កីឡាជាតិ
ជាតិ
ទោះកាលវិភាគប្រកួតច្រើនបណ្ដាក់គ្នា គ្រូភ្នំពេញក្រោន នៅតែជឿជាក់ខ្ពស់លើកូនក្រុម
22, Jan 2024 , 3:19 pm        
រូបភាព
លោក Oleg Starynskyi គ្រូបង្ខឹកភ្នំពេញក្រោន ឈរនិយាយជាមួយ សឿត បារាំង ខ្សែការពារស្លាប់ឆ្វេង។​រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្ខឹកភ្នំពេញក្រោន ឈរនិយាយជាមួយ សឿត បារាំង ខ្សែការពារស្លាប់ឆ្វេង។​រូបពី Cambodian Premier League
កាលវិភាគប្រកួតរបស់ភ្នំពេញក្រោន កាន់តែមមាញឹក ដូចជា AFC Cup 2023-2024, ពានសម្ដេច ហ៊ុន សែន និងពានរង្វាន់ Cambodian Premier League (CPL)។ សម្រាប់ការប្រកួតបណ្ដាក់គ្នានេះ វារុញច្រានឱ្យលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ផ្ដល់ឱកាសទៅកីឡាករក្មេងៗ ដែលមានបទពិសោធន៍តិចតួច បានចូលរួមប្រកួតទៀតផង។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ នៅតែជឿជាក់ខ្ពស់លើកូនក្រុមខ្លួន ។



កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ភ្នំពេញក្រោន បានយកឈ្នះ គិរីវង់សុខសែនជ័យ លទ្ធផល៤-១ នៅកីឡដ្ឋាន Smart RSN។ ភ្នំពេញក្រោន ក៏ត្រូវត្រៀមខ្លួនប្រកួតពានសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៤ មករា ជាមួយ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ និងតទល់ជាមួយ បឹងកេត ក្នុងពានCPL នៅ៤ថ្ងៃបន្ទាប់។ ចំណែកការប្រកួតដ៏សំខាន់ជាងគេនោះ ក្លិបលីគកំពូលកម្ពុជាមួយនេះ ត្រូវប្រកួតជាមួយ Central Coast Mariners ក្លិបរបស់អូស្ដ្រាលី ក្នុងពានរង្វាន់ AFC Cup វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ក្នុងតំបន់អាស៊ាន (Asean Zone Semi Final) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
 
លោក Oleg Starynskyi បាននិយាយក្នុងសន្និសីទក្រោយការប្រកួតជាមួយគិរីវង់សុខសែនជ័យ ថា កាលវិភាគប្រកួតពេលនេះ ដូចជារត់ម៉ារ៉ាតុន។ តែលោកនៅតែមានជំនឿចិត្តលើកូនក្រុមខ្លួនថា ពួកគេនឹងបន្តធ្វើបានល្អ។ 
 
សម្រាប់ការប្រកួតដ៏មមាញឹកនេះ វាជំរុញឲ្យលោក Oleg ផ្ដល់សេចក្តីទុកចិត្តលើកីឡាករក្មេងៗ ដែលមានបទពិសោធន៍តិច មានឱកាសបង្ហាញខ្លួន ក្នុងការប្រកួតទៀតផង។ គ្រូបង្វឹករូបនេះ បានផ្ដល់ឱកាសឲ្យកីឡាករក្មេងៗទាំងនោះ ប្រកួតក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន វគ្គ១៦ក្រុម កម្រិតថ្នាក់ជាតិ ។ ការប្រកួតនេះ ក៏អនុញ្ញាតឲ្យមានកូតាកីឡាករបរទេសចូលរួម ដូចជាលីគកំពូលដែរ។
 
«នៅក្នុងវគ្គនេះ យើងក៏ចង់ឈ្នះដែរ យើងមានក្រុមធំ។ យើង បានគិតពីពានសម្ដេច ហ៊ុន សែន, លីគ និង AFC Cup។ ដូច្នេះ វាមិនមែនគ្រាន់តែ ១ប្រកួតទេ។ នេះ មិនមែនជាប្រកួតតែមួយ វាជាម៉ារ៉ាតុន។ យើង ត្រូវតែត្រៀមគ្រប់បែបយ៉ាង ទាំងសមាសភាពគ្រប់គ្នា សម្រាប់ម៉ារ៉ាតុនមួយនេះ។ ដូច្នេះហើយ ខ្ញុំ គិតវាជាឱកាសសម្រាប់កីឡាករក្មេងៗ ហើយក៏មានកីឡាករមានបទពិសោធន៍ច្រើនដែរ ប៉ុន្ដែយើង ត្រូវតែទុកចិត្ត ហើយផ្ដល់ឱកាស សម្រាប់ពួកគេបង្ហាញសមត្ថភាព។ យើង អាចឃើញថាកាលវិភាគប្រកួតបែបនេះ យើងមិនអាចដាក់តែកីឡាករ ដដែរៗទេ។ យើង ត្រូវឲ្យឱកាសទៅកីឡាករក្មេងៗ។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
កាលពីថ្ងៃទី២០ ខែមករា នោះដែរ ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើជាមួយបឹងកេត ក្នុងលទ្ធផល ៣-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ចំណែក កងយោធពលខេមរភូមិន្ទ ឈ្នះ អាយអេសអាយដង្កោសែនជ័យ លទ្ធផល ៤-០ នៅកីឡដ្ឋានស្ដាតចាស់ ខណៈ អង្គរថាយហ្គឺរ ចាញ់ ណាហ្គាវើលដ៏ លទ្ធផល ៤-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ រីឯ វិសាខា យកបាន ៣ពិន្ទុ ពីក្រុមព្រៃវែង ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋានព្រីនស៍ នាថ្ងៃទី២១ មករា។
 
គិតត្រឹមសប្ដាហ៍ទី១៨ ព្រះខ័នរាជស្វាយរៀង បន្ដឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន៤៤ពិន្ទុ ដោយតាមពីក្រោយភ្នំពេញក្រោន លេខ២ មាន៤២ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ ក្លិបវិសាខា មាន៣២ពិន្ទុ និងលេខ៤ បឹងកេត មាន២៥ពិន្ទុ។ ចំណែកកងយោធពលខេមរភូមិន្ទ ឈរលេខ៥ និង អាយអេសអាយដង្កោសែនជ័យ ឈរលេខ៦ មាន២៤ពិន្ទុស្មើគ្នា។

ណាហ្គាវើលដ៍ នៅចំណាត់ថ្នាក់លេខ៧ មាន១៩ពិន្ទុ ប្រដេញពីក្រោយ ដោយព្រៃវែង មាន១៨ពិន្ទុ។ អង្គរថាយហ្គឺរ មាន១៤ពិន្ទុ ឈរលេខ៩។ ដោយឡែក គិរីវង់សុខសែនជ័យ បន្ដនៅបាតតារាង ចំណាត់ថ្នាក់លេខ១០ មាន១០ពិន្ទុ៕

Tag:
 ភ្នំពេញក្រោន
  បាល់ទាត់
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com