កីឡាអន្តរជាតិ
អន្តរជាតិ
Salah ខកខានជួយអេហ្ស៊ីបនៅ AFCON ព្រោះត្រូវត្រឡប់ទៅ Liverpool ព្យាបាលរបួសសរសៃពួរ
22, Jan 2024 , 4:19 pm        
រូបភាព
ខ្សែប្រយុទ្ធ Mohamed Salah នឹងត្រូវវិលត្រឡប់ទៅកាន់ក្រុម Liverpool វិញដើម្បីព្យាបាលរបួសសរសៃពួរ ក្រោយពីរូបគេបានរងរបួសនៅក្នុងការប្រកួតទល់ហ្គាណា កាលពីសប្តាហ៍មុន នៅក្នុងការប្រកួតពានរង្វាន់ African Cup of Nations 2023 នៅក្នុងប្រទេសកូតឌីវ័រ។ Salah ត្រូវអង្គុយទស្សនាការប្រកួតមួយចុងក្រោយរបស់អេហ្ស៊ីប នៅក្នុងវគ្គចែកពូល មុនពេលធ្វើដំណើរទៅអង់គ្លេសវិញ។



បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អេហ្ស៊ីប EFA ខ្សែប្រយុទ្ធក្រុមរហស្សនាមហង្សក្រហម ត្រូវព្យាបាលរបួសជាមួយនឹងក្រុម ស្របតាមការស្នើសុំរបស់លោក Jurgen Klopp ដែលជាអ្នកចាត់ការក្រុម កាលពីថ្ងៃទី២១ ខែមករា។ ការស្នើសុំកើតឡើងក្រោយពេល Liverpool បំបាក់ក្រុម AFC Bournemouth ៤-០ នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស​ Premier League។
 
ទោះយ៉ាងណា អេហ្ស៊ីបនៅតែរំពឹងថា Salah នៅតែអាចលេងបាននៅក្នុងតំណែងណាមួយនៅក្នុងការប្រកួត AFCON។ «យើងនៅតែមានក្តីរំពឹងថាគេនឹងអាចលេងនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Nations Cup ក្នុងករណីក្រុមឈានជើងដល់វគ្គជម្រុះ។»។ នេះបើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ EFA។
 
កាលសប្តាហ៍មុន Salah រងរបួសសរសៃពួរ នៅត្រឹមវគ្គទីមួយ ក្នុងការប្រកួតទល់ហ្គាណា ខណៈពេលក្រុមកំពុងតែនាំមុខ ប៉ុន្តែក្រោយពេលគេជួបប្រទះបញ្ហានេះ ហ្គាណាជើងខ្លាំងក្នុងតំបន់មួយរូប បានស្វែងរកគ្រាប់បាល់ស្មើមកវិញ ដើម្បីបង្អាក់ដំណើរអេហ្ស៊ីប ក្នុងការឈ្នះកៅអីវគ្គ ១៦ក្រុម។
 
លោក Klopp បាននិយាយស្នើសុំ Salah វិលត្រឡប់មកកាន់ក្លិបវិញ ដើម្បីព្យាបាលបញ្ហារបួសរបស់គេ ក៏ដូចជាធ្វើការងារជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ដើម្បីអាចអនុញ្ញាតរូបគេឆាប់វិលចូលការប្រកួត។
 
លោក Klopp បាននិយាយក្រោយចប់ការប្រកួតនៅ Premier League ដូច្នេះ៖«វាជាគម្រោង យ៉ាងណាគេនឹងត្រូវខកខានរយៈពេលវែង វាប្រហែលជាសមហេតុផលសម្រាប់អ្នករាល់គ្នា ក្នុងការព្យាបាលជាមួយយើង ឬជាមួយប្រជាជនរបស់យើង។ នោះហើយជាផែនការ […]។»។
 
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ អះអាងបន្ថែមទៀតថា ការព្យាបាលនឹងអាចជួយដល់ Salah ឆាប់ជាសះស្បើយលឿន ប៉ុន្តែមិនធានាសម្រាប់ការអាចវិលត្រឡប់ទៅកាន់ការប្រកួត AFCON។
 
អេហ្ស៊ីបឈរលេខ ២ មាន ២ពិន្ទុក្នុងពូល B នឹងត្រូវបន្តការប្រកួតវគ្គចែកពូល ចុងក្រោយទល់នឹងក្រុមលេខ ១ កំពូលតារាងកាប់វែរ ដែលកំពុងមាន ៦ពិន្ទុក្នុងដៃ វេលាម៉ោង ៣យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី២៣ ខែមករា ខណៈដែលក្រុមហ្គាណា ត្រូវជួបម៉ូសាំប៊ិក វេលាដូចគ្នា៕

Tag:
 Mohamed Salah
  Liverpool
  African Cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com