ជាតិ
សេដ្ឋកិច្ច
ស្ករត្នោតរបស់អ្នករស់នៅតំបន់អង្គរ!
05, Feb 2024 , 4:13 pm        
រូបភាព
៣០ឆ្នាំហើយ ដែលលោក ម៉ិ ឡូ ប្រកបរបរឡើងត្នោត និងផលិតស្ករត្នោត។ ដ្បិតរបរឡើងត្នោតនេះ ប្រឈមនឹងគ្រោះថ្នាក់បន្តិចក្តី តែវាបានជួយលោក ម៉ិ ឡូ ដោះស្រាយបញ្ហាជីវភាពបានមួយចំណែកធំ។



ជាអ្នកភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ត​សៀមរាប បុរសវ័យជាង៥០ឆ្នាំរូបនេះ បានជ្រើសរើសរបរឡើងត្នោត ដើម្បីរ៉ាប់រងចិញ្ចឹមគ្រួសារ និងកូនប្រុសស្រី៥នាក់ ។ តែបើសួរថា របរឡើងត្នោតនេះ ពិបាកដែរទេ ? ពិតណាស់លោក ម៉ិ ឡូ ប្រាកដជាផ្ដល់ចម្លើយដោយមិនអល់អែកថា របរនេះ ជារបរដែលហត់នឿយខ្លាំង តែដោយសារលោកពុំមានជម្រើសអ្វីផ្សេង ក៏សម្រេចចិត្តយកអាជីពនេះ ដើម្បីដោះស្រាយជីវភាពគ្រួសារ។​ 
  

«របរឡើងត្នោតគឺនឿយច្រើនគ្នា មានគ្នាប្រាំនាក់ នឿយទាំងប្រាំនាក់។ ខ្លះលាងបំពង់ ខ្លះរកអុស ខ្លះធ្វើនេះធ្វើនោះ ទាល់តែជួយគ្នាទើបបាន។ បើយើងអត់ជួយគ្នា យ៉ាប់ហើយ! ឈ្លោះគ្នាឥឡូវហើយ អ្នកឡើងត្នោត!» នេះជាសម្ដីរបស់លោក ម៉ិ ឡូ ថ្លែងប្រាប់សារព័ត៌មានអេឡិចត្រូនិចថ្មីៗ ។ 
 
ជារៀងរាល់ឆ្នាំ លោក ម៉ិ​ ឡូ តែងតែជួលដើមត្នោតរបស់អ្នកភូមិ ពី២៥ ទៅ៣០ដើម ដើម្បីឡើងយកទឹកត្នោត ក្នុងមួយថ្ងៃ២ដង នៅពេលព្រឹកព្រលឹម និងរសៀល។ តម្លៃនៃការជួលដើមត្នោត ១ដើម ២០០០០រៀលក្នុងមួយឆ្នាំ។ «ជួលគេ មួយដើម២ម៉ឺនក្នុងមួយឆ្នាំ។ ឡើងត្នោតមិនកើត ក៏គេគិតលុយ។ អ្នកខ្លះ គេយកលុយ អ្នកខ្លះគេយកស្ករ។ បើគេយកស្ករ មួយដើម ៥គីឡូ»។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ម៉ិ ឡូ។
 
ជាមធ្យម ទិន្នផលស្ករត្នោតដែលលោក ទទួលបានជារៀងរាល់ថ្ងៃ ចន្លោះពី១២ ទៅ១៣គីឡូក្រាម ។ សម្រាប់របរធ្វើស្ករត្នោតនេះ ត្រូវចាប់ផ្ដើមតាំងពីព្រលឹម រហូតដល់ម៉ោង៩យប់ ទើបចប់កិច្ចការសព្វគ្រប់ ។
 
គ្រួសារលោក​ ម៉ិ ឡូ ផលិតទាំងស្កររាវ (ស្ករខាប់) ស្ករផែន និងស្ករម្សៅ (ស្ករហុយ)។ តម្លៃលក់ស្ករទាំងបីប្រភេទនេះ ៥០០០រៀល(ប្រាំពាន់រៀល)ក្នុងមួយគីឡូ ឬអាចលើស ឬទាបជាងនេះ តាមតម្លៃទីផ្សារ។
 
តាមបទពិសោធន៍៣០ឆ្នាំមកនេះ លោក ម៉ិ ឡូ បានរៀបរាប់ថា ៖ «(របរឡើងត្នោត និងផលិតស្ករត្នោតនេះ) រស់ស្រួល! កូនបានរៀនសូត្រចប់ទាំងអស់»។
 
របរនេះ មានការហត់នឿយ និងប្រឈមគ្រោះថ្នាក់ខ្លាំង ជាពិសេសនៅដើមរដូវវស្សាមកដល់ ដូចជា ភ្លៀង ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។ ដ្បិតប្រឈមហានិភ័យខ្លះក្តី តែលោក ម៉ិ ឡូ នៅតែអះអាងថា លោកមិនបោះបង់របរនេះចោលឡើយ រហូតដល់កម្លាំងចុងក្រោយ។ «អាជីពនេះ អត់ចង់ចោល មិនដឹងទៅរកមុខរបរអីផ្សេងផង។ ប៉ុននេះហើយ មិនលះបង់ទេ ឲ្យតែនៅកម្លាំង»។ នេះបើតាមលោក ឡូ៕

Tag:
 ស្ករត្នោត
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com