បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ពីបេក្ខជនប្រកួតជជែកដេញដោល សុង ច័ន្ទសក្កណា វិវឌ្ឍន៍ខ្លួនទៅជាគ្រូបង្វឹកទាំងវ័យក្មេង
28, Jan 2024 , 9:19 am        
រូបភាព
រូបភាពពីសាលាប៊ែលធី
រូបភាពពីសាលាប៊ែលធី
ភ្នំពេញ៖ ផ្ដើមចេញពីបេក្ខជនម្នាក់ ចូលរួមប្រកួតជជែកដេញដោលជាមួយមិត្តរួមក្រុមចំនួន ៤នាក់ យុវតី សុង ច័ន្ទសក្កណា បានវិវឌ្ឍន៍ខ្លួនទៅជាគ្រូបង្វឹក និងជាគណៈកម្មការផ្ដល់ពិន្ទុ។ លទ្ធផលវិជ្ជមានកើតចេញពីការព្យាយាម និងឱហាត បានក្លាយជាមោទកភាពថ្មីបន្ថែមសម្រាប់ សក្កណា។ «ខ្ញុំត្រេកអរ ក្នុងឱកាសក្លាយជាគ្រូបង្វឹកផង ជាគណៈកម្មការផង ដែលសាលាបានមើលឃើញពីគុណតម្លៃ និងពីភាពខំប្រឹងរបស់យើងចេញពីការប្រកួតផ្សេងៗ»។ នេះជាការលើកឡើងរបស់យុវតីសម្ដីផ្អែម សុង ច័ន្ទសក្កណា។


យុវតី សុង ច័ន្ទសក្កណា ជាអតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ និងជាសិស្សនិទ្ទេស A ក្នុងឆ្នាំ២០២៣។ បច្ចុប្បន្ន យុវតីវ័យ ១៨ឆ្នាំរូបនេះ ជានិស្សិតឆ្នាំទី១ ជំនាញអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ 
 
នៅឆ្នាំ២០២២កន្លងទៅ សក្កណា និងមិត្តរួមក្រុមចំនួន ៤នាក់ផ្សេងទៀត បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់សាធារណជន និងសិស្សនិស្សិតនៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២។ ក្នុងកម្មវិធីនោះ សក្កណា និងក្រុម បានជាប់ត្រឹមជើងឯករង ខណៈសិស្សវិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប ជាជើងឯក។
 
មិនហ៊ានចូលប្រកួត ព្រោះគិតថាខ្លួនគ្មានសមត្ថភាព!
 
ដើមឡើយ យុវតីសម្ដីស្រទន់រូបនេះ មិនមានចំណាប់អារម្មណ៍ក្នុងការប្រកួតជជែកដេញដោលនោះទេ ដោយសារគិតថាសមត្ថភាពក្នុងការនិយាយជាសាធារណៈរបស់ខ្លួននៅមានកម្រិត។ យុវតីពូកែវោហារ សក្កណា បានចូលប្រឡូកក្នុងការប្រកួតប្រជែងជជែកដេញដោលនៅឆ្នាំ២០២២ អំឡុងពេលរូបនាង សិក្សាថ្នាក់ទី១១។
 


មួយឆ្នាំក្រោយមក សក្កណា ក៏ឈានជើងឈរលើវិថីជជែកដេញដោល បន្ទាប់ពីមានការជំរុញពីសាលារៀនរបស់នាង។ យុវតី សុង ច័ន្ទសក្កណា បានចាប់យកឱកាសនេះ និងយល់ថាបើជាប់ជារឿងមួយដែលល្អ តែបើធ្លាក់ចាត់ទុកជាបទពិសោធ និងជាមេរៀន។ 
 
ដើម្បីមានឱកាសជាប់ទៅវគ្គបន្តបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ សក្កណា និងមិត្តរួមក្រុម បានសម្រុកស្រាវជ្រាវ ពិភាក្សា និងបានទុកការសិក្សានៅថ្នាក់ទី១១ចោលមួយរយៈសិន។ ទោះការចាប់ផ្ដើមមាន​ការលំបាក ប៉ុន្តែសក្កណា មិនបោះបង់គោលដៅមួយនេះឡើយ។ សក្កណា ចង់ឱ្យការ​និយាយរបស់នាង ប្រកបដោយសិល្បៈ និងអាចទាក់ចិត្តអ្នកស្ដាប់បាន។ 
 

ការជជែកដេញដោល ជួយដុសខាត់សមត្ថភាពនិយាយរបស់ សក្កណា...
 
