ជាតិ
«គាស់ផឹក» លើវេទិកា, នាយករដ្ឋមន្ត្រីហាមមិនឱ្យមានទៀតដាច់ខាត
23, Jan 2024 , 4:35 pm        
រូបភាព
«គ្រឿងស្រវឹង» ជាដើមហេតុដ៏ចម្បងមួយនៃគ្រោះថ្នាក់ចរាចរណ៍។ នាពិធីបិទមហាសន្និបាតក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមករា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់អគ្គស្នងការនគរបាលជាតិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាជ្ញាធរពាក់ព័ន្ធ និងមហាជន ពង្រឹងការគោរពច្បាប់ចរាចរណ៍ និងចូលរួមទប់ស្កាត់ករណីបើកបរដែលមានជាតិអាល់កុលជាប់ខ្លួន។



កីឡាករមួយរូប បន្ទាប់មកជីវិតមនុស្ស៤នាក់ក្នុងនោះមាននិស្សិតផងដែរ រួមទាំងមនុស្សជាច្រើនទៀត បានក្លាយជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់ប្រមុខរដ្ឋាភិបាល វាជារឿងដ៏គួរឱ្យសង្វែក ដោយសម្តេចណែនាំទៅលោក ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពង្រឹងការត្រួតពិនិត្យជាតិអាល់កុល រួមទាំងការអនុវត្តនីតិវិធីច្បាប់ឱ្យងាយស្រួល ជៀសវាងការបង្កើតបញ្ហាផ្សេងៗ។

ទាក់ទងនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាទៅលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានរួចហើយ ឱ្យទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្មានព្រំដែន ពោលគឺបន្ទាប់ពីសម្តេចបានឃើញការផ្សាយពីករណីនាំគ្នាគាស់ផឹកនៅលើវេទិកាមួយតាមកញ្ចក់ទូរទស្សន៍។

«គ្រោះថ្នាក់ចរាចរណ៍ស្លាប់ច្រើនជាងគ្រាប់បែក គ្រាប់មីនទាំងអស់»។ នេះជាការកត់សម្គាល់របស់សម្តេចនាយករដ្ឋមន្ត្រី ដោយទាមទារឱ្យអាជ្ញាធរ មហាជន ជាពិសេសសារព័ត៌មានរួមគ្នាទប់ស្កាត់។ សម្តេចព្រមានថា៖ «ឡើងលើវេទិកា គាស់ផឹក អត់ទេ ឈប់ភ្លាម»។ សម្តេចក៏សម្តែងការហួសចិត្តផងដែរចំពោះការតម្រូវឱ្យគាស់ផឹកនៅលើសង្វៀនប្រដាល់ ក៏ដូចជាសកម្មភាពគាស់ផឹករបស់ពិធីករ ពិធីការិនី ក្នុងកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍។

សម្តេច ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់សារព័ត៌មាន ឱ្យត្រួតពិនិត្យច្បាស់លាស់លើខ្លឹមសារ រូបភាព ដែលត្រូវផ្សាយ ក្នុងគោលដៅចូលរួមប្រកបដោយការទទួលខុសត្រូវលើការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហានានានៅក្នុងសង្គម៕





© រក្សាសិទ្ធិដោយ thmeythmey.com