សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
USDA៖ ហ្វីលីពីន នឹងបន្តជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុត ក្នុងឆ្នាំ២០២៤
22, Jan 2024 , 8:59 pm        
រូបភាព
កម្មករលើកបាវអង្ករក្នុងឃ្លាំងមួយកន្លែងនៅហ្វីលីពីន។ រូបភាព ៖ Philstar
កម្មករលើកបាវអង្ករក្នុងឃ្លាំងមួយកន្លែងនៅហ្វីលីពីន។ រូបភាព ៖ Philstar
ហ្វីលីពីន ត្រូវបានរំពឹងថា នឹងបន្តនាំចូលអង្ករច្រើនជាងគេបំផុតលើពិភពលោកប្រមាណ ៣,៨លានតោននៅឆ្នាំ២០២៤។ តម្រូវការដ៏ច្រើនបែបនេះ គឺដោយសារការផ្គត់ផ្គង់អង្ករនៅក្នុងស្រុក ស្របពេលមានបាតុភូតអាកាសធាតុ El Nino។

 
ហ្វីលីពីនអាចបន្តជាប្រទេសនាំចូលអង្ករឈានមុខគេរបស់ពិភពលោកនៅឆ្នាំ ២០២៤ បន្ទាប់ពីនាំមុខចិន នៅក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចនៃក្រសួងកសិកម្មអាម៉េរិក (USDA) ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា។
 
ក្នុងរបាយការណ៍របស់ USDA ដដែល ហ្វីលីពីនរំពឹងថានឹងនាំចូលអង្ករប្រមាណ ៣,៨លានតោនក្នុងឆ្នាំ២០២៤ ។ 
 
ការកើនឡើងនៃតម្រូវអង្កររបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ គឺដើម្បីបង្គ្រប់ទុនបម្រុងអង្ករក្នុងស្រុក ស្របពេលមានក្តីបារម្ភពាក់ព័ន្ធនឹងការផ្គត់ផ្គង់អង្ករពិភពលោកធ្លាក់ចុះ និងបាតុភូតអាកាសធាតុ El Nino បង្កភាពរាំងស្ងួត ដែលអាចប៉ះពាល់ដល់ផលិតកម្មស្បៀងនៅជុំវិញពិភពលោក។
 
តាមពីក្រោយហ្វីលីពីន ប្រទេសដែលរំពឹងនាំចូលអង្ករច្រើនដែរនោះរួមមាន ចិន ឥណ្ឌូណេស៊ី សហភាពអឺរ៉ុប នីហ្សេរីយ៉ា និងអ៊ីរ៉ាក់។ លើសពីនេះ ប្រទេសផ្សេងទៀតក៏នឹងបង្កើនការនាំចូលអង្ករនៅឆ្នាំ២០២៤ផងដែរ ដូចជា អាហ្វហ្កានីស្ថាន គុយបា អ៊ីរ៉ង់ នេប៉ាល់ អារ៉ាប៊ីសាអូឌីត អង់គ្លេស អាម៉េរិក និងយេម៉ែន។ 
 
របាយការណ៍ខាងលើបានគូសបញ្ជាក់ថា ទោះបីជាការនាំចូលអង្ករនឹងកើនឡើងនៅក្នុងប្រទេសជាច្រើនក៏ដោយ ប៉ុន្តែបរិមាណអង្ករដែលត្រូវបានជួញដូរទូទាំងពិភពលោកនៅឆ្នាំ ២០២៤ នឹងថយចុះមកត្រឹម៥២,២លានតោន ពីបរិមាណ ៥២,៤លានតោនក្នុងឆ្នាំ២០២៣។ ការណ៍នេះ ដោយសារតែរដ្ឋាភិបាលឥណ្ឌា បានចេញ​បម្រាម​ការ​នាំ​ចេញ​អង្ករ​កាលពីចុង​ឆ្នាំ​២០២២ និង​២០២៣។
 
គួររម្លឹកថា នៅខែកញ្ញា ឆ្នាំ២០២៣ ហ្វីលីពីនបាននាំមុខចិនជាលើកដំបូង ដោយក្លាយជាប្រទេសនាំចូលអង្ករឈានមុខគេលើលោកជាមួយនឹងបរិមាណដែលត្រូវអនុម័តឲ្យនាំចូលចំនួន ៣,៩លានតោនក្នុងរយៈពេលចាប់ខែមករាឆ្នាំ២០២២ ដល់ខែធ្នូឆ្នាំ២០២៣។
 
តាមទិន្នន័យក្រសួងកសិកម្មហ្វីលីពីន ក្នុងឆ្នាំ២០២៣ ហ្វីលីពីនបាននាំចូលអង្ករចំនួន ៣,៥៦លានតោន ដែលភាគច្រើនមកពីវៀតណាម ថៃ និងប៉ាគីស្ថាន។ នេះបើតាមសារព័ត៌មានក្នុងស្រុក Philstar ៕ 

Tag:
 ហ្វីលីពីន
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com