ការនិយាយស្ដី មានឃ្លោងឃ្លា លើកដាក់ត្រឹមត្រូវ និងចេះគោរពដល់មនុស្សទូទៅ ដែលយុវតី សុង ច័ន្ទសក្កណា តែងតែប្រតិបត្តិ គឺកើតចេញពីការចូលរួមក្នុងកម្មវិធីជជែកដេញដោល។ បើតាមយុវតី សក្កណា សមិទ្ធិផលដែលទទួលបានពីកម្មវិធីនេះ​ បាននាំឱ្យនាងក្លាយជាបុគ្គលម្នាក់ ដែលគេទទួលស្គាល់។ ក្រោយជាប់ជាជើងឯករង សក្កណា ត្រូវបានសាលាអញ្ជើញធ្វើជាវាគ្មិនចែករំលែកចំណេះដឹងដល់សិស្សប្អូនជាហូរហែ ជាពិសេសនាងមានឱកាសក្លាយជា គ្រូបង្វឹក និងគណៈកម្មការផ្ដល់ពិន្ទុ ក្នុងកម្មវិធីជជែកដេញដោល នៅសាលាប៊ែលធីអន្តរជាតិផងដែរ។ 
 
ក្រៅពីផ្ដល់ជាទុន ក្នុងការអភិវឌ្ឍសមត្ថភាពដល់ សក្កណា ការជជែកដេញដោលនេះ ក៏មានសារៈសំខាន់សម្រាប់សិស្ស និស្សិតដទៃ។ យុវតី សុង ច័ន្ទសក្កណា បរិយាយបែបនេះ៖ «ការ​ជជែក​ដេញ​ដោលមាន​សារៈសំខាន់ ព្រោះ​អាច​ជួយ​ដុស​ខាត់​វប្បធម៌​សន្ទនា​ដល់​យុវជន​ ជាពិសេស​ស្វែង​យល់ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម។ វា​បាន​ជួយ​ពង្រីក​នូវ​គំនិត​ដល់ឱ្យ​យុវជន​កាន់តែ​ទូលំទូលាយ»។​
 
តាមរយៈ​ការ​ប្រឡូក​នៅក្នុង​វិថី​ជជែក​ដេញ​ដោល យុវតី សក្កណា ទទួល​ស្គាល់​ថា​​ការជជែក​ដេញ​ដោល បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ការ​និយាយ​របស់​នាង។ លើសពីនេះ បាន​ធ្វើ​ឱ្យ​យុវតី​​រាង​ស្ដើងរូបនេះ មាន​សិល្បៈ​ក្នុង​ការ​និយាយ និង​រៀបពាក្យ​ពេចន៍​បាន​យ៉ាង​ប្រសើរផងដែរ។
 


កត្តាសំខាន់ ៤ នាំឱ្យយុវតី សុង ច័ន្ទសក្កណា ក្លាយជាអ្នកជជែកដេញដោលឆ្នើម
 
ទម្រាំមានសមត្ថភាពនិយាយជាសាធារណៈ និងអាចចូលរួមជជែកដេញដោលលើវេទិកា ដែលអាចទាក់ចិត្តអ្នកស្ដាប់បាន សក្កណា មានកត្តាសំខាន់ចំនួន ៤។ «កត្តាខ្លួនឯង,គ្រួសារ,សាលារៀន និងសង្គម» បានជំរុញឱ្យ សក្កណា មានសមត្ថភាពពង្រីកចំណេះដឹងក្លាយជាអ្នកជជែកដេញដោលឆ្នើមម្នាក់។
 
កញ្ញា សុង ច័ន្ទសក្កណា រៀបរាប់បែបនេះ៖«កត្តាខ្លួនឯង! អ្វីៗជោគជ័យ គឺដោយសារខ្លួនឯង ទោះបីមានអ្នកនៅជុំវិញខ្លួនគាំទ្រយ៉ាងណាក៏ដោយ បើយើងមិនគាំទ្រខ្លួនឯងទេ គឺយើងនឹងបរាជ័យ។ ជាពិសេស ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់។ កត្តាគ្រួសារ គឺឪពុកម្ដាយ បងប្អូន ពូមីងរបស់ខ្ញុំ បានគាំទ្រ»។ 
 
