RFI
អន្តរជាតិ
ថៃដាក់ទោសសកម្មជនម្នាក់ឱ្យជាប់ពន្ធនាគារ៥០ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ
20, Jan 2024 , 10:39 am        
រូបភាព
ព្រះមហាក្សត្រថៃ AP
ព្រះមហាក្សត្រថៃ AP
ដោយ៖ អៀង សុខម៉ិញ
 
តុលាការសាលាឧទ្ធរណ៍ថៃ បានសម្រេចសាលក្រមដាក់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ៥០ឆ្នាំពីបទបានជេរប្រមាថគ្រួសាររាជវង្ស។ បើតាមសហគមក្រុមមេធាវីសិទ្ធិមនុស្សថៃ នេះជាទោសប្រមាថរបបរាជានិយមដ៏ធ្ងន់បំផុតមិនដែលធ្លាប់មានទេពីមុនមក។

 
ជាម្ចាស់ហាងលក់ខោអាវអនឡាញ អាយុ៣០ឆ្នាំ ម៉ុងកុល ធីរ៉ាកុត ត្រូវតុលាការផ្តន្ទាទោសពីបទបានបង្ហោះផ្សាយសារចំនួន២៧លើបណ្តាញសង្គមហ្វេសប៊ុក ដែលមានលក្ខណៈបរិហារកេរ្ត៍ព្រះមហាក្សត្រនិងគ្រួសាររាជវង្ស។ កាលពីឆ្នាំទៅ តុលាការបានកាត់ទោសឱ្យសកម្មជនរូបនេះជាប់ពន្ធនាគារ២៨ឆ្នាំ។ ប៉ុន្តែនៅថ្ងៃនេះ ក្រោយបណ្តឹងឧទ្ធរណ៍ ចៅក្រមសាលាឧទ្ធរណ៍ក្រុងឈៀងរ៉ៃ បានសម្រេចដាក់ទោសកាន់តែធ្ងន់ ដោយតម្រូវឱ្យឃុំឃាំងក្នុងពន្ធនាគារបន្ថែម២២ឆ្នាំទៀត។ 
 
គឺជាទោសដ៏ធ្ងន់ជាងគេបំផុត ក្នុងបទប្រមាថព្រះមហាក្សត្រ ដែលគេមិនធ្លាប់ប្រទះពីមុនមកទេ។ បើតាមការពន្យល់របស់សមាគមក្រុមមេធាវីសិទ្ធិមនុស្សថៃ។ កាលពីខែមករាឆ្នាំ២០២១ តុលាការថៃដាក់ទោសស្រ្តីសកម្មជនម្នាក់ដែលបានផ្សព្វផ្សាយសារសំឡេងប្រមាថរបបរាជនិយមតាមបណ្តាញសង្គម នូវទោសដ៏ធ្ងន់ធ្ងរ តែត្រឹម៤៣ឆ្នាំប៉ុណ្ណោះ។
 
ច្បាប់ការពាររបបរាជនិយមថៃ ត្រូវបានគេចាត់ទុកជាច្បាប់ដ៏តឹងតែងជាងគេបំផុតមួយនៅលើពិភពលោក ដោយអាចផ្តន្ទាទោសដល់១៥ឆ្នាំសម្រាប់បទល្មើសជេរប្រមាថព្រះមហាក្សត្រវិជ្ជរ៉ាឡុងកន និងក្រុមគ្រួសាររាជវង្ស។ 
 
ចលនាប្រជាធិបតេយ្យ និងបក្សប្រឆាំងដែលទទួលជោគជ័យក្នុងសម័យបោះឆ្នោតសភាពីឆ្នាំទៅ បានទាមទារធ្វើកំណែទម្រង់ច្បាប់រាជានិយម ឈានឆ្ពោះទៅរកការរំលាយច្បាប់ដ៏តឹងតែងនេះ ប៉ុន្តែត្រូវរងការបង្ក្រាបនិងរារាំងជាខ្លាំង។ ក្រោយមានបាតុកម្មទ្រង់ទ្រាយធំរបស់ក្រុមយុវជនទាមទារឱ្យថៃធ្វើកំណែទម្រង់ច្បាប់រាជានិយម កាលពីឆ្នាំ២០២០និង២០២១មក របបសឹកថៃបានប្រើច្បាប់រាជានិយមនេះសម្រាប់បំបិទរាល់គ្រប់សំឡេងប្រឆាំង។ នេះបើការបរិហាររបស់អង្គការការពារសិទ្ធិមនុស្ស។ តាំងពីផ្ទុះបាតុកម្មហិង្សានោះមក មានបាតុករជាង២៥០ខ្លះជាក្មេងមិនទាន់ពេញវ័យ ត្រូវជាប់ចោទពីបទរំលោភច្បាប់ប្រមាថព្រះមហាក្សត្រ។ នេះបើតាមសមាគមមេធាវីសិទ្ធិមនុស្សថៃដដែល។
 
នៅមុននេះមួយថ្ងៃ សកម្មជនប្រជាធិបតេយ្យដ៏ចម្បងម្នាក់ គឺមេធាវីអាណុង ណំប៉ា ទើបត្រូវបានតុលាការបន្ថែមទោសបួនឆ្នាំទៀត ចំពោះការផ្សព្វផ្សាយសារបីនៅក្នុងប្រព័ន្ធសង្គម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com