កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ទំនងបន្ដមិនដាក់កីឡាករបរទេស ក្នុងជំនួបជើងទី២ ទល់មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ
24, Jan 2024 , 7:59 am        
រូបភាព
ភ្នំពេញក្រោន ប្រកួតជាមួយ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ រូបពីពានសម្ដេច ហ៊ុន សែន
ភ្នំពេញក្រោន ប្រកួតជាមួយ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ រូបពីពានសម្ដេច ហ៊ុន សែន
ភ្នំពេញក្រោន ត្រូវប្រកួតជើងទី២ ជាមួយ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៦:០០ល្ងាច ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៧ (ជម្រុះថ្នាក់ជាតិ)។ ដោយជើងទី១ ឈ្នះ ត្បូងឃ្មុំ ២-១ ភ្នំពេញក្រោនទំនងមិនដាក់កីឡាករបរទេសសម្រាប់ជើងទី២។



ជំនួបជើងទី១ កាលពីថ្ងៃទី១០ ខែមករា ភ្នំពេញក្រោន មិនបានប្រើកីឡាករបរទេស ក្នុងការប្រកួតនៅឡើយទេ។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន យល់ថាការប្រកួតញឹកញ៉ាប់ ក្នុងលីគ និងពាន AFC Cup ដូច្នេះកីឡាករបង្គោលប្រចាំក្លិប ត្រូវការពេលវេលាសម្រាក ឲ្យមានកម្លាំងគ្រប់គ្រាន់ និងចង់ឲ្យកីឡាករក្មេងមានបទពិសោធន៍ប្រកួតផងដែរ។ ដោយឡែកឈ្នះជើងទី១ លទ្ធផល ២-១ ភ្នំពេញក្រោន មិនទាន់កក់ក្ដៅក្នុងការឡើងទៅវគ្គ៨ក្រុមឡើយ។ តើជើងទី២នេះ លោក Oleg Starynskyi នៅតែបន្ដមិនដាក់កីឡាករបរទេស និងកីឡាករសំខាន់ៗមួយចំនួនទៀតឬយ៉ាងណា?
 
ក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៣:៣០ រសៀល ខេត្តបន្ទាយមានជ័យ ត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅវិទ្យាល័យហ៊ុន សែន ខ្លាកូន។ ក្នុងជំនួបជើងទី១ កាលពីថ្ងៃទី១០ ខែមករា ព្រះខ័នរាជស្វាយរៀង បានលត់បន្ទាយមានជ័យ ៤-០។
 
លុះចូលមកដល់ម៉ោង ៦:០០ល្ងាច វិសាខា ត្រូវស្វាគមន៍ មន្ទីរ អ.យ.ក ខេត្តកំពង់ចាម នៅកីឡដ្ឋានព្រីនស៍។ មន្ទីរ អ.យ.ក ខេត្តកំពង់ចាម បានចាញ់វិសាខា ម្ដងរួចមកហើយក្នុងជើងទី១ ក្នុងលទ្ធផល ៣-១។
 
ក្នុងពេលទន្ទឹមគ្នានោះ​ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវទទួលក្រុម អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park។ អាយ អេស អាយ ដង្កោសែនជ័យ ដូចជាមានជំនឿចិត្តស្ទើរតែ ១០០ភាគរយ ក្នុងការឡើងទៅវគ្គ ៨ក្រុម ព្រោះជើងទី១ បានឈ្នះក្រុមនេះ ៧-០។ ម្យ៉ាងវិញទៀត ការប្រកួតជើងទី២ គឺធ្វើនៅក្នុងកីឡដ្ឋានរបស់ខ្លួន ដែលមានអ្នកគាំទ្រជាច្រើនជាកម្លាំងចិត្ត។
 
តើមន្ទីរ អ.យ.ក ខេត្តកំពង់ចាម, មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ, អង្គរស៊ីធី អេហ្វស៊ី និងបន្ទាយមានជ័យ អាចរកកៅអីទៅវគ្គ ៨ក្រុមទេ ប្រើក្រុមទាំង៤នេះ សុទ្ធតែចាញ់ក្នុងជើងទី១?

Tag:
 បាល់ទាត់
  ពាន សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com