RFI
អន្តរជាតិ
រុស្ស៊ី៖ អគ្គិភ័យ​ឆេះទីតាំងស្តុកឧស្ម័ន​១​កន្លែង បង្កចេញ​ពី«កម្លាំងខាងក្រៅ»
22, Jan 2024 , 9:59 pm        
រូបភាព
 អគ្គិភ័យឆេះទីតាំងស្តុកឧស្ម័នរុស្ស៊ី១កន្លែង​ បង្កចេញពី«កម្លាំងខាងក្រៅ»។
អគ្គិភ័យឆេះទីតាំងស្តុកឧស្ម័នរុស្ស៊ី១កន្លែង​ បង្កចេញពី«កម្លាំងខាងក្រៅ»។
ដោយ៖ហេង ឧត្តម/RFI

APគ្រោះអគ្គិភ័យ បាន​ឆាបឆេះ​ទីតាំង​ស្តុក​ឧស្ម័ន​រុស្ស៊ី ១ កន្លែង នៅ​យប់​ថ្ងៃ​សៅរ៍ឈាន​ចូល​ថ្ងៃ​អាទិត្យ​។ ​ក្រុមហ៊ុនសារព័ត៌មានរុស្ស៊ី​ នូវាតេក​ រាយការណ៍ថា ហេតុការណ៍​ឆេះនេះព្រោះតែ​បង្កឡើង​​ពី«កម្លាំងខាងក្រៅ»។ ប្រភព​ដដែល​ បញ្ជាក់ថា ​ទីតាំង​ភ្លើង​ឆេះនោះ គឺមាន​ចម្ងាយ​ឋិត​នៅ ​១១០ គីឡូម៉ែត្រ ពី​ប៉ែក​ខាង​លិច​ ទីក្រុង សាំង-ប៉េតែរស្បួក និង​នៅ​ជិត​នឹង​ព្រំដែន​របស់​ប្រទេស​ អេស្តូនី ហើយ​និង​នៅប្រហែល​ ១ ០០០ គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយក្រែន។

 
ក្នុងសីតុណ្ហភាពត្រជាក់ដក១០ក្រោម​សូន្យអង្សា ក្រុម​សង្គ្រោះ​និង​ពន្លត់​អគ្គិភ័យ​នាំគ្នា​ប្រឹង​ដុតដៃដុត​ជើង ជួយ​ពន្លត់​ភ្លើង។ អាជ្ញាធរមូលដ្ឋាន​ម្នាក់ បាន​ប្រាប់​កាសែត​រុស្ស៊ីថា ភ្លើង​ឆាប​ឆេះ​ឡើង​នៅម៉ោង​ប្រមាណ ២និង​៤៥នាទី ប៉ុន្តែ​ ក្រសួងមានសមត្ថកិច្ច​និង​ក្រុមពន្លត់​អគ្គិភ័យនៅមូលដ្ឋាន ​បាន​ចាត់ចែង​ទប់ទល់​​​ទាន់​ពេលវេលា​​។ ទីបំផុត គ្រោះអគ្គិភ័យ​​នោះ បាន​រលត់វិញហើយ ហើយ​ចំណែក​​តុល្យការបឋម  គឺ​​គ្មាន​អ្នក​រង​របួស គ្មាន​អ្នក​ស្លាប់ ឬ​ត្រូវ​ខូចខាត​សុខភាព​បុគ្គលិក​ធ្វើការនៅ​ទីនោះទេ។ នេះបើតាម​សារព័ត៌មានក្នុងស្រុក​​រុស្ស៊ី។​ ទន្ទឹម​នោះ អភិបាល​​ក្រុង​លេនីនក្រាត លោក អាឡិចសង់ ដ្រូសដែនស្កូ ក៏បាន​សរសេរបញ្ជាក់​ក្នុង​​តេលេក្រាម​របស់គាត់ថា «គ្មានមនុស្ស​របួសទេ។ គ្រប់គ្នា​​ត្រូវ​ជម្លៀស​ចេញពី​គ្រោះ​ថ្នាក់​អស់ហើយ។»។
 
នៅពេល​ភ្លាមៗ ទាំង​សារព័ត៌មាន​រុស្ស៊ី នូវាតេក និងទាំង​​អាជ្ញាធរ​មូលដ្ឋាន ពុំទាន់​អាច​បញ្ជាក់​​បាន​នៅឡើយទេ​អំ​ពី​ដើមហេតុ​ដែល​បណ្តាល​ឲ្យ​ភ្លើង​ឆេះ គឺពួក​គេ​​គ្រាន់តែ​លើកឡើងយ៉ាងខ្លី ថា​អាចមកពី​«កម្លាំង​ខាងក្រៅ»។
 
ទោះបី​​​ជា ​​សារព័ត៌មាន​រុស្ស៊ី ​និង​​​អាជ្ញាធរ​មូលដ្ឋានរុស្ស៊ី ពុំ​បា​នបញ្ជាក់​ពីដើមចម​មូល​ហេតុ​ភ្លើងឆេះ និង​អ្នកប្រព្រឹត្តក្តី ប៉ុន្តែ​​គេ​បាន​ដឹង​ថា កង​កម្លាំង​អ៊ុយក្រែន ធ្លាប់​បាន​អះអាង​ទទួល​ស្គាល់​ស្នាដៃ​របស់ខ្លួន ចំពោះ​ការ​វាយប្រហារ​បញ្ឆេះ​កន្លែង​ស្តុក​ប្រេង​រុស្ស៊ី ចំនួន​ ២ កន្លែង រួច​ទៅហើយ កាលពី​​សប្តាហ៍កន្លងទៅ​​​។
 
គួរ​ជ្រាបថា កន្លែងស្តុកឧស្ម័ន​រុស្ស៊ី​​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ជា​កន្លែង​បំប្លែង​ឧស្ម័ន​មួយ​ដ៏សំខាន់ នៅ​ទីក្រុង​ លូស្ត-លូហ្កា​។ ទីនោះ​​មិនត្រឹមតែស្តុក​ឧស្ម័នទេ​ ក៏មាន​ស្តុក​ដែរ ប្រេង​សម្រាប់​យន្តហោះ និង​ប្រេង​សម្រាប់​នាវា​។ កន្លែងឆេះ​ឧស្ម័ន​លើក​នេះ  ក៏​ជា​សាខា​១សម្រាប់​បញ្ចូន​ឧស្ម័ន របស់​ក្រុម​ហ៊ុន​ Nord Stream 2  ទៅកាន់​ប្រទេស​អាល្លឺម៉ង់។ Nord Stream 2  តាំងតែ​ពី​ឆេះ​ នៅ​ខែតុលា​២០២២ មក គឺ​នៅ​មិនទាន់​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ។
 
ជាការ​កត់សម្គាល់ តាំងតែពីផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​​មក​ រដ្ឋអំណាច​រុស្ស៊ី តែងតែ​ព្យាយាម​​ធ្វើ​យ៉ាងណា ប្រឹង​បញ្ជៀស​​គ្រោះថ្នាក់ដល់​ជីវិតប្រចាំថ្ងៃ​របស់​​ពលរដ្ឋ​រុស្ស៊ី។ ប៉ុន្តែ នៅ​ពេល​ការ​បោះឆ្នោត​រើស​ប្រធានាធិបតីរុស្ស៊ី ​នា​ខែ​មីនា​ កាន់តែកៀក អ៊ុយក្រែន​​កាន់តែ​ពឺ​ត​វាយប្រហារ​បកទៅរុស្ស៊ី​វិញ គ្រប់​ច្រកល្ហក៕​

© រក្សាសិទ្ធិដោយ thmeythmey.com