កីឡាជាតិ
ជាតិ
Hun Sen Cup៖ វិសាខា ភ្នំពេញក្រោន ស្វាយរៀង និងដង្កោសែនជ័យ កក់កៅអីទៅវគ្គ ៨ក្រុម
25, Jan 2024 , 4:43 pm        
រូបភាព
៤ក្រុមឡើងទៅវគ្គ ៨ក្រុម រូបពី Cambodian Premier League
៤ក្រុមឡើងទៅវគ្គ ៨ក្រុម រូបពី Cambodian Premier League
ក្រុមពីលីគកំពូលកម្ពុជាចំនួន៤ រួមមាន វិសាខា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និង អាយ អេស អាយ ដង្កោសែនជ័យ កក់កៅអីវគ្គ៨ក្រុមចុងក្រោយ នៃពានសម្ដេច ហ៊ុន សែន Hun Sen Cup លើកទី១៧ វគ្គជម្រុះថ្នាក់ជាតិ ក្រោយចប់ការប្រកួតជើងទី២ វគ្គ១៦ក្រុម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ដោយឡែក ៤ក្រុមផ្សេងទៀត ត្រូវរង់ចាំមើលលទ្ធផលប្រកួតនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។



វិសាខា លត់ក្រុមភ្ញៀវ អ.យ.ក ខេត្តកំពង់ចាម យ៉ាងចាស់ដៃក្នុងលទ្ធផល ១២-០ នៅក្នុងកីឡដ្ឋានព្រីនស៍។ ១២គ្រាប់នោះ រកបានដោយ កីឡាករ Youssef Lhasnaoui ៣គ្រាប់ (នាទី៧៥, ៨២, ៨៥), ច្រឹង ពលរដ្ឋ (នាទី២៣, ២៨), ស៊ិន កក្កដា (នាទី២៦, ៣៩), Oliveira Bastos Jonata (នាទី៣៨, ៤៥), Blasco Llorens (នាទី២៥), ឡេង ណូរ៉ា (នាទី៥៩) និងកីឡាករ អ៊ុក សុវណ្ណ (នាទី៧១)។ 
 
ចំណែកភ្នំពេញក្រោន បានយកឈ្នះ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ លទ្ធផល ៩-០ នៅកីឡដ្ឋាន Smart RSN។ សម្រាប់ក្នុងប្រកួតជើងទី២ ភ្នំពេញក្រោន បានដាក់កីឡាករបរទេសឲ្យចូលប្រកួត ហើយ៩គ្រាប់នោះ មាន៣គ្រាប់រកបានដោយ Shimizu Shintaro ខ្សែប្រយុទ្ធជនជាតិជប៉ុន ក្រៅពីនោះរកបានដោយកីឡាករជាតិ មានដូចជា កីឡាករ ដែត សុវណ្ណឌិច ៤គ្រាប់, ប្រាក់ ធីវ៉ា ១គ្រាប់, ឈិន រីននីន ១គ្រាប់ និង យ៉ែម ដេវិត ១គ្រាប់។
  
ក្រុមភ្នំពេញក្រោន រូបពី Cambodian Premier League

រីឯ អង្គរស៊ីធី អេហ្វស៊ី ចាញ់ អាយ អេស អាយដង្កោសែនជ័យ យ៉ាងដំណំ ដោយការមិនមានគ្រាប់បាល់ទាត់ចូលសំណាញ់ទីគូប្រកួតសោះ ក្នុងជំនួបទាំង២ជើង។ ជើងទី១ ក្រុមមកពីសៀមរាបនេះ ចាញ់ លទ្ធផល៧-០ និងជើងទី២ លទ្ធផល៩-០ នៅកីឡដ្ឋាន AIA KMH Park។ សរុបទាំង២ជើង ចាញ់ អាយ អេស អាយដង្កោសែនជ័យ១៦គ្រាប់។ ដោយឡែក ៩គ្រាប់ ក្នុងជំនួបជើងទី២ កីឡាករ អាយ អេស អាយ ដង្កោសែនជ័យ ៧រូប រកបានគ្រាប់បាល់ មានដូចជា៖ ឈុំ សុខហៃ ១គ្រាប់, ឌុច សុភា ២គ្រាប់, ដោរ រ៉ូហ្សាន ១គ្រាប់, សារី តៃម៉ូ ២គ្រាប់, សំអុល ទីណា ១គ្រាប់, ហាវ សុខនេត្រ ១គ្រាប់ និង សួន មករា ១គ្រាប់។
 
ដូចគ្នានេះ ព្រះខ័នរាជស្វាយរៀង ក៏បានកក់កៅអីទីវគ្គបន្ទាប់ ដោយបានឈ្នះ ក្រុមបន្ទាយមានជ័យ ទាំង២ជើង សរុបគ្រាប់បាល់ ១០-១។ ជើងទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះក្នុងលទ្ធផល៤-០ និងជើងទី២ ក្នុងលទ្ធផល ៦-១។ ចំពោះការប្រកួតជើងទី២នេះ ៦គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ហួយ ផល្លីន ២គ្រាប់, សៀន សុភក្ដ្រា ១គ្រាប់, មិន រតនៈ ១គ្រាប់, រី លាបផេង ១គ្រាប់ និងជូ ស៊ីនទិ ១គ្រាប់។
 
ស្របពេល ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងអាយ អេស អាយដង្កោសែនជ័យ កក់កៅអីទៅវគ្គ៨ក្រុមរួចហើយនោះ ៤កៅអីផ្សេងទៀត ត្រូវរង់ចាំការប្រកួតនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ បឹងកេត ប្រកួតជាមួយ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក រីឯ ខេត្តព្រៃវែង ស្វាគមន៍ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ។ កងយោធពលខេមរភូមិន្ទ ត្រូវប៉ះជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានស្ដាតចាស់ ខណៈ ណាហ្គាវើលដ៍ ជួបជាមួយ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ៕
 
ក្រុមព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League

ក្រុម អាយ អេស អាយ ដង្កោសែនជ័យ រូបពី Cambodian Premier League

ក្រុមបាល់ទាត់វិសាខា រូបពី Cambodian Premier League

Tag:
 ពានសម្ដេច ហ៊ុន សែន
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com