ជាតិ
សមត្ថកិច្ច៖ អ្នកបើករថយន្តបុករះបង្កឲ្យមនុស្សស្លាប់៤នាក់ គឺបើកលឿនក្នុងស្ថានភាពស្រវឹង
21, Jan 2024 , 8:07 am        
រូបភាព
មនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែមករា។ ជាករណីបុករះ ដែលបង្កឡើងដោយរថយន្ត Ford Ranger មួយគ្រឿង បើកបរដោយមន្ត្រីមួយរូប ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង។ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 
នាវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២០ ខែមករា បុរសឈ្មោះ នាង សំអូន ដែលជាមន្ត្រីមួយរូប បានបើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹងដែលមានកម្រិតជាតិអាល់កុល ០.៤៥ ហើយបានបុករះទៅលើរថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង។
 
យោងតាមស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ មនុស្ស៤នាក់ (ស្រី៣នាក់) បានស្លាប់នៅកន្លែងកើតហេតុ និងមានអ្នករបួសមួយចំនួន ក្នុងនោះ២នាក់រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
 
អ្នកបង្កគ្រោះថ្នាក់ ត្រូវបានឃាត់ខ្លួន រីឯមធ្យោយបាយ និងសម្ភារពាក់ព័ន្ធផ្សេងៗ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com