ជាតិ
យុវជន ត្រូវដឹងគុណបុព្វបុរសសម័យអង្គរ និងអ្នកថែរក្សានាពេលបច្ចុប្បន្ន
20, Jan 2024 , 7:39 pm        
រូបភាព
ត្រូវដឹងគុណបុព្វបុរស
ត្រូវដឹងគុណបុព្វបុរស
សៀមរាប៖ លាតសន្ធឹងលើផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា រមណីយដ្ឋានអង្គរ ប្រៀបដូចជាដុំមាស ដែលចាយមិនចេះអស់ ពីមួយជំនាន់ទៅមួយជំនាន់។ ដុំថ្មដ៏ពិសិដ្ឋទាំងនេះ ត្រូវបានយកមកសាងសង់ជាប្រាសាទ ដែលដូចជាឋានសួគ៌របស់ព្រះ នៅលើទឹកដី មហានគរ ក្រុងយសោធរៈបុរៈ។

 
 
រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពាក្យថា «បេតិកភណ្ឌ» មានន័យថា ជាទ្រព្យសម្បត្តិ ឬកេរមត៌ក ដែលជាស្នាដៃ និងសមិទ្ធផលរបស់បុព្វបុរស ហើយអ្នកជំនាន់ក្រោយបានទទួលផលប្រយោជន៍។ ដូច្នេះ ទ្រព្យសម្បត្តិទាំងនេះ ជាដើមទុនរកចំណូលរាប់លានដុល្លារសម្រាប់កម្ពុជា និយាយជារួម និងអ្នកលក់ដូរ ដែលទទួលបានប្រយោជន៍ពីភ្ញៀវទេសចរ និយាយដោយឡែក។ ហេតុនេះហើយ ប្រជាជនកម្ពុជាគ្រប់រូប ត្រូវតែដឹងគុណព្រះមហាក្សត្រសម័យអង្គរ អ្នកសាងសង់ និងអ្នកថែរក្សា ដែលបានបន្សល់ទុកមត៌កដ៏មានតម្លៃមិនអាចគណនាបាន ដល់អ្នកជំនាន់ក្រោយ។  
 
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងថា៖ «យើងដឹងហើយថា យើងតែងតែធ្វើពីធីរម្លឹកគុណអ្នក ដែលបានស្លាប់ទៅ ឬឪពុកម្ដាយ បងប្អូន ក្នុងការអរគុណ។ និយាយរួមទៅ ខ្មែរយើង គឺឱ្យតម្លៃធំណាស់ ទៅលើការរម្លឹកគុណ។» 
 
ការដឹងគុណ ជាវប្បធម៌មួយរបស់ខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅតាំងពីបុរាណកាលមក។ សិស្សានុសិស្ស តែងតែដឹងគុណគ្រូបង្រៀន ដែលបានបណ្ដុះបណ្ដាល និងផ្ដល់ចំណេះ។ កូនៗ តែងតែដឹងគុណ ឪពុកម្ដាយ ដែលគេតែងតែប្រដូចនឹង «ដុំមាសទំហំធំដូចភ្នំ» ក៏មិនអាចប្រៀបបាន។ រមណីយដ្ឋានអង្គរ ប្រៀបដូច ដុំមាស ដែលកម្ពុជា អាចប្ដូរជាលុយតាមរយៈវិស័យទេសចរណ៍ ហើយជាដុំមាសមិនចេះសាបសូន្យ ប្រសិនបើ កូនខ្មែរគ្រប់រូប មានស្មារតីថែរក្សា និងអភិរក្សកេរដំណែលដ៏ពិសិដ្ឋរបស់ដូនតា។ 
 
អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធី រម្លឹកគុណអង្គរ ក្នុងឆ្នាំ២០២១ ក្នុងគោលបំណងអបអរសាទរ ការចុះបញ្ជីរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជា រំលឹកគុណដល់ បុព្វការីជនគ្រប់ជំនាន់ ដែលបានកសាងប្រាសាទនានា។ 
 
«យើងត្រូវអរគុណព្រះមហាក្សត្រ វិស្វករជំនាញ និងអ្នកសាងសង់ទាំងអស់ ដែលបានសាងសង់ប្រាសាទ និងថែរក្សា តាំងពីសម័យអង្គរ រហូតដល់ពេលបច្ចុប្បន្ន។» លោក ហង់ ពៅ បានបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើពិធីរម្លឹកគុណអង្គរ។ 
 
ជាអ្នកស្រុកអង្គរ មិនប្រាកដថា បានអង្គុយទស្សនាឈុតឆាកសម្ដែងឡើងវិញ អំពីសម័យអង្គរនោះទេ។ ក្រោយអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបុណ្យរម្លឹកគុណអង្គរ ក្មេងចាស់ ស្រីប្រុស បានដឹកដៃគ្នា ដើរចូលប្រាសាទបុរាណ ហើយរកកន្លែងអង្គុយ គយគន់សម្រស់ដ៏ស្រស់អស្ចារ្យ ព្រមទាំងទស្សនាការសម្ដែងសិល្បៈ ដោយសិល្បករជំនាញៗជាច្រើន។ 
 
បុព្វបុរសសម័យអង្គរ បានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន ដែលជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់ប្រជាជនកម្ពុជា កាលពីអតីតកាល រហូតបន្តដល់ពេលបច្ចុប្បន្ន និងអនាគត។ អាជ្ញាធរជាតិអប្សរា ចង់បំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនា រមណីយដ្ឋានអង្គរ យ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ ហើយចង់មកទស្សនាបន្តទៀត។ 
 
គិតត្រឹមឆ្នាំ ២០២៣ អាជ្ញាធរជាតិអប្សរា បានប្រារព្វពិធីបុណ្យ រម្លឹកគុណអង្គរចំនួន ៣លើកមកហើយ។ ពិធីបុណ្យនេះ នឹងបន្តធ្វើរហូត ដើម្បីបង្ហាញសេចក្ដីនឹករម្លឹក ការដឹងគុណ និងឱ្យប្រជាជនខ្មែរ កាន់តែយល់ច្បាស់ពី គុណតម្លៃរបស់ប្រាង្គប្រាសាទ៕ 

Tag:
 រម្លឹកគុណអង្គរ
  សម័យអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com