ក្រៅពីនេះ កត្តាសាលារៀន ក៏មានសារសំខាន់ផងដែរ។ សក្កណា បន្តបែបនេះ៖«ឱកាសដែលខ្ញុំបានក្លាយជាបេក្ខជនក្នុងកម្មវិធីជជែកដេញដោល គឺមានការជំរុញពីសាលារបស់ខ្ញុំ ដែលជួយបើកផ្លូវ ជាពិសេសលោកគ្រូអ្នកគ្រូ និងលោកនាយក។ កត្តាសង្គម ដោយសារតែមានសន្តិភាព ទើបធ្វើឱ្យខ្ញុំអាចចូលរួមប្រកួតបាន»។
 


ពីបេក្ខជនដែលខ្លាចការប្រកួតជជែកដេញដោល ទៅជាគ្រូបង្វឹកវ័យក្មេងម្នាក់
មិនធ្លាប់ស្រមៃ តែវាក្លាយជាការពិត! ក្រោយពីមានបទពិសោធច្រើនគួរសម លើជំនាញជជែកដេញដោល ជាពិសេសធ្លាប់ជាជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២កន្លង យុវតី សុង ច័ន្ទសក្កណា ត្រូវគណៈគ្រប់គ្រងសាលាប៊ែលធីផ្ដល់ឱកាសឱ្យក្លាយជាគ្រូបង្វឹក និងគណៈកម្មាការទាំងវ័យក្មេង។ លទ្ធផលដែល សក្កណា ទទួលបាននៅពេលនេះ ជាមោទកភាពថ្មីបន្ថែមសម្រាប់នាង។
 
«ខ្ញុំត្រេកអរ ក្នុងឱកាសក្លាយជាគ្រូបង្វឹកផង ជាគណៈកម្មការផង ដែលសាលាបានមើលឃើញពីគុណតម្លៃ និងពីភាពខំប្រឹងរបស់យើងស្ដែងចេញពីការប្រកួតផ្សេងៗ»។ នេះជារៀបរាប់របស់កញ្ញា សក្កណា រួចបន្តថា បើសិនជាជាប់ការប្រកួតហើយ បែរជាមិនបានចែករំលែកចំណេះលើវេទិកាផ្សេងៗ ប្រាកដណាស់បទពិសោធដែលទទួលបានពីការប្រកួតនោះ វានឹងរសាត់បាត់តែម្ដង។
 


តួនាទីជាបេក្ខជន ពិតជាខុសពីតួនាទីជាគ្រូបង្វឹក។ សម្រាប់សិស្សនិទ្ទេស A រូបនេះ ភារកិច្ចជាគ្រូបង្វឹក បានជំរុញឱ្យនាងចេះគិតគូរវែងឆ្ងាយ ថាតើធ្វើបែបណាទើបកូនក្រុមទទួលបានលទ្ធផលល្អ។ សក្កណា បន្ថែមថា៖ «ពេលខ្លះ យើងមិនអាចឱ្យពួកគាត់ ដើរតាមផ្លូវដែលយើងបានកំណត់ឱ្យគាត់បានទេ ក៏ប៉ុន្តែយើងអាចណែនាំគាត់ពីកំហុសឆ្គង ថាតើគួរកែតម្រូវដូចម្ដេច ដើម្បីដុសខាត់សមត្ថភាពឈានទៅ​រក​គោលដៅ​ដែល​ចង់​បាន​»។ 
 
គ្រូ​បង្វឹក​វ័យ​ក្មេង​រូបនេះ មាន​មោក​ភាព​ ដែល​ជា​ចំណែកមួយ​ជួយ​សង្គម តាម​រយៈ​ការ​ជួយ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​វ័យ​ក្មេង​ទាក់ទងនឹង​ការប្រកួត​ជជែក​ដេញ​ដោល។ ពី​សិស្ស​សាមញ្ញ ដែល​ចាំ​តែ​ទទួល​ការ​ណែនាំរបស់​លោកគ្រូអ្នកគ្រូ និង​រាម​ច្បង​ ក៏​ប៉ុន្តែ​បច្ចុប្បន្ននេះ សុង ច័ន្ទ​សក្កណា បាន​ប្រែក្លាយជា​ធនធាន​មនុស្ស​ម្នាក់ ចែក​រំលែក​វិជ្ជា​ដល់​សិស្ស​ប្អូនម្ដង៕ 
 


Tag:
 ជជែកដេញដោល
  សុង ច័ន្ទសក្កណា
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com