កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កូរ៉េខាងត្បូង គេចផុតជប៉ុន ទៅជួបអារ៉ាប៊ីសាអូឌីត, ឥណ្ឌូណេស៊ី បានកៅអី១៦ក្រុម
26, Jan 2024 , 10:29 am        
រូបភាព
រកឃើញ១៦ក្រុមឡើងទៅជួបគ្នាវគ្គខ្វែង AFC Asian Cup ឆ្នាំ២០២៣ ក្នុងនោះឥណ្ឌូណេស៊ី ដែលទទួលបានលេខ៣ល្អ ចាប់ដៃថៃ ពីអាស៊ីអាគ្នេយ៍។ កូរ៉េខាងត្បូង និងហ្សកដានី សុទ្ធតែជៀសផុតជប៉ុនរៀងខ្លួន ក្រោយក្រុមទាំងពីរស្មើ និងចាញ់នៅជំនួបចុងក្រោយវគ្គចែកពូល។


ជំនួបចុងក្រោយពូល E និង F ដ៏គួរភ្ញាក់ផ្អើលនៅថ្ងៃទី២៥ ខែមករា ដោយម៉ាឡេស៊ី អាចបញ្ចប់ក្នុងលទ្ធផលស្មើ កូរ៉េខាងត្បូង ៣-៣ ឯហ្សកដានី ចាញ់បារ៉ែន ១-០។ ថៃ ស្មើអារ៉ាប៊ីសាអូឌីត ០-០ ស្របពេលអូម៉ង់បានត្រឹមស្មើ គៀហ្ស៊ីស៊ីស្ថាន ១-១។
 
ក្នុងពូល E ដែលហ្សកដានី និងកូរ៉េខាងត្បូង មានភាគរយខ្ពស់ ក្នុងការទៅជួបជប៉ុននៅវគ្គ១៦ក្រុមចុងក្រោយ សុទ្ធតែគេចផុតដូចគ្នា បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងលេខ៣។ បារ៉ែន ដែលឡើងទៅឈរកំពូលតារាងនោះ ត្រូវបន្តជួបជប៉ុន ដែលបញ្ចប់ចំណាត់ថ្នាក់ទី២ពូល D នៅវគ្គខ្វែងជំនួសវិញ។
 
ឥណ្ឌូណេស៊ី មានភ័ព្វសំណាងបានកៅអីវគ្គ១៦ក្រុមចុងក្រោយជាមួយថៃ និងជាលើកដំបូងក្នុងពានរង្វាន់ទ្វីបអាស៊ីនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ល្អ ចំណោម៤ក្រុម។ បានលេខ៣ល្អ ដោយសារឥណ្ឌូណេស៊ី មាន៣ពិន្ទុ នាំមុខអូម៉ង់ដែលមាន២ពិន្ទុ។​ ជំនួបចុងក្រោយអូម៉ង់បានត្រឹមស្មើគៀហ្ស៊ីស៊ីស្ថាន ១-១។
 
១២ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ តាមពូលនីមួយៗមាន ម្ចាស់ផ្ទះកាតា តាហ្ស៊ីគីស្ថាន អូស្ត្រាលី អ៊ូសបេគីស្ថាន អ៊ីរ៉ង់ អារ៉ាប់រួមអេមីរ៉ាត អ៊ីរ៉ាក់ កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត ថៃ បារ៉ែន និងជប៉ុន។ ចំណែកក្រុមលេខ៣ល្អទាំង៤ មាន ស៊ីរី ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី និងហ្សកដានី។
 
ជួបគ្នាវគ្គ១៦ក្រុមចុងក្រោយ Asian Cup ឆ្នាំ២០២៣៖
 
តាហ្ស៊ីគីស្ថាន ប៉ះ អារ៉ាប់រួមអេមីរ៉ាត
អ៊ីរ៉ាក់ ប៉ះ ហ្សកដានី
អូស្ត្រាលី ប៉ះ ឥណ្ឌូណេស៊ី 
អារ៉ាប៊ីសាអូឌីត ជួប កូរ៉េខាងត្បូង
អ៊ីរ៉ង់ ជួប ស៊ីរី 
បារ៉ែន ជួប ជប៉ុន
កាតា ជួប ប៉ាឡេស្ទីន
អ៊ូសបេគីស្ថាន ជួប ថៃ៕
 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com