អន្តរជាតិ
និស្សិតសកលវិទ្យាល័យថៃ ត្រូវធ្វើតេស្តភាសាអង់គ្លេស ទើបអាចបញ្ចប់ការសិក្សា
29, Jan 2024 , 9:09 am        
រូបភាព
និស្សិតសកលវិទ្យាល័យនៅថៃ ត្រូវតែងឆ្លងកាត់ការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសសិន មុនពេលពួកគេបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា។​ ការធ្វើតេស្តនេះ ជាការចង្អុលផ្ទាល់ដោយនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ដើម្បីជំរុញចំណេះដឹងផ្នែកភាសា ស្របពេលសិក្សាដែលចេញនៅចុងឆ្នាំមុនបង្ហាញថា សិស្សថៃមានចំណាត់ថ្នាក់ទាប។

 
អ្នកនាំពាក្យរដ្ឋាភិបាលថៃ Chai Wacharonke និយាយថា និស្សិតសកលវិទ្យាល័យទាំងអស់ ត្រូវធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសតាមប្រព័ន្ធ Common European Framework of Reference for Languages (CEFR)។ សាលានីមួយៗ ជាអ្នកកំណត់វិញ្ញាសាខ្លួនឯង តែការវាយតម្លៃត្រូវអនុវត្តតាម CEFR ដែលមានចំណាត់ថ្នាក់ទាបបំផុត A1 និងខ្ពស់បំផុត C2 ។
 
មុនទទួលសញ្ញាប័ត្រ និស្សិតថ្នាក់ជំនាញ ត្រូវទទួលបានកម្រិតភាសាអង់គ្លេស B1 សម្រាប់ថ្នាក់បរិញ្ញាប័ត្រត្រូវមាន B2 ហើយថ្នាក់ក្រោយឧត្តមសិក្សាត្រូវមាន C1 ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៦ ខែមករា។ ជាមួយគ្នានេះ បណ្ដាសកលវិទ្យាល័យ ក៏ត្រូវផ្ដល់ឱកាសសម្រាប់និស្សិតទទួលបានការបណ្ដុះបណ្ដាលភាសាអង់គ្លេសឱ្យបានល្អផងដែរ។
 
លោក សេដ្ឋា ថាវីស៊ីន បានណែនាំឱ្យធ្វើតេស្តនេះកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជំរុញសមត្ថភាពភាសាអង់គ្លេសក្នុងចំណោមនិស្សិតថៃ។ ការណែនាំធ្វើឡើងក្រោយរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) ចាត់ថ្នាក់កម្រិតភាសារបស់សិស្សទាប់បំផុតនៅរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ថៃស្ថិតក្នុងចំណោមប្រទេសខ្សោយការអាន ជាមួយនឹងកូស្តារីកា ហ្វាំងឡង់ អ៊ីស្លង់ ហូឡង់ ស្លូវ៉ាគី និងស៊ុយអែត។
 
«នាយករដ្ឋមន្ត្រីចង់ឃើញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមស្របទៅនឹងទីផ្សារការងារ ជាមួយនឹងស្តង់ដារសមត្ថភាពភាសាដែលទទួលស្គាល់ជាសាកល។» អ្នកនាំពាក្យរដ្ឋាភិបាលថៃបញ្ជាក់បែបនេះ មុនបន្តថា ការចេះស្ទាត់ភាសាអង់គ្លេស មានប្រយោជន៍សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការស្រាវជ្រាវ។
 
បើតាមលោក Chai បណ្ដាសកលវិទ្យាល័យ ក៏ត្រូវផ្ដល់ឱកាសសម្រាប់និស្សិតទទួលបានការបណ្ដុះបណ្ដាលភាសាអង់គ្លេសឱ្យបានល្អ ទាំងកម្មវិធីសិក្សា ការបង្រៀន និងសកម្មភាពជំរុញការៀនផងដែរ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com