RFI
សុខភាព
អន្តរជាតិ
ការសិក្សា៖ រស់នៅឬការលំហែនៅមាត់សមុទ្ទជួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ
21, Jan 2024 , 7:39 pm        
រូបភាព
ការសិក្សា៖ រស់នៅឬការលំហែនៅមាត់សមុទ្ទជួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ។ AFP
ការសិក្សា៖ រស់នៅឬការលំហែនៅមាត់សមុទ្ទជួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ។ AFP
ដោយ៖ អៀង សុខម៉ិញ
 
អ្នកស្រាវជ្រាវបានលើកទឹកចិត្តអំណាចសាធារណៈជួយសម្រួលការទៅសម្រាកលំហែនៅមាត់សមុទ្ទ ដល់ប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួន ព្រោះសមុទ្ទជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្ទ ខ្យល់សមុទ្ទ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្ទ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។ តើយើងត្រូវធ្វើដូចម្តេចដើម្បីអាចទាញយកផលល្អនៃបរិស្ថានសមុទ្ទឱ្យរាងកាយនិងស្មារតី?


 
បើតាមជំនឿរបស់មហាជននៅអឺរ៉ុប បានទៅសម្រាកលំហែនៅសមុទ្ទបានមួយខែក្នុងមួយឆ្នាំ នឹងគ្មានជំងឺដង្កាត់ទេ។ ប៉ុន្តែថ្វីបើគ្មានការសិក្សាណាអាចបញ្ជាក់តាមបែបវិទ្យាសាស្ត្រជុំវិញជំនឿនេះក៏ដោយ ក៏គេទទួលស្គាល់យ៉ាងជាក់លាក់ថាសមុទ្ទអាចជួយសរីរាង្គមនុស្សយើងឱ្យមានដំណើរការយ៉ាងល្អប្រសើរបំផុត។



 
ការសិក្សារបស់អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាបរិស្ថាននៃសកលវិទ្យាល័យវីយ៉ែន ជាតិអូទ្រីស Sandra Geiger ទើបផ្តល់សេចក្តីសន្និដ្ឋានដែលអាចពង្រឹងជំនឿចាស់បូរាណខាងលើបាន ដោយអាចបញ្ជាក់អំពីចំណងទាក់ទងដោយផ្ទាល់រវាងការមានសុខភាពល្អនិងការរស់នៅជាប់មាត់សមុទ្ទ។ យោងតាមទិន្នន័យសិក្សាក្នុង១៥ប្រទេស ប្រជាពលរដ្ឋរស់នៅតាមមាត់សមុទ្ទនិងអ្នកទៅសម្រាកលំហែវិស្សមកាលនៅតំបន់ឆ្នេរ មានស្ថានភាពសុខភាពល្អប្រសើរឡើង មិនថាជននោះរស់នៅក្នុងប្រទេសណានិងមានកំរិតជីវភាពយ៉ាងណាទេ។
 
សេចក្តីសន្និដ្ឋានដែលទស្សនាវដ្តី Communications Earth & Environment យកមកចុះផ្សាយ ជាលទ្ធផលបានមកពីការចោទសំណួរ ស្តីពីសកម្មភាពស្នើឡើងនៅលើឆ្នេរ ព្រមទាំងស្តីពីសុខភាពរាងកាយនិងផ្លូវចិត្ត លើមនុស្សជាង១៥០០០នាក់រស់នៅក្នុងប្រទេសអូស្ត្រាលី និង១៤ប្រទេសនៅអឺរ៉ុប (អាល្លឺម៉ង់ ប៊ែលហ្សិក ប៊ុលហ្ការី អេស្ប៉ាញ បារាំង ក្រិក អៀឡង់ អ៊ីតាលី ន័រវែស ហូឡង់ ប៉ូឡូញ ព័រទុហ្កាល់ សាធារណរដ្ឋឆែកនិងអង់គ្លេស)។ ចម្លើយរបស់ពួកគេទាំង១៥ប្រទេស មានលក្ខណៈស៊ីចង្វាក់គ្នា និងច្បាស់លាស់ក្រៃ ដែលសូម្បីតែក្រុមជំនាញនិងអ្នកស្រាវជ្រាវផ្ទាល់ក៏ភ្ញាក់ផ្អើលខ្លាំងមែនទែន។ សម្រាប់អ្នកស្រី Sandra Geiger លទ្ធផលនៃការសិក្សានេះសឱ្យឃើញថាមនុស្សគ្រប់រូបហាក់ទទួលបាននូវគុណប្រយោជន៍ដូចគ្នាពីការរស់នៅក្បែរមាត់សមុទ្ទ មិនមែនតែចំពោះអ្នកធូរធារឡើយ។ ការរស់នៅក្បែរសមុទ្ទនិងពិសេសការទៅលំហែនៅមាត់សមុទ្ទអាចជះឥទ្ធិពលសំខាន់លើសុខភាពមនុស្ស។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រាវជ្រាវជាតិអូទ្រីសSandra Geigerដដែល។
 
តើសមុទ្ទជួយចម្រើនសុខភាពយ៉ាងណាខ្លះ?
 
