កីឡាជាតិ
ជាតិ
ផ្សព្វផ្សាយគុនល្បុក្កតោ ស្មើនឹងបង្ហាញកម្ពុជា ទៅពិភពលោក
27, Jan 2024 , 9:59 am        
រូបភាព
លោក ពក សំអេង គ្រូគុនល្បុក្កតោក្លិបដំរីជ័យសាមពាន់ រួមជាមួយសិស្សគុនខ្លួន
លោក ពក សំអេង គ្រូគុនល្បុក្កតោក្លិបដំរីជ័យសាមពាន់ រួមជាមួយសិស្សគុនខ្លួន
លោក ពក សំអេង គ្រូបង្វឹកសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ ដែលធ្លាប់មានបទពិសោធន៍បង្ហាត់កីឡាករ-កីឡាការិនីនៅឥណ្ឌូណេស៊ី ត្រៀមស៊ីហ្គេម លើកទី៣២នោះ យល់ឃើញថា ការបង្ហាត់អត្ដពលិក និងការផ្សព្វផ្សាយក្បាច់គុនជាតិទៅបរទេស បានធ្វើឲ្យបរទេស យល់ដឹងពីវប្បធម៌កម្ពុជាកាន់តែច្បាស់។



មុនពេលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា លោក ពក សំអេង និងបងប្រុសរបស់ខ្លួន បានទៅបង្វឹកគុនល្បុក្កតោដល់អត្ដពលិកឥណ្ឌូណេស៊ី។ ពេលឃើញអត្ដពលិកបរទេសទាំងនោះ ប្រឹងហ្វឹកហាត់គុនល្បុក្កតោ លោក សំអេង កាន់តែមានស្មារតី និងឆន្ទៈកាន់តែខ្លាំង ក្នុងការប​ង្រៀន ដល់កូនខ្មែរជំនាន់ក្រោយ។ «ខ្ញុំ មានបទពិសោធន៍បង្វឹកគុនល្បុក្កតោ ទៅកាន់កីឡាករបរទេស។ ពេលខ្ញុំ ឃើញគេល្អៗច្រើន ខ្ញុំ កាន់តែមានឆន្ទៈចង់បង្វឹកអ្នកជំនាន់ក្រោយ ឲ្យកាន់តែខ្លាំងថែមទៀត។»។ លោក គ្រូគុនល្បុក្កតោរូបនេះ បាននិយាយដូច្នេះ។
 
ដោយឡែកក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ទោះជាលោក សំអេង និងបងប្រុស បានមកកម្ពុជាវិញ ហើយបន្ដកិច្ចការជាគ្រូគុនក្នុងសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ នៅក្នុងក្រុងសៀមរាប ប៉ុន្ដែអត្ដពលិកគុនល្បុក្កតោ នៅឥណ្ឌូណេស៊ី បន្ដការហ្វឹកហាត់ដូចដើម ព្រោះនៅទីនោះមានសហព័ន្ធគុនល្បុក្កតោ ប្រចាំប្រទេសឥណ្ឌូណេស៊ី។
 
អ្វី ធ្វើឲ្យលោក សំអេង មានមោទកភាពកាន់តែខ្លាំងនោះ គឺការមិននឹកស្មានថា គុនល្បុក្កតោ បានក្លាយជាកីឡាមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយមាន៦ប្រទេសចូលរួមប្រកួត ទៀតផង។ គ្រូគុនរូបនេះ ចាត់ទុកទាំងនេះ គឺសមិទ្ធផលរបស់ព្រឹទ្ធាចារ្យជាច្រើនអ្នក ដែលបានព្យាយាមចងក្រង និងរួមធ្វើ ព្រោះគុនល្បុក្កតោ ស្ទើតែមិនសូវមានអ្នកស្គាល់ទាំងជាតិ និងអន្ដរជាតិ កាលពី២០ឆ្នាំមុន។
 
«កាលពីជាង ២០ឆ្នាំមុនស្ទើតែបាត់បង់ ប៉ុន្ដែ ត្រូវបានព្រឹទ្ធាចារ្យគុនល្បុក្កតោជាច្រើន បានស្វែងរកក្បួនច្បាប់ និងឯកសារផ្សេងៗ ជាពិសេស បានផ្សព្វផ្សាយរហូតមកដល់ពេលនេះ យើង ឃើញមានអ្នកហាត់ទាំងក្មេង ទាំងមនុស្សពេញវ័យ ជាច្រើន។»។ លោក ពក សំអេង បាននិយាយដូច្នេះ។
 
ដោយឡែក ក្នុងកិច្ចការជាគ្រូបង្វឹកគុនល្បុក្កតោនេះ លោក ពក សំអេង បានបញ្ជាក់ថារូបលោក និងប​ងប្រុសបើកក្លិបគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ បានរយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំ២០១៨ ហើយបណ្ដុះសិស្សគុនជាច្រើន ដែលក្នុងនោះ ក៏មានកីឡាការិនីម្នាក់ឈ្មោះ ពក ផល្លា ដណ្ដើមបានមេដាយសំរិទ្ធ១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ផងដែរ។ ចំណែកការហ្វឹកហាត់គុនល្បុក្កតោ កូនសិស្សកើនឡើងជារៀងរាលឆ្នាំ។ គ្រូគុនរូបនេះ បញ្ជាក់ថាក្មេងៗទាំងនេះ មកហាត់គ្រាន់តែចង់បានសុខភាពល្អប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនោះ ខណៈប្រទេសក្នុងតំបន់បានទទួលយកក្បាច់គុននេះ យកទៅហាត់ ដូច្នេះ ក្នុងនាមជាម្ចាស់ក្បាច់គុន លោក ពក សំអេង តែងជម្រុញឲ្យសិស្សគុនទាំងនោះ ហ្វឹកហាត់ឲ្យក្លាយជាកីឡាករ-កីឡាការិនីអាជីព ដែលអាចប្រកួតលើឆាកជាតិ និងអន្ដរជាតិបាន៕

Tag:
 ល្បុក្កតោ
  លោក ពក សំអេង
© រក្សាសិទ្ធិដោយ thmeythmey.com