ជាតិ
ការរស់នៅលើទឹក ទស្សនាសត្វស្លាប និងថ្ងៃលិច នៅព្រែកទាល់ជាអនុស្សាវរីយ៍ដ៏ល្អមួយបំផុតក្នុងជីវិត
22, Jan 2024 , 7:59 am        
រូបភាព
សហគមន៍ព្រែកទាល់ ជាកន្លែងទាក់ទាញទេសចរអន្តរជាតិមួយ នៅបឹងទន្លេសាប ដែលស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទេសចរអន្តរជាតិភាគច្រើន ចូលចិត្តស្វែងយល់អំពីជីវភាព និងការរស់នៅរបស់ប្រជាជន។

 
ដើម្បីធ្វើដំណើរទៅដល់សហគមន៍ព្រែកទាល់ ទេសចរ ត្រូវជិះទូកប្រមាណជាង១ម៉ោង។ ធ្វើដំណើរបណ្ដើរៗ ទេសចរ នឹងឃើញផ្ទះបណ្ដែតទឹកជាច្រើនរបស់អ្នកនេសាទ។ មិនត្រឹមតែមានផ្ទះ និងការនេសាទទេសចរ នឹងឃើញសកម្មភាពប្លែកៗ ដូចជា ពិធីសាសនា និងពិធីអាពាហ៍ពិពាហ៍។ 
 
សូមកុំបារម្ភអំពីអាហារ និងភេសជ្ជៈ! ទេសចរ អាចញុំាអាហារ ដែលចម្អិនភ្លាមៗ ឬអាចកម្មង់ទុក នៅភោជនីយដ្ឋានបណ្ដែតទឹក។ ខ្វះកាហ្វេមិនបាន? នៅសហគមន៍ព្រែកទាល់ ប្រជាជន ក៏ចែវទូកលក់ដូរចំណីអាហារជាច្រើនផងដែរ។ ត្រឹមកាហ្វេទឹកដោះគោទឹកកក គឺជាជម្រើសល្អបំផុតនៅបឹងទន្លេសាប។ 
 
ទេសចរ អាចទៅសាលារៀនដើម្បីស្វែងយល់អំពីការអប់រំ នៅលើទឹក។ ជាការពិត មិនត្រឹមតែសិស្សានុសិស្សនោះទេ ដែលជិះទូកមករៀន ប៉ុន្តែលោកគ្រូ អ្នកគ្រូ ក៏ត្រូវជិះទូកមកបង្រៀនដែរ។ គ្រប់យ៉ាង គឺទូក! ទូកនៅសហគមន៍ មិនមានសេរីទំនើបប៉ុន្មានទេ បើធៀបនឹងឡាន ម៉ូតូ។ ដូច្នេះ គ្រប់គ្នា ប្រើប្រាស់ទូក ដើម្បីទៅគ្រប់ទីកន្លែងលើទឹក។ 


 
ទស្សនាជីវភាព និងការរស់នៅរបស់ប្រជាជននៅលើទឹកចប់ ទេសចរ អាចជិះទូកទៅទស្សនា សត្វស្លាបជាច្រើនប្រភេទ។ ជិះទូកប្រមាណ១ម៉ោង ទេសចរអាចគយគន់សម្រស់ទេសភាពយ៉ាងស្រស់ស្អាត ដែលពិតជាប្លែកចក្ខុ។ ទស្សនាសត្វស្លាបបណ្ដើរ ទេសចរ អាចស្វែងយល់កាន់តែច្បាស់អំពីសារៈសំខាន់របស់ សត្វស្លាប ជាពិសេសសត្វកម្រ។ 
 
ថ្ងៃលិច នៅទន្លេសាប ជាភាពអស្ចារ្យបំផុត! ប្រសិនបើ លោកអ្នក ទៅកម្សាន្តជាគូ លោកអ្នក នឹងទទួលបាន អនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងជីវិត។ ពន្លឺថ្ងៃរៀបលិច ចាំងមកលើផ្ទៃទឹក បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាល ដែលមិនអាចបំភ្លេចបាន៕ 













Tag:
 ព្រែកទាល់
  សត្វស្លាប
  បឹងទន្លេសាប
  ថ្លៃលិច
  ព័ត៌មានរូបភាព
© រក្សាសិទ្ធិដោយ thmeythmey.com