ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីការងារ ចេញវិធានបង្ការអគ្គិភ័យ តាមសហគ្រាស គ្រឹះស្ថាន ខណៈកម្ពុជាអាចកើនកម្ដៅខ្លាំង
21, Jan 2024 , 6:59 pm        
រូបភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។ រូប៖ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។ រូប៖ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញវិធានការបង្ការហានិភ័យ និងអគ្គិភ័យចំនួន១២ចំណុច សម្រាប់សហគ្រាស និងគ្រឹះស្ថាន ក្នុងវិស័យការងារទាំងអស់ អនុវត្តិឱ្យបានម៉ឺងម៉ាត់។   រដ្ឋមន្ត្រីការងារចេញវិធានការទាំងនេះ ស្របពេលដែលកម្ពុជាអាចកើនកម្ដៅនាប៉ុន្មានខែខាងមុខ។

 
លោក ហេង សួរ បានណែនាំដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការ ប្រកបដោយសុវត្ថិភាព។
 
ទប់ស្កាត់ឱ្យបាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់ នៅតាមសហគ្រាសគ្រឹះស្ថាន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យម៉ឺងម៉ាត់ នូវវិធានការចាំបាច់។ ត្រូវបង្កើនការត្រួតពិនិត្យ ជាប្រចាំនូវបណ្ដាញផ្គត់ផ្គង់ចរន្តអគ្គិសនី។ វាស់កម្ដៅឧបករណ៍ផ្ដល់ចរន្តអគ្គិសនី ដោយគោរពតាមស្ដង់ដាសុវត្ថិភាព ។ នេះបើតាមសេចក្ដីណែនាំ របស់ក្រសួងការងារ នៅថ្ងៃទី១៨មករា ឆ្នាំ២០២៣។ 
 
ជាមួយគ្នានេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវថែទាំឧបករណ៍ផ្ដល់ចរន្តអគ្គិសនី និងសម្ភារដំណើរការ ដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យ កើតឡើងជាយថាហេតុ នៅកន្លែងធ្វើការ និងតាមដានជាប្រចាំសីតុណ្ហមាត្រ ដែលបានបំពាក់នៅក្នុងសហគ្រាស គ្រឹះស្ថាន។ 
 
ត្រូវត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេស ការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព ការវាយតម្លៃហានិភ័យ ការងារនៅកន្លែងធ្វើការជាប្រចាំ។
 
អប់រំ និងបណ្ដុះបណ្ដាលកម្មករ និយោជិត ឱ្យយល់ដឹងអំពីសញ្ញាសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមឱ្យបានទៀងទាត់។
 
ត្រួតពិនិត្យជាប្រចាំ នូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋាន ប្រចាំសហគ្រាស។ ត្រួតពិនិត្យជាប្រចាំ នូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋាន ប្រចាំសហគ្រាស។ ត្រួតពិនិត្យ និងធ្វើតេស្ដសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ។ ប្រព័ន្ធទុយោបាញ់ពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ត ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិ នៅពេលដាច់ចរន្តអគ្គិសនី។ 
 
ត្រួតពិនិត្យជាប្រចាំ នូវច្រកអាសន្តដែលអាចជម្លៀសខ្លួនចេញ ដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិ នៅពេលដាច់ចរន្តអគ្គិសនី។ រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃ អំពីចំណាត់ថ្នាក់កន្លែងធ្វើការ ដែលមានប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារងាយឆាបឆេះ។ និងវិធានការឆ្លើយតប និងរក្សាទុកដាក់ សាធាតុទាំងនោះ ឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។
 
ត្រួតពិនិត្យនិងថែទាំជាប្រចាំ នូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោច១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្ម នៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារ និងវត្ថុធាតុដើមឱ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព កុំឱ្យបាំងប្រភពខ្យល់ចេញចូល។
 
ណែនាំដល់កម្មករនិយោជិតបរិភោគទឹកស្អាត និងមានអនាម័យឱ្យបាន១កែវ នៅរៀងរាល់១៥-២០នាទី ព្រមទាំងស្លៀកសម្លៀកបំពាក់ សមស្របតាមអាការធាតុ។ ត្រួតពិនិត្យនិងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយ នៃសារធាតុគ្រោះថ្នាក់ ដល់កម្មករនិយោជិត ដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណសហគ្រាស គ្រឹះស្ថាន។
 
ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ ត្រូវត្រួតពិនិត្យជាប្រចាំ ការប្រើប្រាស់ឡចំហាយ ទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងត្រូវមានលិខិតអនុញ្ញាត និងមានអ្នកបញ្ជាឡចំហាយ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលពីក្រសួង ស្ថាប័នជំនាញ។
 
បើតាមលោករដ្ឋមន្ត្រីក្រសួងការងា រប្រសិនម្ចាស់សហគ្រាស និងគ្រឹះស្ថានពុំអនុវត្តនូវវិធានការខាងលើទេ  នឹងប្រឈមមុខផ្លូវច្បាប់។ 
លោក ហេង សួរ សង្កត់ធ្ងន់ថា៖ « ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តិតាមការណែនាំនេះ បណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ស្ដីពីការងារ និងការផ្ដន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត» ។
 
ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចទំនាក់ទំនងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ “១២៩៧” ឬក្រុមតេលេក្រាមសម្រាប់និយោជក (https://t.me/EmployerChat) ឬក្រុមតេលេក្រាម សម្រាប់កម្មករនិយោជិត (https://t.me/KhmerWorkerChat) ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះ សុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុងពេលសីតុណ្ហភាពឡើងកម្ដៅខ្លាំង៕ 

Tag:
 អគ្គិភ័យ
  កម្មករ
  និយោជិត
  និយោជក
  សហគ្រាស
  គ្រឹះស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com