៧០% នៃភពផែនដី ជាសមុទ្ទ។ ហើយសមុទ្ទនេះជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្ទ ខ្យល់សមុទ្ទ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្ទ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។
 
ទឹកសមុទ្ទមានបន្សំសមាសធាតុរ៉ែ (រ៉ែអំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...)  និងធាតុចាំបាច់olegoelement (អ៊ីយ៉ូដ ដែក សង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូចគ្នាស្ទើរបេះដាក់នឹងជាតិទឹកនៅក្នុងខ្លួនមនុស្សយើង។ ជាងនេះទៅទៀត ទឹកសមុទ្ទមានផ្ទុកសារធាតុអង់ទីប៊ីយូទិក ដែលចូលចំណែកពង្រឹងប្រព័ន្ធការពារខ្លួនទៀត។ ចំណែកខ្យល់សមុទ្ទ ជាខ្យល់ប្រៃ សម្បូរជាតិរ៉ែ និងអ៊ីយ៉ុងអវិជ្ជចេញមកពីអំបិលសមុទ្ទ។ គឺអ៊ីយ៉ុងអវិជ្ជមាននេះហើយដែលមានចំណែកបន្សុទ្ធខ្យល់បរិយាសដោយទៅកម្ចាត់អ៊ីយ៉ុងវិជ្ជមាន និងជាតិពុល បង្កឡើងដោយផ្សែងពុល។ ហេតុដូច្នេះហើយបានជានៅពេលបានទៅដល់ និងសម្រាកកំសាន្តនៅមាត់សមុទ្ទ ខ្លួនប្រាណយើងនឹងបានស្រូបយកខ្យល់ប្រៃខ្យល់សម្បូរទៅដោយជាតិរ៉ែ មកបំពេញកង្វះខាតរបស់ខ្លួន។ ខ្យល់បរិយាកាសមាត់សមុទ្ទ ជាខ្យល់បរិសុទ្ធ ប្រៃ និងមានជាតិពុលតិចតួចណាស់ ដោយមានបាក់តេរី ប្រមាណតែ២រយជាមធ្យមក្នុងមួយម៉ែត្រគូបខ្យល់ ទល់នឹងជាង៥ម៉ឺននៅក្នុងក្រុង។
នៅមាត់សមុទ្ទ សម្ពាធបរិយាកាសខ្ពស់ខ្លាំង ទើបយើងអាចដកដង្ហើមបានស្រួល ហើយសរីរាង្គកាយក៏ទទួលខ្យល់អុកស៊ីហ្សែនបានប្រសើរ។ ជាតិអំបិល អ៊ីយ៉ូត ដែលជាសារធាតុដ៏ចាំបាច់នៃការផលិតនិងចាត់ចែងក្រពេញអ័រមូនទីរ៉ូអ៊ីត អាចហូរចូលទៅសម្រួលសព៌ាង្គកាយបានផ្លូវដង្ហើមបានយ៉ាងស្រួល។
 
ចុះមុជទឹកសមុទ្ទឱ្យបានតែ១៥នាទី ក៏នឹងធ្វើឱ្យខ្លួនប្រាណពិសេសស្បែកមានកម្លាំង។ បើជាទឹកសមុទ្ទត្រជាក់ វានឹងជួយផ្តល់ជាតិសំណើមដល់ស្បែក និងធ្វើឱ្យស្បែកឡើងភ្លឺរលោង ព្រោះជាតិអំបិលរបស់ទឹកសមុទ្ទ នឹងទៅជម្រុះកោសិកាងាប់ៗតោងនៅលើស្រទាប់ស្បែកអេពីដែម ជាហេតុនាំឱ្យស្បែកឡើងទន់ល្មើយល្អ។ ការសិក្សាខ្លះទៀត បានរកឃើញថាទឹកសមុទ្ទមានសមត្ថភាពប្រឆាំងនឹងការរោលរលាក ដោយអាចជួយព្យាបាលអាការៈរោគសើរស្បែកមួយចំនួនដូចជាជំងឺរលាកនៅលើស្បែក កមរមាស់ ... សូមចុះមុជទឹកក្នុងសមុទ្ទឱ្យបានលិចយ៉ាងហោចដល់ត្រឹមទ្រូង ព្រោះនៅពេលនោះខ្លួនអ្នកលែងទ្រទម្ងន់ទាំងមូលហើយ។ សាច់ដុំនឹងចាប់ធ្វើចលនាដោយគ្មានទម្ងន់ ទាញផលប្រយោជន៍ពីទឹកសមុទ្ទប្រៃ ដោយមិនបះពាល់រំខានដល់សន្លាក់។
 
