កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ ស្វះស្វែងរកការដាក់ប្រដាល់ Muay Thai ក្នុងប្រភេទកីឡាអូឡាំពិក
23, Jan 2024 , 11:59 am        
រូបភាព
គុន Muay Thai (ឆ្វេង) និងលោកស្រី Paetongtarn Shinawatra អនុប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តអំណាចស្រទន់ជាតិថៃ។ រូបភាព AFP
គុន Muay Thai (ឆ្វេង) និងលោកស្រី Paetongtarn Shinawatra អនុប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តអំណាចស្រទន់ជាតិថៃ។ រូបភាព AFP
ថ្ងៃណាមួយ ថៃនឹងអបអរអ្នកប្រដាល់Muay Thai តំណាងឱ្យប្រទេស នៅក្នុងកីឡាអូឡាំពិក។ លោកស្រី Paetongtarn Shinawatra អនុប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តអំណាចទន់ជាតិថៃ និងជាកូនស្រីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ សរសេរនៅលើបណ្តាសង្គម Facebook របស់ខ្លួន។ រដ្ឋាភិបាលថៃ កំពងប្រើប្រាស់ Muay Thai ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកប្រទេសខ្លួន។



តាមរយៈកម្មវិធីផ្សព្វផ្សាយអំណាចទន់ ថៃបានចាត់ទុកប្រដាល់ Muay Thai មានសក្ដានុពលដ៏ខ្លាំង ដើម្បីផ្សព្វផ្សាយទៅបរទេស និងទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនេះ ថៃ កំពុងស្វះស្វែងរកការដាក់ប្រដាល់ Muay Thai នៅក្នុងប្រភេទកីឡាអូឡាំពិកថែមទៀត។ 
 
តាមរយៈសំណេរលើបណ្តាសង្គម Facebook លោកស្រី Paetongtarn Shinawatra អនុប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តអំណាចទន់ជាតិថៃ បានលើកឡើងពីផែនការជាច្រើន ក្នុងការពង្រឹងកេរ្តិ៍ឈ្មោះប្រដាល់ Mauy Thai តាមរយៈយុទ្ធសាស្រ្តមួយចំនួនក្នុងនោះ រួមមានការដាក់ក្បាច់គុននេះ ទៅក្នុងប្រភេទកីឡាអូឡាំពិកជាដើម។ 
 
«យើងនឹងទទួលបានឱកាសក្នុងការអបអរអ្នកប្រដាល់ Muay Thai តំណាងឱ្យប្រទេស នៅក្នុងកីឡាអូឡាំពិក នៅថ្ងៃណាមួយ»។ កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ថៃនឹងផ្សព្វផ្សាយ Muay Thai ទៅបរទេស តាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជា ការកំណត់ឱ្យមានឋានៈ ដូចនៅក្នុងប្រព័ន្ធឋានៈខ្សែក្រវាត់របស់តៃក្វាន់ដូផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៣ ខែមករា។ 
 
បច្ចុប្បន្ន ប្រដាល់ Mauy Thai មិនត្រឹមមានវត្តមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ឡើយ ប៉ុន្តែវាក៏បានរីកសាយទៅប្រទេសនៅតំបន់អឺរ៉ុបថែមទៀត ដូចជាអង់គ្លេសជាដើម។ ទាក់ទិននឹងបញ្ហានេះ អនុប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តអំណាចទន់ជាតិថៃ បានប្តេជ្ញាបន្តពង្រីកកន្លែងហ្វឹកហាត់នៅបរទេស និងឧស្សាហកម្មសម្ភារ សម្រាប់ហ្វឹកហាត់គុនមួយនេះ។ 
 
ចំណែក ទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាប្រធាននៃអនុគណៈកម្មាធិការកីឡាក្នុង គណៈកម្មាធិការយុទ្ធសាស្រ្តអំណាចទន់ជាតិថៃ លោក Pimol Srivikorn បានបន្ថែមថា រដ្ឋគ្រោងបង្រៀនសិស្សសាលាក្នុងក្រុងបាងកកពីគុនមួយនេះផងដែរ។ 
 
បន្ថែមពីនេះ ថៃនឹងបញ្ជូនអ្នកប្រដាល់ជំនាញខ្លួន ដូចជា Rodtang Jitmuangnon, Buakaw Banchamek និង Superbon Singha Mawynn សម្រាប់បង្រៀននៅថ្នាក់ Masterclass នៅអង់គ្លេស ក្នុងខែមេសាខាងមុខ។  
 
គួររម្លឹកថា នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលថៃ បានចាត់ទុកគុន Muay Thai ជា អាទិភាពបំផុតក្នុងការផ្សព្វផ្សាយអំណាចទន់ ហើយគ្រោងពង្រីកភាពល្បីល្បាញរបស់ Muay Thai ទៅក្រៅប្រទេសផងដែរ។
 
គណៈកម្មាធិការយុទ្ធសាស្រ្តអំណាចទន់ បានរើស ១១វិស័យសម្រាប់ជាអំណាចទន់របស់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយទៅបរទេស ទាក់ទាញភ្ញៀវទេសចរ និងពង្រីកកេរ្តិ៍ឈ្មោះប្រទេស។ ប្រដាល់ Muay Thai ក៏ស្ថិតក្នុងចំណោម អំណាចទន់របស់ថៃដែរ។ 
 
កន្លងមក ថៃក៏ធ្លាប់បានស្វះស្វែងដាក់គុនរបស់ខ្លួនក្នុងប្រភេទកីឡាអូឡាំពិក ដែលនឹងរៀបចំនៅក្រុង  Los Angeles ឆ្នាំ២០២៨ ផងដែរ ប៉ុន្តែត្រូវបានបដិសេធ៕

Tag:
 ថៃ
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com