ» សប្តាហ៍ទី២ នៃជុំទី៣។ ខណៈដែលកងពលធំអន្តរាគមន៍លេខ ៣ យកឈ្នះលើកដំបូង ដោយបំបាក់ក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្តាល លទ្ធផល ៣-០, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តចាញ់ ក្រោយត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកឈ្នះ ៣-០ ហើយវិសាខា បន្តឈរកំពូលតារាង ក្រោយឈ្នះលើក្លិបបាល់ទះខេត្តព្រះសីហនុ ៣-០។



គូទីមួយ ចាប់ផ្តើមវេលាម៉ោង ១រសៀល កងពលធំលេខ ៣ រកបានជ័យជម្នះលើកដំបូង ដោយសម្រេចបានលទ្ធផល ៣ សិតទល់ ០ (២៥-១៤, ២៥-២២, ២៥-២០) ទៅលើនគរបាលខេត្តកណ្តាល ខណៈពួកគេបន្តឈរនៅបាតតារាង បន្ទាប់ពីចាញ់ ៣ប្រកួតជាប់គ្នា។
 
ការប្រកួតទី២ គូជក់ចិត្តបំផុត បញ្ជាការដ្ឋានអង្គរក្សប្រដេញគ្នាជាមួយនឹងក្រសួងមហាផ្ទៃ រហូតអាចយកឈ្នះនៅសិតទី៥ យ៉ាងតឹងតែង និងប្រផិតប្រផើយ។ ជាលទ្ធផលទាំង ៥សិត បញ្ជាការដ្ឋានឈ្នះ (២៥-១៥, ៤១-៤៣, ២៥-២២, ២៣-២៥, ១៥-៩) លើក្រសួងមហាផ្ទៃ ដើម្បីបន្តឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង។


 
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកបានជ័យជម្នះឡើងវិញ សម្រាប់គូទី៣ ដោយបំបាក់ក្លិបនគរបាលពោធិ៍សាត់លទ្ធផល ៣ សិតទល់ ០ (២៥-១៣, ២៥-២០, ២៥-២២)។ 
 
ការប្រកួតគូចុងក្រោយសមាគមបាល់ទះវិសាខា នៅតែជាក្រុមដែលខ្លាំងប្រចាំការប្រកួត ដោយបន្តប្រកួតឈ្នះលើក្លិបបាល់ទះខេត្តព្រះសីហនុ ដោយលទ្ធផល ៣សិតទល់០ (២៥-១៣, ២៥-១៩, ២៥-១៨)។ វិសាខា បន្តឈរកមពូលតារាងតេជោលីគ ដោយមិនដែលចាញ់ការប្រកួត ១សិត នៅឡើយគិតត្រឹមសប្តាហ៍ទី២ ថ្ងៃទី១ នៃជុំទី៣៕
 

© រក្សាសិទ្ធិដោយ thmeythmey.com