ឆ្នេរខ្សាច់ ជាទីលានដ៏ប្រពៃបំផុតសម្រាប់ក្មេងតូចៗ ជាពិសេសក្មេងក្នុងវ័យរៀនដើរ។ នៅពេលដើរលើឆ្នេរខ្សាច់ ក្មេងត្រូវការប្រឹងប្រើជើងនិងសន្លាក់ខុសពីទម្លាប់នៃការរៀនដើរលើផ្ទៃរាបនិងរឹងក្នុងផ្ទះ។ កាន់តែប្រសើរទៀត គឺការដើរក្នុងទឹកលើឆ្នេរខ្សាច់ ដើម្បីឱ្យកែងជើងបានប៉ះប្រឈមនឹងរលកស្រាលៗ។ ពីរបីថ្ងៃនៅឆ្នេរសមុទ្ទគ្រប់គ្រាន់សម្រាប់ក្មេងតូចពង្រឹងសាច់ដុំជើង សាច់ដុំកំប៉េះគូថ និងឆ្អឹងខ្នង ឱ្យលូតលាស់ប្រកបដោយលំនឹងនិងស្ថិរភាពហើយ។ ចុះសម្រាប់មនុស្សធំ?! ការដើរលើខ្សាច់ ក៏ជាសកម្មភាពដ៏ល្អសម្រាប់មនុស្សធំ និងគ្រប់វ័យទាំងអស់។ ដើរតាមឆ្នេរកាត់ទឹក ឱ្យដល់គល់ភ្លៅ មិនសូវហត់ហើយ អាចជួយសម្រួលចរន្តឈាម ឱ្យហូរត្រលប់ទៅបេះដូងវិញ ប្រយុទ្ធប្រឆាំងនឹងអាការៈហើមជើង និងស្រយ៉ង់ជើងផង។ ភាពត្រជាក់របស់ទឹកសមុទ្ទមានឥទ្ធិពលជួយភ្ញោច បង្រួម និងពង្រឹងសរសៃឈាមវែន។
 
ដើរកម្សាន្តតាមឆ្នេរសមុទ្ទក្រោមពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម និងរៀបលិច កាន់តែប្រពៃ និងផ្តល់ប្រយោជន៍ដល់សុខភាព។ ក្រោមពន្លឺព្រះអាទិត្យ បូកនិងខ្យល់សមុទ្ទដ៏រំភើយៗ ស្បែកនឹងធ្វើសំយោគវីតាមីដេ ដែលអនុញ្ញាតឱ្យកាល់ស្យូមនិងហ្វូស្វ័រអាចជ្រាបតោងជាប់ក្នុងសរីរាង្គ និងធ្វើឱ្យឆ្អឹងបានរឹងមាំល្អ។ តែ១០ទៅ២០នាទី គ្រប់គ្រាន់ហើយ។ លើសពីនេះ អ្នកត្រូវការពារខ្លួន និងស្បែកពីពន្លឺព្រះអាទិត្យ ដែលចាប់ចែងចាំងនិងក្តៅខ្លាំង។
 
ចំណីអាហារជាគ្រឿងសមុទ្ទ ដោយមិននិយាយដល់ក្តាម បង្កង បង្គា អយស្ទ័រ ដែលមានវីតាមីន អ៊ីយ៉ូដ ជាតិដែក អង់ទីអុកស៊ីដង់ដ៏ច្រើន ប្រភេទត្រីតូចៗ សារាយសមុទ្ទ ក៏ជាប្រភពផ្តល់អាហាររូបត្ថម្ភដ៏ខ្ពស់ សម្បូរវីតាមីដេ និងអូមេហ្កា៣ អាស៊ីតខ្លាញ់ដ៏ចាំបាច់សម្រាប់សរីរាង្គកាយដែរ។ គ្រឿងសមុទ្ទទាំងនេះ ជាអាហារប៉ូវហើយ មិនធ្វើឱ្យធាត់ទៀត៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com