ជាតិ
សង្គមជាតិ
បេក្ខជន៣រូប ទទួលបានជ័យលាភី ពីកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»
21, Jan 2024 , 5:49 pm        
រូបភាព
(រាប់ពីឆ្វេង) បេក្ខជនចេង រតនា ទទួលបានជ័យលាភីលេខ១ ដោយទទួលបានពានរង្វាន់ពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បេក្ខជន វ៉ន វីដា បានលេខ២ និងបេក្ខនារី យ៉ោប សុឃាក់ បានលេខ៣។
(រាប់ពីឆ្វេង) បេក្ខជនចេង រតនា ទទួលបានជ័យលាភីលេខ១ ដោយទទួលបានពានរង្វាន់ពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បេក្ខជន វ៉ន វីដា បានលេខ២ និងបេក្ខនារី យ៉ោប សុឃាក់ បានលេខ៣។
ការប្រឡងសរសេរតាមអានជាសាធារណៈលើកទី១នៅទីតាំងមុខប្រាសាទអង្គរវត្ត ត្រូវបានបញ្ចប់យ៉ាងរលូនដោយរកឃើញបេក្ខជន៣រូប ដែលទទួលពានរង្វាន់។ ម្ចាស់ជ័យលាភីទាំង៣រូបនោះ គឺបានយកជ័យជំនះពីបេក្ខជនប្រមាណ៧០០នាក់ ក្នុងកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ» នៅទឹកដីខេត្តសៀមរាប នាថ្ងៃទី២១មករានេះ។



លទ្ធផលប្រកាសដោយគណៈកម្មការ បានបង្ហាញថា បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ បេក្ខជនរូបនេះ សរសេរខុសតែ២ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអានថ្នាក់ជាតិរបស់ខ្លួន ខណៈបេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ។

 បេក្ខជន ចេង រតនា ទទួលបានជ័យលាភីលេខ១ ពីកម្មវិធីសំណេរអង្គរ
 
សម្រាប់ជ័យលេភីលេខ៣ បានលើទៅបេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអានថ្នាក់ជាតិរបស់ខ្លួន ដែលមានអ្នកចូលរួមជាង៧០០នាក់ នៅស្ពានហាលប្រាសាទអង្គរវត្ត។
 

បេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមបអរសាទរដល់ម្ចាស់ជ័យលាភីទាំង៣រូបខាងលើ   តាមរយៈបណ្តាញទំនាក់ទំនងសង្គម និងលើកទឹកចិត្តឱ្យកូនខ្មែរចូលរួមស្រឡាញ់ និងអភិរក្សអក្សរសាស្ត្រខ្មែរ។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា៖ « កម្មវិធី«សំណេរអង្គរ» បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា»។
ម្ចាស់ជ័យលេភីលេខ៣ នៃកម្មវិធី«សំណេរអង្គរ»បេក្ខនារី យ៉ោប សុឃាក់ 
 
ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០របស់កម្ពុជា។ 
សម្តេច ហ៊ុន ម៉ាណែត បានរម្លឹកនៅក្នុងសំណេររបស់ខ្លួនថា ៖ «នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត »។
 
គួរជម្រាបថា កម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»  ដែលត្រូវបានធ្វើឡើងលើស្ពានហាលមុខប្រាសាទអង្គរនេះ គឺមានប្រជាជនខ្មែរគ្រប់វ័យ ចាប់ពីអាយុក្រោម១០ឆ្នាំ រហូតដល់ជាង៦០ឆ្នាំ រួមទាំងមានវត្តមានព្រះសង្ឃផង បានចុះឈ្មោះចូលរួមប្រឡងសរសេរតាមអានជាសាធារណៈថ្នាក់ជាតិនៅមុខប្រាសាទអង្គរ។ កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ សារព័ត៌មាន និងវិស័យឯកជនជាច្រើន៕
 

Tag:
 អប់រំ
  សំណេរអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com