អន្តរជាតិ
លោកស៊ីបញ្ជាឱ្យជួយសង្រ្គោះមនុស្សកប់ក្នុងដីជាង ៤០នាក់ ក្នុងខេត្ត Yunnan
22, Jan 2024 , 3:38 pm        
រូបភាព
ក្រុមអ្នកជួយសង្រ្គោះក្នុងហេតុការណ៍បាក់ដី ដែលបានកើតមាននៅក្នុងភូមិ Liangshui ក្នុងក្រុងZhaotong ខេត្ត Yunnan នៅថ្ងៃទី២២ ខែមករា។ រូបភាព Xinhua
ក្រុមអ្នកជួយសង្រ្គោះក្នុងហេតុការណ៍បាក់ដី ដែលបានកើតមាននៅក្នុងភូមិ Liangshui ក្នុងក្រុងZhaotong ខេត្ត Yunnan នៅថ្ងៃទី២២ ខែមករា។ រូបភាព Xinhua
មនុស្សចំនួន ៤៧នាក់ត្រូវបានកប់ ក្នុងហេតុការណ៍បាក់ដីនៅខេត្ត Yunnan នៅថ្ងៃទី២២ ខែមករា។ បើទោះមានព្រិលកំពុងធ្លាក់ និងអាកាសធាតុត្រជាក់ក៏ដោយ ក្រុមអ្នកជួយសង្រ្គោះចិន កំពុងសស្រាក់សស្រាំ ដើម្បីជួយប្រជាជន ស្របពេលលោកប្រធានាធិបតី ស៊ី ជិនភីង បានបញ្ជាឱ្យខិតខំអស់ពីលទ្ធភាព ដើម្បីកាត់បន្ថយចំនួននាក់ស្លាប់។

 
នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមករា ហេតុការណ៍បាក់ដី បានកើតមាននៅក្នុងភូមិ Liangshui ក្នុងក្រុងZhaotong ខេត្ត Yunnan។ ដីបានបាក់សង្កត់លើគ្រួសារចំនួន១៨ ដោយមានចំនួនមនុស្សសរុប ៤៧នាក់ ខណៈមនុស្សច្រើនជាង ២០០នាក់ផ្សេងទៀត ត្រូវបានជម្លៀស ដើម្បីការពារសុវត្ថិភាព ស្របពេលមានអាកាសធាតុត្រជាក់ខ្លាំង។ តាមសម្តីរបស់ប្រជាជននៅក្នុងភូមិ ហេតុការណ៍បាក់ដី បានកើតមាននៅម៉ោងប្រមាណ ៦ព្រឹក។ 
 
ក្រោយមានមនុស្សជាច្រើនកប់នៅក្នុងដី អ្នកជួយសង្រ្គោះច្រើនជាង ២០០នាក់ ដោយមានរថយន្តពន្លត់អគ្គិភ័យ និងសម្ភារផ្សេងទៀត ត្រូវបានបញ្ជូនមកភូមិកើតហេតុ ស្របពេលមានព្រិលធ្លាក់នៅក្នុងតំបន់ និងតាមដងផ្លូវ។ 
 
មកទល់ពេលនេះ អាជ្ញាធរចិន បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ២នាក់ ហើយហេតុផល ដែលបង្កឱ្យមានដីបាក់ក៏មិនទាន់ដឹងដែរ។ យ៉ាងណាមិញ ទិន្នន័យអ្នកស្លាប់អាចនឹងហក់ឡើងខ្ពស់ជាងនេះ។
 
ពាក់ព័ន្ធគ្រោះធម្មជាតិខាងលើ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានអំពាវនាវឱ្យក្រុមជួយសង្រ្គោះបង្កើនកិច្ចខិតខំឱ្យបានខ្លាំងបំផុត ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ ដែលស្ថិតនៅក្នុងដីកប់។ 
 
«លោកស៊ី បានបញ្ជាឱ្យបង្កើនកិច្ចខិតខំ ដើម្បីធ្វើឱ្យចំនួនអ្នកស្លាប់ស្ថិតក្នុងទំហំទាបបំផុត»។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយបែបនេះ នៅថ្ងៃទី២២ ខែមករា។ មិនតែប៉ុណ្ណោះ មេដឹកនាំចិនរូបនេះ បានបញ្ជាមន្រ្តីខ្លួនឱ្យពិនិត្យលើស្ថានភាពក្នុងតំបន់ ដោយផ្អែកលើវិទ្យាសាស្រ្ត ដើម្បីការពារហេតុការណ៍បាក់ដីជាលើកទីពីរ។ 
 
ហេតុការណ៍បាក់ដីតែងតែកើតមាននៅក្នុងខេត្ត Yunnan ប្រទេសចិន ដោយសារខេត្តមួយនេះ មានកន្លែងមិនទាន់អភិវឌ្ឍច្រើន ហើយស្ថិតនៅក្បែរតំបន់ជួរភ្នំថែមទៀត។ 
 
នៅរយៈពេលប៉ុន្មានខែកន្លងទៅ ចិនមានការបាក់ដីនៅតំបន់ផ្សេងទៀតផងដែរ ដោយមនុស្សជាច្រើននាក់ បានបាត់បង់ជីវិត។ នៅក្នុងខែកញ្ញា ក្នុងតំបន់ភាគខាងត្បូងចិន Guangxi ព្យុះភ្លៀង បានបង្កឱ្យមានការបាក់ដី និងបង្កឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៧នាក់។ 
 
មិនតែប៉ុណ្ណោះ នៅក្នុងខែសីហា ក្នុងក្រុង Xi'an ខេត្ត Shaanxi ភ្លើងធ្លាក់ខ្លាំង បានបង្កឱ្យមានការបាក់ដី និងសម្លាប់មនុស្សច្រើនជាង ២០នាក់៕ 

Tag:
 ចិន
  បាក់ដី
© រក្សាសិទ្ធិដោយ thmeythmey.com