អន្តរជាតិ
ចិនជំរុញសង់ផ្លូវដែកជាមួយអ៊ូសបេគីស្ថាន ដើម្បីស្រួលដឹកទំនិញទៅអឺរ៉ុបមិនឆ្លងរុស្ស៊ី
25, Jan 2024 , 2:49 pm        
រូបភាព
លោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន (ឆ្វេង) ចាប់ដៃជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង ក្នុងថ្ងៃទី២៤ ខែមករា។ រូបភាព Xinhua
លោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន (ឆ្វេង) ចាប់ដៃជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង ក្នុងថ្ងៃទី២៤ ខែមករា។ រូបភាព Xinhua
ចិន នៅថ្ងៃទី២៤ ខែមករា បានដំឡើងកម្រិតទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងជំរុញឱ្យមានការសាងសង់ផ្លូវដែក ដើម្បីងាយស្រួលដឹកទំនិញទៅអឺរ៉ុប ដោយមិនឆ្លងកាត់រុស្ស៊ី ដែលរងទណ្ឌកម្មលោកខាងលិច និងកាត់បន្ថយការចំណាយ រួមទាំងរយៈពេលដឹកជញ្ជូនទំនិញ។ ប្រទេសទាំងពីរ ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងថាមពល ការផលិត និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

 
ក្នុងដំណើរទស្សនកិច្ចនៅចិន លោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន បានជួបពិភាក្សាការងារជាមួយសមភាគីចិន លោក ស៊ី ជិនភីង ​នៅថ្ងៃទី២៤ ខែមករា។ 
 
ក្នុងជំនួបដ៏សំខាន់នេះ លោកស៊ី បានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ូសបេគីស្ថាននៅទូទាំងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្មរថយន្ត ថាមពលថ្មី ក៏ដូចជានៅក្នុងគម្រោងធំៗដូចជា ថាមពលសូឡា ថាមពលខ្យល់ និងវារីអគ្គិសនី។
 
ទន្ទឹមនេះ មេដឹកនាំចិន បានអំពាវនាវឱ្យការងារលើការសាងសង់គម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន -អ៊ូសបេគីស្ថាន ចាប់ផ្តើមបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។
 
គម្រោងផ្លូវដែកនេះ គឺសំខាន់ណាស់សម្រាប់ចិន ដើម្បីដឹកទំនិញជាច្រើនមុខទៅអឺរ៉ុបតាមផ្លូវដី ដោយមិនឆ្លងកាត់រុស្ស៊ី ដែលកំពុងតែស្ថិតក្រោមទណ្ឌកម្មរបស់លោកខាងលិច។ មិនតែប៉ុណ្ណោះ ផ្លូវដែកនេះ នឹងជួយចិន ក្នុងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងរយៈពេលដឹកទំនិញទៅកាន់អឺរ៉ុបផងដែរ។ 
 
គម្រោងផ្លូវដែកនេះ បានចាប់ផ្តើមចរចាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម្លេះ ប៉ុន្តែនៅតែមិនទាន់លេចជារូបរាងឡើងឡើយ។ រហូតដល់រុស្ស៊ីឈ្លានពានអ៊ុយក្រែន ចិនបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឱ្យផ្លូវដែកនោះ ត្រូវបានសាងសង់ឡើង ដើម្បីជួយដីទំនិញខ្លួន ជំរុញឱ្យរុស្ស៊ី។
 
សូមបញ្ជាក់ថា ចិន និងអ៊ូសបេគីស្ថាន បានអភិវឌ្ឍទំនាក់ទំនងទៅជា «ភាពជាដៃគូគ្រប់កាលៈទេសៈ» ដើម្បីអាចផ្តោតកិច្ចសហប្រតិបត្តិការទាំងនៅក្នុងស្រុក និងអន្តរជាតិ។ ចិន ក៏មានភាពជាដៃគូគ្រប់កាលៈទេសៈ ស្រដៀងគ្នានេះជាមួយបេឡារុសផងដែរ៕

Tag:
 ចិន
  អ៊ូសបេគីស្ថាន
  រុស្ស៊ី
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com